នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យគម្រោងការងារជួសជុលនៅប្រាសាទមេបុណ្យខាងលិច។
ក្នុងពេលនោះដែរ ក្រុមអ្នកជំនាញការខ្មែរ បានធ្វើបទបង្ហាញគម្រោងការងារផ្សេងៗដល់អ្នកជំនាញការអាដហុក ពាក់ព័ន្ធនឹងការជួសជុល អភិរក្ស ការរៀបចំវង់ទស្សនានៃប្រាសាទមេបុណ្យខាងលិច ដើម្បីទទួលបានការពិនិត្យ វាយតម្លៃ និងផ្តល់អនុសាសន៍បន្ថែម ដើម្បីឱ្យការងារអនុលោមតាមធម្មនុញ្ញអង្គរ និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសកម្រិតអន្តរជាតិ។
នេះជាថ្ងៃបញ្ចប់ហើយ ដែលក្រុមអ្នកជំនាញការ ចុះពិនិត្យការងារនៅតាមការដ្ឋាននានា មុននឹងកិច្ចប្រជុំធំនៃគណៈកម្មាធិការអន្តរជាតិមួយនេះ រៀបចំធ្វើចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ដែលជាកិច្ចប្រជុំបច្ចេកទេសលើកទី៤២។
ក្នុងរយៈពេលមួយសប្ដាហ៍កន្លងទៅ ក្រុមអ្នកជំនាញការអាដហុក បានចុះពិនិត្យការដ្ឋានមួយចំនួនដូចជា ប្រាសាទបាគង ប្រាសាទបន្ទាយសំរ៉ែ ប្រាសាទតាព្រហ្ម ប្រាសាទបក្សីចាំក្រុង បារាយណ៍ខាងកើត ប្រាសាទតាសោម រាជវាំងអង្គរធំ (ប្រាសាទភិមានអាកាស) ប្រាសាទតានៃ ប្រាសាទបាយ័ន ប្រាសាទភ្នំក្រោម ប្រាសាទអង្គរវត្ត និងចុងក្រោយប្រាសាទមេបុណ្យខាងលិច៕
អត្ថបទ: យី សុថា
រូបភាព: ភោគ ជា / ស៊ិន ប្រណី