សេតវិមានបានប្រកាសបេក្ខជនឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ក្រោយតំណែងនេះត្រូវបានរ៉ាប់រងដោយភារធារីអស់រយៈពេលជាង ២ឆ្នាំ។ អ្នកជំនាញភូមិសាស្ត្រនយោបាយចាត់ទុកការតែងតាំងនេះថា ជាសញ្ញាវិជ្ជមានមួយនៃការវិវឌ្ឍទំនាក់ទំនងស្មើមុខស្មើមាត់រវាងកម្ពុជា និងសហរដ្ឋអាមេរិក។
កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលលោក ដូណាល់ ត្រាំ បានបញ្ជូនឈ្មោះរបស់លោកChristopher Anderson ជាបេក្ខជនឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ទៅកាន់ព្រឹទ្ធសភា ដើម្បីសុំការគាំទ្រ មុនពេលលោកអាចមកបំពេញបេសកកម្មការទូតជាផ្លូវការនៅកម្ពុជា។ លោក Christopher Anderson គឺជាអ្នកការទូតអាជីព ដែលបានចូលបម្រើការងារក្នុងក្រសួងការបរទេសអាមេរិកតាំងពីឆ្នាំ២០០៥។ លោកធ្លាប់បំពេញបេសកកម្មនៅប្រទេសរុស្ស៊ី អាមេនី ម៉ុងហ្គោលី និងអ៊ុយក្រែន។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃទី៤ ខែមិថុនានេះថា ការប្រកាសបេក្ខជនឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំនៅភ្នំពេញ គឺជាសញ្ញាបង្ហាញពីវឌ្ឍនភាពវិជ្ជមាននៃទំនាក់ទំនងស្មើភាពគ្នារវាងប្រទេសទាំងពីរ។
លោកបណ្ឌិតមានប្រសាសន៍ថា ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ បានបង្ហាញសុឆន្ទៈក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើនដែលជាផលប្រយោជន៍រួម។ ទោះបីនៅមានទស្សនៈខុសគ្នាលើបញ្ហាមួយចំនួនក៏ដោយ ក៏កម្ពុជា និងសហរដ្ឋអាមេរិកនៅតែបន្តធ្វើការជាមួយគ្នាលើវិស័យសំខាន់ៗ ដូចជា បរិស្ថាន អប់រំ សុខាភិបាល និងការបង្ក្រាបបទល្មើសឆ្លងដែនជាដើម។ លោកបណ្ឌិតចាត់ទុកកិច្ចសហការទាំងនេះថា ជាសូចនាករបង្ហាញពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។
លោកបណ្ឌិត គិន ភា បន្ថែមថា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ កម្ពុជា និងសហរដ្ឋអាមេរិកត្រូវយល់ដឹងពីផលប្រយោជន៍ និងអាទិភាពយុទ្ធសាស្ត្ររបស់គ្នាទៅវិញទៅមក។ លោកបន្តថា ការធ្វើឱ្យប្រសើរឡើងនូវលំហប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្សនៅកម្ពុជា ក៏ជាមូលដ្ឋានសំខាន់មួយសម្រាប់ពង្រឹងស្ថិរភាព និងសុខភាពល្អនៃទំនាក់ទំនងទ្វេភាគីផងដែរ។
សូមរំលឹកថា អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy បានបញ្ចប់បេសកកម្មរបស់លោកកាលពីឆ្នាំ២០២៤។ ចាប់តាំងពីពេលនោះមក ស្ថានទូតអាមេរិកនៅភ្នំពេញត្រូវបានដឹកនាំដោយភារធារី គឺ លោកស្រី Bridgette L. Walker ដែលទើបបញ្ចប់អាណត្តិរបស់ខ្លួននាពេលថ្មីៗនេះ។
អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ធ្លាប់បានតែងតាំងបេក្ខជនម្នាក់មកទទួលតំណែងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាផងដែរ ប៉ុន្តែដោយសារមានបញ្ហានីតិវិធីផ្ទៃក្នុង បេក្ខជនរូបនេះមិនបានមកកាន់តំណែងឡើយ៕
ដោយ៖ វណ្ណលុក






























