បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ឌីជីថលជាឱកាសសម្រាប់ប្រជាជនកម្ពុជាគ្រប់រូបរៀនសូត្រពីពិភពលោក

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ឌីជីថលជាឱកាសសម្រាប់ប្រជាជនកម្ពុជាគ្រប់រូបរៀនសូត្រពីពិភពលោក

សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ មានសន្តិភាព ទើបមនុស្សអាចរស់នៅប្រកបដោយមនសិការ មនោសញ្ចេតនា និងការចេះជួយយកអាសារគ្នាទៅវិញទៅមក។ ក្នុងបរិបទនេះ បច្ចេកវិទ្យាឌីជីថលបានក្លាយជាឈ្នាន់ដ៏សំខាន់មួយ ដែលផ្តល់ឱកាសឱ្យប្រជាជនកម្ពុជាគ្រប់រូបអាចរៀនសូត្រពីពិភពលោក ពង្រឹងសមត្ថភាពរបស់ខ្លួន និងរួមចំណែកកសាងខឿនការពារជាតិ និងប្រជាជនឱ្យកាន់តែរឹងមាំ។

Advertisement

នេះគឺជាខ្លឹមសារនៃបទអន្តរាគមន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ វាគ្មិនកិត្តិយសនៅក្នុងកម្មវិធី «មនសិការពលរដ្ឋល្អ ខេត្តព្រះសីហនុ ឆ្នាំ២០២៦» ដែលរៀបចំឡើងនៅខេត្តព្រះសីហនុ កាលព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជន និងបរិវត្តកម្មឌីជីថល»។

ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា កម្មវិធី «មនសិការពលរដ្ឋល្អ» គឺជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានគោលបំណងបណ្តុះស្មារតីស្នេហាជាតិ និងពង្រឹងការយល់ដឹងរបស់យុវជនអំពីតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនចំពោះសង្គម និងប្រទេសជាតិ។

ឯកឧត្តមបានពន្យល់ថា «មនសិការពលរដ្ឋល្អ» មានន័យថា ការប្រតិបត្តិនូវអ្វីដែលជាឧត្តមប្រយោជន៍សម្រាប់ខ្លួនឯង និងជាតិមាតុភូមិ ព្រមទាំងការចងចាំ និងគោរពដល់បុព្វបុរសដែលបានលះបង់អាយុជីវិត និងកម្លាំងប្រាជ្ញាដើម្បីការពារឯករាជ្យ និងអធិបតេយ្យភាពជាតិ។

ឯកឧត្តមបានរំលឹកថា កម្ពុជាធ្លាប់ជាចក្រភពដ៏រុងរឿងមួយ ប៉ុន្តែក្នុងរយៈពេល៥សតវត្សកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់សង្គ្រាម និងសោកនាដកម្មជាច្រើន ជាពិសេសរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបំផ្លាញទាំងធនធានមនុស្ស និងសេចក្តីស្រឡាញ់រវាងមនុស្សនិងមនុស្ស ស្ទើរតែធ្វើឱ្យជាតិរលាយសូន្យសុងក្លាយជាផេះផង់។

ជាមួយគ្នានេះ ឯកឧត្តមបានបង្ហាញពីបេសកកម្មសំខាន់ៗរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលកំពុងជំរុញការចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់ទូទាំងប្រទេស ការដោះស្រាយវិវាទដីធ្លី ការបញ្ចប់បញ្ហាដីធ្លីនៅតំបន់បុរី តំបន់អង្គរ តំបន់បឹងទន្លេសាប តំបន់លិចទឹក និងតំបន់កោះ ឆ្នេរ ដើម្បីបង្កើតមូលដ្ឋានរឹងមាំសម្រាប់ការអភិវឌ្ឍប្រទេស។

ឯកឧត្តមបានបញ្ជាក់ថា គោលដៅបន្ទាប់គឺការជំរុញនគរូបនីយកម្ម និងការកសាង «បុរីជនបទ» ដោយប្រែក្លាយតំបន់ជនបទទូទាំងប្រទេសឱ្យមានទឹកស្អាត អគ្គិសនី ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងសេវាសាធារណៈគ្រប់គ្រាន់ ស្របតាមគោលនយោបាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអ្នកដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយ គិតគូរយ៉ាងល្អិតល្អន់ក្នុងកិច្ចការជាឧត្តមប្រយោជន៍ជាតិ ដោយផ្តោតការយកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការកសាងធនធានមនុស្ស។

នៅក្នុងកម្មវិធីមនសិការពលរដ្ឋល្អនេះ ឯកឧត្តមបានណែនាំយុវជនឲ្យផ្លាស់ប្ដូរផ្នត់គំនិតលើវិស័យអប់រំ ដោយមិនត្រូវគិតគូរតែខិតខំប្រឹងរៀនដើម្បីប្រលងជាប់នោះទេ ប៉ុន្តែត្រូវខិតខំអភិវឌ្ឍន៍ខ្លួន រៀនព័ត៌មានថ្មីៗ សិក្សាស្រាវជ្រាវបន្ថែមតាមរយៈប្រព័ន្ធអ៊ីនធឺណិតអំពីភាសា និងចំណេះដឹងទូទៅនៅជុំវិញពិភពលោក។

ឯកឧត្តមសង្កត់ធ្ងន់ថា សាលារៀនមិនមែនត្រឹមតែជាកន្លែងផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាថ្នាលបណ្តុះធនធានមនុស្សដែលមានវិន័យ សីលធម៌ និងចរិយាមាយាទល្អ៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា