ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា កិច្ចការអាទិភាពដែលត្រូវបន្តអនុវត្តសម្រាប់ខេត្តព្រះសីហនុ គឺការពង្រឹងខឿនសេដ្ឋកិច្ច និងការលើកកម្ពស់គុណភាពសេវាសាធារណៈ ដើម្បីធានាថាប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនា មានការងារ មានប្រាក់ចំណូល មានប្រាក់សន្សំ និងអាចកាត់បន្ថយបន្ទុកបំណុលគ្រួសារ។
ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត ដែលបានរៀបចំឡើងនារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ។
ឯកឧត្តម សាយ សំអាល់ បានជំរុញឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាប និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ឱ្យអស់ពីខេត្តព្រះសីហនុ ដើម្បីស្តារនិងរក្សាកេរ្តិ៍ឈ្មោះល្អរបស់ខេត្តឡើងវិញ។
ជាមួយគ្នានេះ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ ត្រូវបន្តសហការគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈឱ្យបានរឹងមាំ ដើម្បីធានាបរិយាកាសប្រកបដោយភាពកក់ក្តៅ និងទំនុកចិត្តសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងធានាភាពរលូននៃការធ្វើដំណើរចេញចូលតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវសមុទ្រ។
ឯកឧត្តមក៏បានណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នារក្សាកេរ្តិ៍ឈ្មោះ និងសុវត្ថិភាពកំពង់ផែក្រុងព្រះសីហនុឱ្យបានល្អដើម្បីបង្កើនប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចជាតិ។
ទន្ទឹមនឹងនេះ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះសំណូមពរ និងតម្រូវការនានារបស់តំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្ត ព្រោះតំបន់ទាំងនេះជាប្រភពសំខាន់នៃការបង្កើតការងារ ប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ និងជាចលករសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ។
ឯកឧត្តមក៏បានសង្កត់ធ្ងន់លើការបន្តពង្រីក និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ដោយជំរុញការសាងសង់ និងភ្ជាប់បណ្តាញផ្លូវថ្នល់ពីតំបន់មួយទៅតំបន់មួយ និងតភ្ជាប់ទៅកាន់បណ្តាខេត្តផ្សេងៗ ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន និងការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ឆ្នេរ។
ដោយឡែក ក្នុងវិស័យអប់រំ ឯកឧត្តមបានអំពាវនាវឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតក្នុងការរៀនសូត្រ ដោយមិនត្រូវផ្តោតតែទៅលើការប្រឡងជាប់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវបណ្តុះសមត្ថភាពគិតវិភាគ ភាពច្នៃប្រឌិត និងនវានុវត្តន៍។ ក្នុងន័យនេះ សាលារៀនត្រូវបានបំពាក់ប្រព័ន្ធអ៊ីនធឺណិតឱ្យកាន់តែទូលំទូលាយ ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ក្នុងការសិក្សាស្រាវជ្រាវ ស្វែងរកព័ត៌មានថ្មីៗ និងពង្រីកចំណេះដឹងពីពិភពលោក។
សម្រាប់ការអភិវឌ្ឍកោះរ៉ុង ឯកឧត្តមបានឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តជំរុញការចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់ ដើម្បីធានាសិទ្ធិកាន់កាប់ស្របច្បាប់ជូនប្រជាពលរដ្ឋ បង្កើនទំនុកចិត្តក្នុងការវិនិយោគ និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅលើកោះឱ្យកាន់តែប្រសើរឡើង៕
អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ
























































