ទិវាជាតិអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ នឹងធ្វើឡើងនៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គ្រោងនឹងអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីនេះ។
នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីនៅក្នុងសន្និសិទកាសែត ស្ដីពីការត្រៀមរៀបចំកម្មវិធី «TVET-Day» លើកទី៩ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ ។
មន្រ្តីអ្នកនាំពាក្យរូបនេះ បញ្ជាក់បន្ថែមថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ នៅថ្នាក់ជាតិ (រាជធានីភ្នំពេញ) គ្រោងមានអង្គភាពចូលរួមតាំងបង្ហាញពីវឌ្ឍភាពវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងខ្សែច្រវាក់ផលិតកម្មពីវិស័យឯកជនចំនួនប្រមាណ ១០០ អង្គភាព ព្រមទាំងមានការធ្វើបាឋកថាចែករំលែកបទ ពិសោធន៍ពីវាគ្មិនល្បីៗ និងកម្មវិធីសំខាន់ៗ ជាច្រើនទៀត។
ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» មានគោលបំណងដើម្បីបានបង្ហាញ ពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) មិនមែនជាជម្រើសទីពីរនោះទេ ប៉ុន្តែ គឺជាជម្រើសដ៏ចម្បងសម្រាប់យុវជនដែលចង់ជោគជ័យក្នុងជីវិតក្នុងរយៈពេលខ្លី មានចីរភាព បរិយាបន្ន និងភាពធន់។
TVET គឺជាស្ពានចម្លងមួយដែលប្រែក្លាយ «កម្លាំងពលកម្មអតិពលកម្ម” ឱ្យទៅជា «ធនធានជំនាញពិតប្រាកដ ឬអ្នកបច្ចេកទេស” ដែលមានសក្តានុពលបំផុតសម្រាប់តម្រូវការទីផ្សារការងារ ពិសេសក្នុងវិស័យឧស្សាហកម្ម ដ៏សម្បូរបែប ដោយចូលរួមចំណែកក្នុងការកែប្រែជីវភាពរស់នៅឱ្យកាន់តែល្អប្រសើរ កាត់បន្ថយភាក្រីក្រ ភាពគ្មានការងារ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ លើកទី៩ នេះ នឹងមានដាក់តាំងបង្ហាញគ្រឿងអេឡិចត្រនិច រថយន្ត រូបូត អគ្គីសនី បរិក្ខាត្រជាក់ ជំនាញម្ហូបអាហារ ជំនាញកែច្នៃ ឧបករសម្ភារៈទំនើបៗ ទៅតាមមុខជំនាញ ។ ជាមួយគ្នានេះដែរ នឹងមានដាក់តាំងរថយន្តចល័ត ៨ សម្រាប់ធ្វើការបណ្តុះ និងការធ្វើតេស្តបញ្ជាក់សមត្ថភាពដល់បងប្អូនអតីតពលមកពីប្រទេសថៃ។
បើតាម ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រហូតដល់ពេលនេះ បងប្អូនពលករជាង៣ពាន់នាក់បានទទួលការធ្វើតេស្តជំនាញសមត្ថភាពការងាររួចហើយ៕
អត្ថបទ៖ង៉ាន់ ទិត្យ