ប្រទេសថៃបានប្រកាសពីការត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចូលរួមក្នុងដំណើរការសម្របសម្រួលដែលគាំទ្រដោយអង្គការសហប្រជាជាតិ តាមការផ្តួចផ្តើមរបស់ប្រទេសកម្ពុជា ជុំវិញវិវាទដែនសមុទ្រត្រួតស៊ីគ្នា ដែលជាតំបន់សម្បូរទៅដោយប្រភពថាមពល ជាមួយតម្លៃប៉ាន់ស្មានប្រមាណ ៣០០ពាន់លានដុល្លារអាមេរិក។
កម្ពុជាបានចាប់ផ្តើមដំណើរការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយវិវាទដែនសមុទ្រត្រួតស៊ីគ្នាដោយសន្តិវិធី បន្ទាប់ពីភាគីថៃបានលុបចោលក្របខ័ណ្ឌចរចារទ្វេទាគីឆ្នាំ២០០១។
ភាគីថៃបានបង្ហាញជំហរប្រែប្រួលជាច្រើនដងជំវិញយន្តការនេះ មុននឹងសម្រេចចិត្តប្រកាសជាផ្លូវការកាលពីថ្ងៃទី៣ឧសភាថា ត្រៀមខ្លួនរួចហើយ ដើម្បីចូលរួមក្នុងដំណើរការសម្របសម្រួលដោយអង្គការសហប្រជាជាតិ តាមការផ្តួចផ្តើមរបស់ប្រទេសកម្ពុជា ទោះបីជាថៃទទួចចង់បន្តចរចារទ្វេភាគីជាមួយកម្ពុជាជាមុនសឹន។ រដ្ឋមន្រ្តីការបរទេសថៃយកលេសថា យន្តការសម្របសម្រួលដោយបង្ខំអាចប្រើពេលយូរ ដូចករណីទីម័រឡេស្តេ និងអូស្ត្រាលី ដែលប្រើពេលជិតពីរឆ្នាំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍កាលពីថ្ងៃអង្គារថា រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមដំណើរការសម្របសម្រួលនេះ គឺក្នុងគោលបំណង ដើម្បីការពារអធិបតេយ្យភាព និងសិទ្ធិដែនសមុទ្ររបស់កម្ពុជា ស្របតាមច្បាប់អន្តរជាតិ។ រីនាយករដ្ឋមន្ត្រីថៃវិញបានលើកឡើងថា ប្រទេសថៃមិនផ្លាស់ប្តូរជំហរដោះស្រាយបញ្ហាដែនសមុទ្រជាមួយកម្ពុជាតាមច្បាប់អន្តរជាតិនោះទេ។
ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កម្ពុជាបានជ្រើសរើសអ្នកច្បាប់អន្តរជាតិល្បីៗចំនួន ២រូប ដើម្បីធ្វើជាអ្នកផ្សះផ្សាក្នុងវិវាទដែនសមុទ្រនេះ ក្នុងនោះមានលោក ភីធឺ ថាក់សូ-ជេនសិន (Peter Taksoe-Jensen) ជនជាតិដាណឺម៉ាក ដែលជាអ្នកជំនាញច្បាប់ដ៏មានបទពិសោធន៍ខ្ពស់ និងធ្លាប់ធ្វើជាប្រធានគណៈកម្មការសម្រុះសម្រួលបញ្ហាព្រំដែនសមុទ្រ ទីម័រឡេស្តេ និងអូស្ត្រាលី។ អ្នកផ្សះផ្សារម្នាក់ទៀតរបស់កម្ពុជា គឺលោក ហ្សង់-ម៉ាក ធូវីណាំង (Jean-Marc Thouvenin) អ្នកសិក្សាស្រាវជ្រាវ និងជាអ្នកជំនាញច្បាប់អន្តរជាតិជនជាតិបារាំង។

























