សម្តេចតេជោ ហ៊ុន សែន បានបង្ហាញចំណារចំនួន ៤ ក្នុងពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី បានចារលើខិតជំរុញដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដែលជាគន្លឹះសម្រាប់ជោគជ័យនៃកំណែទម្រង់វិស័យផ្សេងទៀតនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញចំណារចំនួន ៤ ក្នុងពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី បានចារលើខិតជំរុញដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដែលជាគន្លឹះសម្រាប់ជោគជ័យនៃកំណែទម្រង់វិស័យផ្សេងទៀតនៅកម្ពុជា។
លើបណ្ដាញសង្គមនាថ្ងៃទី៦ មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានបញ្ជាក់ថា៖ «ខ្ញុំទើបរកឃើញចំណាររបស់ខ្ញុំលើលិខិតរបស់ឯកឧត្តម គង់ វិបុល ទាក់ទងដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ពិសេស ការប្រមូលចំណូលចូលថវិកាជាតិ។ ការលូកដៃរបស់នាយករដ្ឋមន្ត្រីចូលគាំទ្រអង្គភាពពន្ធដារ មិនត្រឹមតែមិនមែនជាកំហុសនោះទេ ប៉ុន្តែវាបង្ហាញនូវចំណុចខ្លាំងដើម្បីជោគជ័យកំណែទម្រង់រដ្ឋ ដែលក្នុងនោះ កំណែទម្រង់ហិរញ្ញវត្ថុ សាធារណៈជាគន្លឹះសម្រាប់ជោគជ័យនៃកំណែទម្រង់វិស័យផ្សេងទៀត។»
សម្ដេចតេជោបន្តថា ចំណារទាំង៤នេះជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្ស (ប្រាក់ខែតិចហើយអត់សាច់ប្រាក់បើកជូនទៀត) មកជាមានសាច់ប្រាក់បើកជាមួយនឹងការបង្កើនបៀវត្សជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ហើយរដ្ឋាភិបាលក៏មានសាច់ប្រាក់សម្រាប់ការវិនិយោគសាធារណៈដូចជា ផ្លូវ ស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ និងការចំណាយលើការអនុវត្តគោលនយោបាយគាំពារសង្គម ។ល។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា៖ «ភាពធន់ខាងសេដ្ឋកិច្ចរបស់យើង បង្ហាញច្បាស់ពីដំណាក់កាលកូវីដ១៩ ឆ្នាំ២០២០ រហូតមកដល់នេះ ដែលយើងមានសាច់ប្រាក់គ្រប់គ្រាន់ដំឡើងបៀវត្ស និងបើកបៀវត្ស២ដងក្នុង១ខែ ជាមួយនឹងការអនុវត្តគោលនយោបាយ គាំពារសង្គម និងការវិនិយោគសាធារណៈផ្សេងទៀត»។
សម្តេចអតីតនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា៖ «ចំណាររបស់ខ្ញុំ នាពេលនោះ មុតជាងផ្លែដាវទៅទៀត តែខ្ញុំមិនខ្លាច មិនចុះញ៉ម ព្រោះវាជាផលប្រយោជន៍ជាតិ និងប្រជាជន។ ម្យ៉ាងទៀតប្រទេសកម្ពុជា ខុសប្លែកពីប្រទេសផ្សេងទៀត ព្រោះយើង ត្រូវរៀបចំឡើងវិញទាំងអស់ ក្រោយរបបប៉ុលពត ដូចនេះ តម្រូវឱ្យនាយករដ្ឋមន្ត្រី មានសេចក្តីក្លាហាន ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ »។
សម្ដេចតេជោ បានសូមអធ្យាស្រ័យដោយចំណាររបស់សម្ដេច អក្សរមិនស្អាត ថែមទាំងខុសអក្ខរាវិរុទ្ធទៀតផង (សូមមើលអត្ថបទចម្លង) ៕




