ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “កិច្ចសហប្រតិបត្តិការការពារបរិស្ថាន និងការលើកកម្ពស់ការប្រើប្រាស់រថយន្ត ដំណើរការដោយថាមពលអគ្គិសនី និងមេត្រីបរិស្ថាននៅប្រទេសកម្ពុជា” រវាងក្រសួងបរិស្ថាន និងក្រុមហ៊ុន វ័នរ៉ូដ អ៊ិនដាសស្ទ្រៀល (ខេមបូឌា) នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន។
ឯឧត្តមបានមានប្រសាសន៍ថា ការប្រើប្រាស់យានយន្តអគ្គិសនីបានចូលរួមចំណែកសំខាន់ដល់កិច្ចគាំពារបរិស្ថាន ជួយវិស័យការដឹកជញ្ជូនបៃតង ហើយក៏ស្របតាមគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (កាបូនឌីអុកស៊ីត) ការកាត់បន្ថយការបំពុលខ្យល់ចេញពីប្រេងឥន្ធនៈបញ្ចេញដោយយានយន្ត និងការលើកកម្ពស់ថាមពលបៃតង។ ឯកឧត្តមបានបន្ថែមថា ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា គឺជាយុទ្ធសាស្ត្រស្នូលក្នុងការអនុវត្តរបាយការណ៍រួមចំណែកជាតិ NDC3.0 តាមរយៈការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីវិស័យដឹកជញ្ជូន។
សូមបញ្ជាក់ថា កម្ពុជាជំរុញការប្រើប្រាស់រថយន្តអគ្គិសនី (EV) ដើម្បីឆ្លើយតបនឹងគោលនយោបាយអាកាសធាតុ ដោយផ្តល់ការលើកទឹកចិត្តផ្នែកពន្ធ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងការកំណត់ទិសដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ដើម្បីឆ្ពោះទៅរកអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
រាជរដ្ឋាភិបាលបានកំណត់គោលដៅយុទ្ធសាស្ត្រជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបាន ៧៧ម៉ឺនគ្រឿងនៅត្រឹមឆ្នាំ២០៣០ ដែលបែងចែកជារថយន្ត ៣ម៉ឺនគ្រឿង, ម៉ូតូ ៧២ម៉ឺនគ្រឿង និងត្រីចក្រយានយន្ត ២ម៉ឺនគ្រឿង។ ដើម្បីសម្រេចបានគោលដៅនេះ រដ្ឋាភិបាលបានអនុវត្តយន្តការលើកទឹកចិត្តផ្នែកពន្ធដារយ៉ាងខ្លាំងក្លា ដោយបញ្ចុះពន្ធនាំចូលរថយន្ត EV ឱ្យទាបជាងរថយន្តសាំងប្រមាណ ៥០% និងកាត់បន្ថយពន្ធលើគ្រឿងបន្លាស់ អាគុយ និងម៉ូទ័រមកត្រឹម ០% ទៅ ៥% ប៉ុណ្ណោះ។
គោលដៅរបស់កម្ពុជា គឺបង្កើនការប្រើប្រាស់រថយន្តអគ្គិសនីឱ្យបានចន្លោះពី ៣៥ ទៅ ៤០% និងម៉ូតូអគ្គិសនីឱ្យដល់ ៧០% នៅត្រឹមឆ្នាំ២០៥០។
យោងតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន យានយន្តអគ្គិសនីជាង ១ម៉ឺន ៦ពាន់ គ្រឿងបានចុះបញ្ជីក្នុងរយៈពេល១ត្រីមាសដើមឆ្នាំ២០២៦នេះ ក្នុងនោះភាគច្រើនគឺជារថយន្ត៕
ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា