នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Izumi Nakamitsu អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួបនេះ លោកស្រីអគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានសម្តែងនូវការកោតសរសើរ ចំពោះជំនាញរបស់កម្ពុជា ក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានបន្សល់ទុកពីសង្គ្រាម។លោកស្រីបានបន្ថែមទៀតថា ការងារបោសសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺជាកិច្ចការដែលទាមទារការចំណាយពេលវេលា និងធនធានច្រេីន។ លោកស្រីអគ្គលេខាធិការរង ក៏បានកោតសរសើរចំពោះសមត្ថភាព និងបទពិសោធន៍របស់កងកម្លាំងរបស់កម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅបណ្តាប្រទេសជាច្រើន ដែលការណ៍នេះបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការចូលរួមថែរក្សាសន្តិភាព និងការចែករំលែកបទពិសោធន៍ដ៏ល្អនេះទៅកាន់ពិភពលោក។ លោកស្រីក៏បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ និងបេសកកម្មរបស់លោកស្រី ដែលបានមកកាន់កម្ពុជា នៅមុនឆ្នាំ១៩៩១ ដើម្បីជួយសម្របសម្រួលការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនកម្ពុជា ចូលមាតុប្រទេសវិញ។































