ការដែលប្រទេសគីហ្ស៊ីស្ថានទទួលបានអាសនៈជា «សមាជិកមិនអចិន្ត្រៃយ៍» នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ២០២៧-២០២៨ កំពុងត្រូវបានមើលឃើញថា ជាឱកាសការទូតដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការពង្រឹងបណ្តាញមិត្តភាពអន្តរជាតិ និងស្វែងរកការគាំទ្រលើបញ្ហាដែលកំពុងប្រឈម ពិសេសបញ្ហាព្រំដែនជាមួយប្រទេសថៃ។
គីហ្ស៊ីស្ថានបានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ ដោយទទួលបានជ័យជម្នះលើហ្វីលីពីនក្នុងការបោះឆ្នោតជាច្រើនជុំ ដើម្បីក្លាយជាតំណាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅក្នុងស្ថាប័នសន្តិសុខដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក។ សម្រាប់ប្រទេសកម្ពុជា ការឡើងមកកាន់តួនាទីសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរបស់ប្រទេសជាមិត្តចាស់មួយនេះ គឺមានអត្ថន័យលើសពីទំនាក់ទំនងទ្វេភាគីធម្មតា។
ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា គីហ្ស៊ីស្ថាន និងកម្ពុជា មានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយគ្នាតាំងពីសម័យអតីតសហភាពសូវៀត ហើយបានបង្កើតទំនាក់ទំនងការទូតផ្លូវការតាំងពីឆ្នាំ១៩៩៣។ អស់រយៈពេលជាងបីទសវត្សរ៍កន្លងទៅនេះ ប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាពហុភាគី ជាពិសេសក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
ទំនាក់ទំនងដ៏យូរអង្វែងនេះ ត្រូវបានគេមើលឃើញថា អាចក្លាយជាទុនការទូតដ៏សំខាន់សម្រាប់កម្ពុជា ខណៈដែលរាជរដ្ឋាភិបាលកំពុងបន្តប្រមូលការគាំទ្រពីសហគមន៍អន្តរជាតិចំពោះបញ្ហានានាដែលខ្លួនកំពុងប្រឈម ជាពិសេសសការរំលោភបំពានអធិបតេយ្យភាពពីសំណាក់ភាគីថៃ និងការដោះស្រាយវិវាទព្រំដែនសមុទ្រត្រួតស៊ីគ្នាជាមួយថៃដោយសន្តិវិធី។
អ្នកនាំពាក្យរងក្រសួងការបរទេសបានបញ្ជាក់ថា កម្ពុជាស្វាគមន៍ការជាប់ឆ្នោតរបស់គីហ្ស៊ីស្ថាន និងចាត់ទុកថា នេះជាឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការទូតជាមួយប្រទេសអាស៊ីកណ្តាលមួយនេះឱ្យកាន់តែស៊ីជម្រៅ។ ទោះជាយ៉ាងណា លោកបានគូសបញ្ជាក់ថា ការដោះស្រាយបញ្ហានៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនអាចពឹងផ្អែកលើការគាំទ្រពីប្រទេសណាមួយបានឡើយ ព្រោះយន្តការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ UN ត្រូវការសំឡេងគាំទ្រពីសមាជិកភាគច្រើន និងមិនត្រូវមានការប្រើសិទ្ធិវេតូពីសមាជិកអចិន្ត្រៃយ៍ទាំងប្រាំនោះទេ។
កន្លងមក កម្ពុជាបានបញ្ជូនបេសកជនពិសេស គឺឯកឧត្តម សុខ ស៊ីផាន់ណា ដើម្បីជួបពិភាក្សាជាមួយបណ្តាប្រទេសសមាជិកអង្គការសហប្រជាជាតិ ដើម្បីពន្យល់ពីស្ថានការណ៍ជាក់ស្តែងពាក់ព័ន្ធនឹងបញ្ហាព្រំដែន។ កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានរំពឹងថានឹងបន្តទទួលបានការគាំទ្រពីបណ្តាប្រទេសជាមិត្ត រួមទាំងគីហ្ស៊ីស្ថានផងដែរ។
ក្រសួងការបរទេសក៏បានបញ្ជាក់ដែរថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខសារជាថ្មី ប្រសិនបើមានស្ថានការណ៍ចាំបាច់ណាមួយកើតឡើង ដែលទាមទារឱ្យសហគមន៍អន្តរជាតិចូលរួមពិនិត្យ និងដោះស្រាយ។
សូមបញ្ជាក់ថា ក្រៅពីគីហ្ស៊ីស្ថាន ប្រទេសចំនួន៤ទៀតក៏បានជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៧-២០២៨ ផងដែរ គឺប្រទេសអូទ្រីស ព័រទុយហ្គាល់ ទ្រីនីដាដ តូបាហ្គោ និងហ្ស៊ីមបាវ៉េ៕

























