ក្នុងគោលបំណងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងបង្កើតប្រព័ន្ធស៊ិនស័រ(Sensor) បំពាក់ទៅលើរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ ដើម្បីគ្រប់គ្រងអ្នកបើកបរកុំឱ្យបញ្ជារថយន្តលើសល្បឿនកំណត់ ។

ក្នុងគោលបំណងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងបង្កើតប្រព័ន្ធស៊ិនស័រ(Sensor) បំពាក់ទៅលើរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ ដើម្បីគ្រប់គ្រងអ្នកបើកបរកុំឱ្យបញ្ជារថយន្តលើសល្បឿនកំណត់ ។
គម្រោងបំពាក់ Sensor នេះត្រូវបានគូសបញ្ជាក់ដោយឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសចូលរួមក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ស្ថិតក្នុងស្រុកមុខកំពូល ខេត្ដកណ្ដាល កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦។
ឯកឧត្តមមានប្រសាសន៍ថា ក្រសួងសាធារណការ បានជួបជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញរួចហើយ ដើម្បីឈានទៅបង្កើតប្រព័ន្ធមួយគ្រប់គ្រងអ្នកបើកបររបស់ក្រុមហ៊ុនប្រកបអាជីវកម្មទាំងនេះកុំឱ្យបើកបរលើសល្បឿនកំណត់។ ឯកឧត្តមរដ្ឋមន្រ្ដីបញ្ជាក់ថា ប្រព័ន្ធ Sensor នេះនឹងបំពាក់ទៅលើរថយន្តធំៗ ជាពិសេសរថយន្តទេសចរណ៍ និងរថយន្តដឹកទំនិញ។ ពេលណាបើកលើសល្បឿន គឺ Sensor នឹងលោតប្រាប់ ហើយក្រុមហ៊ុននឹងអាចចាត់វិធានការផ្ទាល់ជាមួយអ្នកបើកបរតែម្ដង កុំឱ្យគាត់បើកបរលើសល្បឿនកំណត់។
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានបន្ថែមថា ក្រសួង រួមទាំងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញ បានឯកភាពគ្នាជាគោលការណ៍រួចហើយ ព្រមទាំងបានសិក្សាពីបច្ចេកវិទ្យាប្រទេសចិន អាម៉េរិក និងអឺរ៉ុប ដើម្បីរកបច្ចេកវិទ្យាមួយ ដែលសមស្របជាមួយនឹងស្ថានភាពនៃការដឹកជញ្ជូននៅកម្ពុជា។
ឯកឧត្តម រដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធដែលបានចូលរួមផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ ចែកមួកសុវត្ថិភាពដល់អ្នកដំណើរតាមដងផ្លូវ និងរៀបចំកន្លែងបើកបរម៉ូតូសាកល្បងដូចពេលប្រឡងជាក់ស្តែង ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋយល់កាន់តែច្បាស់អំពីការធ្វើដំណើរនៅតាមដងផ្លូវដោយសុវត្ថិភាព។
យោងតាមឯកឧត្ដមនាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៦នេះ គ្រោះថ្នាក់ចរាចរណ៍មានកំណើនតិចតួច បើប្រៀបធៀបជាមួយឆ្នាំកន្លងទៅ។ អាត្រាស្លាប់ក៏មានកំណើនប្រមាណ១០% ហើយចំនួនអ្នករបួសកើនជាង១០០នាក់។ ឯកឧត្ដមនាយឧត្ដមសេនីយ៍បានពន្យល់ថា កំណើននេះ គឺដោយសារថ្មីៗនេះ មានគ្រោះថ្នាក់រថយន្តដឹកកម្មករ ដោយនៅក្នុងឧសភាតែមួយ មានរបួសរហូតដល់ជាង១០០នាក់ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង និងមានអ្នកស្លាប់រហូតដល់១៤នាក់៕
ដោយ៖ង៉ាន់ ទិត្យ









