ភ្នំពេញ៖ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា ខណៈថ្មីៗនេះ ប្រទេសទាំងពីរ ទើបនឹងសម្រេចបាន «កិច្ចព្រមព្រៀងបើកចំហជើងមេឃ» ជាប្រវត្តិសាស្ត្រ ដែលនឹងជួយលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅថែមទៀត ។
ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នាឱកាសអញ្ជើញបំពេញទស្សនកិច្ច ផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅរដ្ឋធានី ហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម Christopher Landau អនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានសម្ដែង នូវក្ដីសោមនស្សរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានកាលានុវត្តភាពច្រើនថែមទៀត ដើម្បីរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស្អិតរមួត និងស៊ីជម្រៅ ។
ឯកឧត្តមអនុរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះការសម្រេចបាននូវ «កិច្ចព្រមព្រៀងបើកចំហជើងមេឃ» ជាប្រវត្តិសាស្ត្រ រវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលនឹងជួយលើកកម្ពស់ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តមបានសម្ដែងនូវការពេញចិត្តចំពោះ ការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈងាយស្រួល ដល់បណ្ដាក្រុមហ៊ុនវិនិយោគ របស់អាមេរិក ក្នុងការបោះទុន និងពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា ដែលការណ៍នេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
លើសពីនេះ, ឯកឧត្តមអនុរដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជា គឺជាប្រទេសដែលមានសក្តានុពលខ្លាំងខាងវិស័យទេសចរណ៍ ដោយសារកម្ពុជាមានវប្បធម៌ដ៏សម្បូរបែប និងល្បីល្បាញ លើសកលលោក ។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងក្ដីរីករាយ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន និងលទ្ធផលល្អប្រសើរនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-សហរដ្ឋអាមេរិក ព្រមទាំងបានបញ្ជាក់ថា កម្ពុជានឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាថែមទៀត។
ទន្ទឹមនឹងនេះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ជូនឯកឧត្តម អនុរដ្ឋមន្ត្រី អំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រ និងធានាដល់ភាពជោគជ័យរបស់វិស័យឯកជន ក៏ដូចជា ក្រុមហ៊ុនបរទេសដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ។ រាជរដ្ឋាភិបាលកម្ពុជា ក៏បាន និងកំពុងខិតខំអភិវឌ្ឍ លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទិក តាមរយៈការពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងកំពុងកសាងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ មានគោលដៅបង្កើនប្រសិទ្ធភាពដឹកជញ្ជូនរបស់កម្ពុជា, បង្កើនភាពប្រកួតប្រជែងកម្ពុជា, បង្កើតការងារ និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
សម្ដេចធិបតី និងឯកឧត្តមអនុរដ្ឋមន្ត្រី ក៏បានផ្លាស់ប្ដូរយោបល់គ្នាអំពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ សម្ដេចធិបតីបានគូសបញ្ជាក់ពីវិធានការម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាល និងកិច្ចសហការជាមួយបណ្តាប្រទេសនានា រួមទាំងសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សម្តេចធិបតីបានសង្កត់ធ្ងន់ថា វិធានការនេះ នឹងត្រូវបន្តអនុវត្តជាប្រចាំ រហូតដល់មានការបោសសម្អាត ក្រុមឧក្រិដ្ឋជនទាំងនេះឱ្យអស់ពីកម្ពុជា។ ឯកឧត្តមអនុរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់កម្ពុជា។
សម្ដេចធិបតីបានជម្រាបឯកឧត្តមអនុរដ្ឋមន្ត្រី អំពីការវិវត្តថ្មីៗ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាម អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ រវាងកម្ពុជា និងថៃ ៕