បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមសាយ សំអាល់ លើកទឹកចិត្តខេត្តព្រះសីហនុ កំពត និងកែប បណ្តុះធនធានមនុស្សជំនាន់ថ្មីប្រកបដោយនវានុវត្តន៍ ​

ឯកឧត្តមសាយ សំអាល់ លើកទឹកចិត្តខេត្តព្រះសីហនុ កំពត និងកែប បណ្តុះធនធានមនុស្សជំនាន់ថ្មីប្រកបដោយនវានុវត្តន៍ ​

ការវិនិយោគលើវិស័យអប់រំ គឺជាកិច្ចការអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាល ដើម្បីកសាងធនធានមនុស្សសម្រាប់អនាគតជាតិ។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបង្ហាញក្តីរំពឹងថា ខេត្តព្រះសីហនុ ​កំពត និង​កែប នឹងអាចបណ្តុះបាននូវធនធានមនុស្សជំនាន់ថ្មី ដែលមានភាពនវានុវត្តន៍ ពោរពេញដោយក្តីសង្ឃឹម និងមានទំនុកចិត្តលើសមត្ថភាពខ្លួនឯង។
 
កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បាន​អញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលអំណោយសម្ភារៈកីឡាឆ្នាំ២០២៦ របស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ ជូនដល់សាលារៀនក្នុងខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។
 
ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តជាប់សមុទ្រទាំង៣នេះ ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាមន្ទីរ អង្គភាពពាក់ព័ន្ធ និងក្រុមការងារអប់រំទាំងអស់ ជាពិសេស​មន្ទីរអប់រំ យុវជន និងកីឡា ដែលបានសហការយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍវិស័យអប់រំ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ ដែលបានបន្តរក្សាកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ព្រមទាំងបានផ្តល់សម្ភារៈកីឡាដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំ និងកីឡា។
 
ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា ទោះបីអំណោយដែលផ្តល់ជូននាពេលនេះជាសម្ភារៈកីឡាក៏ដោយ ប៉ុន្តែវាមានអត្ថន័យលើសពីតម្លៃសម្ភារៈ ព្រោះវាតំណាងឱ្យក្តីសង្ឃឹម និងការរួមចំណែកជាមួយខេត្តព្រះសីហនុក្នុងការកសាងធនធានមនុស្សសម្រាប់អនាគត។ ឯកឧត្តមបានបញ្ជាក់ថា វិស័យអប់រំ គឺជាវិស័យអាទិភាព និងជាកិច្ចការគន្លឹះមួយដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង។
 
ឯកឧត្តមបានលើកឡើងថា បន្ទាប់ពីឆ្លងកាត់ដំណាក់កាលជាច្រើនក្នុងប្រវត្តិសាស្ត្រ កម្ពុជាបានឈានមកដល់ដំណាក់កាលមួយដែលមានការឯកភាពជាតិ និងការដាស់ស្មារតីជាតិយ៉ាងរឹងមាំ ដែលជាកម្លាំងជំរុញឱ្យប្រជាជនទាំងអស់បន្តដំណើរទៅមុខដោយក្តីសង្ឃឹម និងមោទនភាព។ ក្នុងន័យនេះ ការវិនិយោគលើវិស័យអប់រំ គឺជាទិសដៅត្រឹមត្រូវបំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិរយៈពេលវែង។
 
ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តទាំងបី ឯកឧត្តមបានចាត់ទុកការងារអប់រំជាអាទិភាព និងបានបង្ហាញក្តីរីករាយដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងបេសកកម្មកសាងធនធានមនុស្សសម្រាប់ថ្ងៃអនាគត។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីចង់ឃើញខេត្តព្រះសីហនុ កំពត និងកែប បណ្តុះបាននូវយុវជនជំនាន់ថ្មី ដែលមានគំនិតច្នៃប្រឌិត មានស្មារតីនវានុវត្តន៍ ពោរពេញដោយក្តីសង្ឃឹម និងមានទំនុកចិត្តលើខ្លួនឯង។
 
ដើម្បីសម្រេចគោលដៅនេះ ឯកឧត្តមបានជំរុញឱ្យក្រុមការងារគ្រប់លំដាប់ថ្នាក់ ផ្តោតការយកចិត្តទុកដាក់លើការរៀបចំបរិស្ថានសាលារៀន ថ្នាក់រៀន អគារសិក្សា និងទីធ្លាសាលាឱ្យមានសោភ័ណភាព និងអំណោយផលដល់ការសិក្សា។
 
ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវឱ្យគ្រប់ភាគីមានគោលដៅរួមគ្នាក្នុងការកសាងខេត្តព្រះសីហនុឱ្យក្លាយជាភូមិឋានក្សេមក្សាន្ត ​បុរីជនបទ និងទ្រនំសុភមង្គល ដែលប្រជាពលរដ្ឋគ្រប់រូបទទួលបានទឹកស្អាត អគ្គិសនី និងសេវាសាធារណៈគ្រប់គ្រាន់ ព្រមទាំងរស់នៅប្រកបដោយសុខដុមរមនា និងភាពកក់ក្តៅក្នុងគ្រួសារ។
 
ឯកឧត្តមបានបន្ថែមថា សាលារៀនមិនត្រឹមតែជាកន្លែងផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាមជ្ឈមណ្ឌលប្រមូលផ្តុំសហគមន៍ និងជាមូលដ្ឋានសម្រាប់កសាងធនធានមនុស្សជំនាន់ក្រោយ។ ដូច្នេះ លោកគ្រូ អ្នកគ្រូ គួរតែបន្តបើកចំហចំពោះចំណេះដឹងថ្មីៗ ពង្រឹងការសិក្សាស្រាវជ្រាវ និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាពិសេសប្រព័ន្ធអ៊ីនធឺណិត ដើម្បីជួយណែនាំសិស្សឱ្យចេះស្វែងរកចំណេះដឹងដោយខ្លួនឯង។
 
ឯកឧត្តមបានសង្កត់ធ្ងន់ថា គោលដៅចុងក្រោយគឺការប្រែក្លាយសាលារៀនពីកន្លែងរៀនសូត្រធម្មតា ទៅជាកន្លែងបណ្តុះបញ្ញា បង្កើនភាពឈ្លាសវៃ ជំនាញទំនាក់ទំនង និងការយល់ដឹងទូលំទូលាយអំពីពិភពលោក៕
 
អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

Advertisement
គ្រី សម្បត្តិ

គ្រី សម្បត្តិ

ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា