ភ្នំពេញ៖ប្រមុខរដ្ឋាភិបាល និងរដ្ឋសភានៃប្រទេសវៀតណាម និងប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជូនគ្នាទៅវិញទៅមកនូវការបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និង ស្ថិរភាពយូរអង្វែង ។
ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅសាធារណរដ្ឋសង្គមនិយមវៀតណាមពីថ្ងៃទី៨ និង៩ ខែមិថុនា និងចូលរួមវេទិកាអនាគតអាស៊ានលើកទី៣ ,កាលពីថ្ងៃចន្ទសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung)នាយករដ្ឋមន្រ្តីវៀតណាមនៅរដ្ឋធានីហាណូយ ។
ក្នុងជំនួបទ្វេភាគីនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ បានវាយតម្លៃខ្ពស់ទៅវិញទៅមកចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រទេសរៀងៗខ្លួន និងពេញចិត្តចំពោះភាពរីកចម្រើនយ៉ាងល្អប្រសើរ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងវៀតណាម ។នាយករដ្ឋមន្រ្តីនៃប្រទេសទាំង២ បានឯកភាពគ្នារៀបចំព្រឹត្តិការណ៍នានាឱ្យបានអធិកអធម ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំ២០២៧ ខាងមុខ។
ប្រមុខរដ្ឋាភិបាលទាំងពីរបានឯកភាព និងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ និងឈានទៅដល់កម្រិតខ្ពស់ថ្មីមួយទៀត ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។
ដូចគ្នានេះដែរ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម, សម្ដេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា សំដៅបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗ រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ, នយោបាយ, សន្តិសុខ និងការពារជាតិ, អប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ទេសចរណ៍, វប្បធម៌, និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសចំណុចតភ្ជាប់រវាងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ, ការតភ្ជាប់ការធ្វើដំណើរតាមផ្លូវទឹក ព្រមទាំងការពង្រីកជើងហោះហើរបន្ថែមទៀត រវាងប្រទេសទាំងពីរ។
សម្តេចធិបតីនិងឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានយល់ស្របគ្នាថា ប្រទេសទាំងពីរនៅតែមានសក្ដានុពល និងកាលានុវត្តភាពជាច្រើនទៀត ដែលអាចបំពេញឱ្យគ្នា និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនទាំងពីរ៕
ដោយ៖វណ្ណលុក