បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទឹកឃ្មុំមណ្ឌលគិរីកាន់តែល្បីលើទីផ្សារ ក្រោយក្លាយជាទំនិញសម្គាល់ភូមិសាស្រ្ត

ទឹកឃ្មុំមណ្ឌលគិរីកាន់តែល្បីលើទីផ្សារ ក្រោយក្លាយជាទំនិញសម្គាល់ភូមិសាស្រ្ត

ទឹកឃ្មុំព្រៃមណ្ឌលគិរីកំពុងទទួលបានការគាំទ្រពីទីផ្សារកាន់តែខ្លាំង ខណៈសមាជិកសហគមន៍ប្រមូលទឹកឃ្មុំ ជាពិសេសបងប្អូនជនជាតិដើមភាគតិចពូនង អាចរកចំណូលបានចន្លោះពី ៨០០ ដល់ជាង ១ ០០០ ដុល្លារអាមេរិកក្នុងមួយរដូវកាល ដែលមានរយៈពេលចាប់ពីខែមីនា ដល់ខែឧសភា។
 
លោក ខន សុខុម គណៈកម្មាធិការផ្នែកគ្រប់គ្រងទីផ្សារទឹកឃ្មុំព្រៃប្រចាំខេត្តមណ្ឌលគិរី បានឱ្យដឹងថា បច្ចុប្បន្នបណ្តាញអ្នកប្រមូលទឹកឃ្មុំព្រៃនៅខេត្តមណ្ឌលគិរី មានសមាជិកសរុបចំនួន ១១ ក្រុម។ ក្នុងនោះ សហគមន៍ «ត្រពាំងក្អើម» និងសហគមន៍ឃុំពូជ្រៃ ស្ថិតក្នុងស្រុកពេជ្រាដា គឺជាសហគមន៍ដែលមានភាពលេចធ្លោជាងគេ ដោយមានសមាជិកសរុប ១២៤ នាក់។
 
លោកបញ្ជាក់ថា ក្នុងរដូវប្រមូលទឹកឃ្មុំចាប់ពីខែមីនា ដល់ខែឧសភា សមាជិកម្នាក់ៗអាចប្រមូលទឹកឃ្មុំបានជាមធ្យមប្រមាណ ៤០ លីត្រ ខណៈអ្នកមានបទពិសោធន៍ និងជំនាញខ្ពស់អាចប្រមូលបានលើសពី ៦០ លីត្រ។ តាមការគណនា ប្រជាពលរដ្ឋអាចរកចំណូលបានពីប្រមាណ ៨០០ ដុល្លារ ដល់ជាង ១ ០០០ ដុល្លារក្នុងមួយរដូវកាល។
លោកបន្ថែមថា ទឹកឃ្មុំដែលមានគុណភាពល្អបំផុត គឺប្រមូលបានក្នុងអំឡុងខែមីនា និងខែមេសា ដោយសារទឹកឃ្មុំមានកំហាប់ខ្ពស់ និងមានភាពសុទ្ធល្អ។ ចំណែកខែឧសភា ទោះបីមានភ្លៀងធ្លាក់ធ្វើឱ្យកំហាប់ទឹកឃ្មុំថយចុះបន្តិចក៏ដោយ ក៏នៅតែមានគុណភាពអាចទទួលយកបាន។
 
ក្នុងឆ្នាំ ២០២៥ កន្លងទៅ ទឹកឃ្មុំព្រៃមណ្ឌលគិរីត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិជាង ៥០០ គីឡូក្រាម ក្នុងនោះ មានទីផ្សារប្រទេសជប៉ុន និងប្រទេសមួយចំនួនទៀត។ លោក ខន សុខុម បានលើកឡើងថា ទឹកឃ្មុំមណ្ឌលគិរីត្រូវបានទទួលស្គាល់ថា ជាទឹកឃ្មុំដែលមានគុណភាពល្អបំផុតមួយនៅកម្ពុជា។ ជាពិសេស នៅឆ្នាំ ២០២២ ក្រសួងពាណិជ្ជកម្មបានប្រកាសទទួលស្គាល់ជាទំនិញមានម៉ាកសម្គាល់ភូមិសាស្ត្រ (GI) ​ ដែលបានជួយបង្កើនតម្លៃ និងភាពជឿជាក់នៅលើទីផ្សារ។
 
ការទទួលបានស្លាកសម្គាល់ GI បានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍យ៉ាងច្រើន។ កាលពីមុន ការប្រមូលទឹកឃ្មុំគ្រាន់តែជាមធ្យោបាយដោះដូរជាមួយអង្ករ ឬគ្រឿងទេសសម្រាប់ប្រើប្រាស់ក្នុងគ្រួសារប៉ុណ្ណោះ ប៉ុន្តែសព្វថ្ងៃ វាបានក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់សហគមន៍។
 
បច្ចុប្បន្ន ទឹកឃ្មុំដែលបានចម្រាញ់ និងសម្ងួតរួច មានតម្លៃប្រមាណ ១៦,៥០ ដុល្លារក្នុងមួយគីឡូក្រាម ខណៈទឹកឃ្មុំឆៅមានតម្លៃ ១៣,៥០ ដុល្លារក្នុងមួយគីឡូក្រាម។ សម្រាប់ការលក់រាយជាលីត្រដល់អ្នកប្រើប្រាស់ទូទៅ មានតម្លៃប្រមាណ ៨ម៉ឺនរៀលក្នុងមួយលីត្រ។ ទឹកឃ្មុំអាចរក្សាទុកបានរហូតដល់ ៣ ឆ្នាំ ប្រសិនបើរក្សាទុកត្រឹមត្រូវ។
លោក ខន សុខុម បន្តថា សមាជិកគ្រប់រូបត្រូវគោរពយ៉ាងម៉ឺងម៉ាត់តាមស្តង់ដារគុណភាព ដោយមិនអនុញ្ញាតឱ្យមានការលាយបន្លំទឹកឃ្មុំឡើយ។ អ្នកប្រព្រឹត្តខុសនឹងត្រូវដកចេញពីសហគមន៍។ លើសពីនេះ គណៈកម្មាធិការប្រមូលទិញតែងតែពិនិត្យប្រភព និងគុណភាពទឹកឃ្មុំ ដោយសាកសួរអំពីទីតាំងសំបុកឃ្មុំ ប្រភេទផ្កា និងប្រភេទដើមឈើដែលឃ្មុំធ្វើសំបុក ដើម្បីធានាបាននូវស្តង់ដារផលិតផល មុននឹងចែកចាយទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។
 
ដោយឡែក លោក ចិត្ត កក្កដា តំណាងសហគមន៍ «ត្រពាំងក្អើម» បានឱ្យដឹងថា ការប្រមូលទឹកឃ្មុំតាមបែបប្រពៃណីរបស់ជនជាតិដើមភាគតិចពូនង ត្រូវបានអនុវត្តដោយគោរពគោលការណ៍អភិរក្សធម្មជាតិ។ អ្នកប្រមូលទឹកឃ្មុំត្រូវកាត់យកត្រឹមប្រមាណ ៨០ ភាគរយនៃសំបុកប៉ុណ្ណោះ ដោយទុកចំណែកនៅសល់សម្រាប់ឱ្យឃ្មុំបន្តបង្កាត់ពូជ និងរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ី។
 
គួរបញ្ជាក់ថា សហគមន៍ «ត្រពាំងក្អើម» និងសហគមន៍ឃុំពូជ្រៃ ស្ថិតក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលសម្បូរទៅដោយព្រៃឈើ និងផ្កាព្រៃចម្រុះ។ តំបន់ទាំងនេះមិនត្រឹមតែមានសក្តានុពលខ្ពស់ក្នុងការផលិតទឹកឃ្មុំព្រៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាតំបន់ដ៏មានសក្ដានុពលសម្រាប់ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងការអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពផងដែរ៕
 
ដោយ៖ ម៉ាដេប៉ូ

Advertisement
ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា