បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទូតថ្មីសិង្ហបុរី បង្ហើបពីគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញឯកទេស (TVET) សម្រាប់ពលរដ្ឋកម្ពុជា ដែលមានបំណងស្វែងរកការងារនៅប្រទេសសិង្ហបុរី

ទូតថ្មីសិង្ហបុរី បង្ហើបពីគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញឯកទេស (TVET) សម្រាប់ពលរដ្ឋកម្ពុជា ដែលមានបំណងស្វែងរកការងារនៅប្រទេសសិង្ហបុរី

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរី បានបង្ហើបពីគម្រោងបង្កើតមជ្ឈមណ្ឌលមួយ ដើម្បីលើកកម្ពស់ការអប់រំ សមត្ថភាពជំនាញ សិស្ស និស្សិត មន្ត្រីរាជការកម្ពុជា ក្នុងនោះ ក៏មានការបណ្តុះបណ្តាលជំនាញឯកទេស (TVET) សម្រាប់ពលរដ្ឋកម្ពុជា ដែលមានបំណងស្វែងរកការងារនៅប្រទេសសិង្ហបុរីផងដែរ ។

Advertisement

ប្រាប់អ្នកសារព័ត៌មានក្រៅយជំនួបដែលសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតិឱ្យឯកឧត្តម PANG Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី០៥ មិថុនា ឆ្នាំ២០២៦ ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្ដេចប្រធានសភា បានឱ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្តម PANG Chee Wee បានគូសបញ្ជាក់ថា ទំនាក់ទំនងប្រទេសទាំងពីរ ត្រូវបានលើកកម្ពស់ដោយថ្នាក់ដឹកនាំទាំងពីរប្រទេសគ្រប់ជំនាន់ ជាពិសេស នៅក្នុងពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី។ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក និងបានជួបគ្នាជាញឹកញាប់នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ។

ឯកឧត្តម បានជម្រាបសម្តេចពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ។ ក្នុងនោះ ស្ថានទូតសិង្ហបុរី បានបង្កើតមជ្ឈមណ្ឌលមួយ ដើម្បីលើកកម្ពស់ការអប់រំ សមត្ថភាពជំនាញ សិស្ស និស្សិត មន្ត្រីរាជការកម្ពុជា ។ មជ្ឈមណ្ឌលដែលអនុវត្តនយោបាយឈ្នះ-ឈ្នះ នាំមកនូវផលប្រយោជន៍ជូនប្រទេសទាំងសងខាងនោះ ក៏មានការបណ្តុះបណ្តាលជំនាញឯកទេស (TVET) សម្រាប់ពលរដ្ឋកម្ពុជា ដែលមានបំណងស្វែងរកការងារនៅប្រទេសសិង្ហបុរីផងដែរ ។

ជាមួយគ្នានេះ ឯកឧត្តមបញ្ជាក់ថា កម្ពុជា និងសិង្ហបុរី នៅមានសក្តានុពលជាច្រើនទៀតដែលត្រូវភ្ជាប់ទំនាក់ទំនងជាមួយគ្នា ដូចជាវិស័យទេសចរណ៍ ពិសេសអេកូទេសចរណ៍ កសិកម្ម ជាដើម។ ឯកឧត្តមបញ្ជាក់ថា ពលរដ្ឋសិង្ហបុរីមានការពេញចិត្តអង្ករកម្ពុជាជាខ្លាំង។

ក្នុងជំនួបនេះ សម្តេចប្រធានរដ្ឋសភា សូមស្វាគមន៍ចំពោះវត្តមានឯកឧត្តម ប៉ាង ឈី វី និងបានអបអរសាទរចំពោះ ឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ។

ឯកឧត្តម កែវ ពិសិដ្ឋ បានប្រាប់អ្នកសារព័ត៌មាបន្ថែមថា កម្ពុជា និងសិង្ហបុរី គឺជារដ្ឋតូចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលគោរពច្បាប់អន្តរជាតិ ការពារសន្តិភាព ការពារបូរណភាពទឹកដី ឯករាជ្យភាព និងលើកកម្ពស់គោលការណ៍ពហុនិយម ។ ក្នុងន័យនេះ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា នៅក្នុងបរិបទបច្ចុប្បន្ននេះ ដែលពិភពលោកប្រឈមបញ្ហាស្មុគស្មាញ ហ៊ុមព័ទ្ធដោយសង្គ្រាម រួមផ្សំនឹងការប្រែប្រួលធម្មជាតិផង ក្នុងឋានៈជារដ្ឋតូច ត្រូវបន្តគាំទ្របរិយាកាសអន្តរជាតិដែលផ្អែកលើច្បាប់ សំដៅរក្សាបាននូវស្ថិរភាព និងការអភិវឌ្ឍយូរអង្វែង ។

សម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្ត និងគាំទ្រពេញទំហឹងចំពោះគម្រោងការងាររបស់ឯកឧត្តមឯកអគ្គរដ្ឋទូត និងស្នើបន្ថែមដល់ឯកឧត្តម ជួយជំរុញការវិនិយោគលើវិស័យអប់រំ សុខាភិបាល និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាផងដែរ ។ សម្តេច បញ្ជាក់ថា សិង្ហបុរី មានការរីកចម្រើនឧស្សាហកម្មធំៗ ដូច្នេះដើម្បីគាំទ្រដល់ដំណើរការនោះ សិង្ហបុរី ក៏គួរចែករំលែកផ្នែកតូចៗ ដែលផ្គត់ផ្គង់ច្រវ៉ាក់ផលិតកម្មធំៗនៅកម្ពុជា ។

ជាមួយនេះ សម្តេចប្រធានរដ្ឋសភា ក៏បានស្នើដល់សិង្ហបុរី គាំទ្រខាងបច្ចេកវិទ្យា (AI) ដល់រដ្ឋសភាកម្ពុជាផងដែរ ។ រដ្ឋសភា នីតិកាលទី៧ កំពុងធ្វើកំណែទម្រង់ និងអភិវឌ្ឍស្ថាប័នជាសភាឌីជីថល ដែលទាមទារការបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកបច្ចេកវិទ្យា (AI) ដើម្បីប្រសិទ្ធភាពការងារ និងគ្រប់គ្រងរដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពឡើង ។

គួរបញ្ជាក់ថា ទាក់ទងជាមួយកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ដែលបានបើកកម្មវិធីនៅខែមករា ឆ្នាំ២០២៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០២៦ មានយុវជន និងពលរដ្ឋទូទៅ ២៧ម៉ឺននាក់ ទទួលបានការបណ្ដុះបណ្ដាល ។ ទន្ទឹមនឹងនោះ ពលករខ្មែរ ដែលធ្វើការនៅក្រៅប្រទេសមានចំនួន ៨ទីផ្សារគោលដៅ រួមមាន៖ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី ហុងកុង និងអារ៉ាប៊ីសាអូឌីត ជាដើម ។ នេះបើតាម ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់បណ្ដាញព័ត៌មាន AMS ៕

អត្ថបទ៖ វណ្ណលុក
រូប៖ ហេង សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា