បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចតេជោ ហ៊ុន សែន ព្រមានចាត់វិធានការទាំងអ្នកនាំចូល នឹងមន្ត្រីដែលគប់គិតជាមួយឈ្មួញ លួចនាំទំនិញថៃ ចូលកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ព្រមានចាត់វិធានការទាំងអ្នកនាំចូល នឹងមន្ត្រីដែលគប់គិតជាមួយឈ្មួញ លួចនាំទំនិញថៃ ចូលកម្ពុជា

បន្ទាយមានជ័យ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានបន្តណែនាំអាជ្ញាធរ ចាត់វិធានការម៉ឹងម៉ាត់ ទាំងអ្នកនាំចូល នឹងមន្ត្រីដែលគប់គិតជាមួយឈ្មួញ លួចនាំទំនិញថៃ ចូលកម្ពុជា ខណៈថ្មីៗនេះ កម្លាំងសមត្ថកិច្ច ទើបបានរកឃើញឃ្លាំងមួយចំនួន មានស្តុកទុកសាច់បង្កក រាប់សិបតោន នៅបណ្ដាខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញ ដែលសាច់បង្កកភាគច្រើន ត្រូវបានសង្ស័យថា គឺលួចនាំចូលមកពីប្រទេសថៃ ។

ក្នុងឱកាសសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំ មន្ទីរ អង្គភាពនានា ជុំវិញខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ន ប្រជាពលរដ្ឋ កំពុងនាំពហិការទំនិញថៃ ក្នុងពេលដែល ព្រំដែនកម្ពុជា-ថៃ បានបិទតាំងពីពាក់កណ្តាលឆ្នាំ២០២៥ នៅតែមានជនខិលខូច លួចនាំទំនិញពីថៃមកកម្ពុជា ប៉ុន្តែយើងក៏នៅមាន អ្នកលួចនាំទំនិញរបស់ថៃ មកលក់នៅកម្ពុជា ជាពិសេស រឿងសាច់បង្កក ដែលដឹកចូលមក ។ សម្ដេចថា មិនឱ្យមានអ្នករួចខ្លួនទេលើរឿងនេះ ។

Advertisement

សម្តេចតេជោ បញ្ជាក់បន្ថែមថា ការចាត់វិធានការ មិនត្រឹមតែអ្នកនាំចូលនោះទេ គឺសម្តេច នឹងចាត់វិធានការចំពោះមន្ត្រី ដែលបានគប់គិតជាមួយឈ្មួញដែលនាំសាច់បង្កកទាំងនេះចូលមកកម្ពុជា។ សម្តេចនឹងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធការនាំសាច់បង្កកទាំងនេះចូលមកកម្ពុជា ។

សម្ដេចតេជោ ក៏បានណែនាំឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និងជាប់ព្រំដែនថៃទាំងអស់ ពិនិត្យមើលលើរឿង លួចនាំចូលទំនិញនេះ ដែលពីមុនមានអ្នកថា ជាទំនិញសល់ក្នុងស្តុក តើមកដល់ពេលនេះហើយ មានទំសល់ឯណាទៀត ។

សម្តេចតេជោ បញ្ជាក់បន្ថែមថា​ រយៈពេលជាង ១ឆ្នាំ ​ដែលកម្ពុជា និងថៃ កើតមានជម្លោះជាមួយគ្នា រហូតឈានដល់ការបិទព្រំដែនគោកទាំងស្រុង ​កម្ពុជា មិនបានជួបវិបត្តិផ្គត់ផ្គង់ទំនិញនោះទេ ហើយបើទោះបីជាថៃ បិទព្រំដែនរហូត​ ក៏កម្ពុជា មិនបារម្ភនោះដែរ ។

សម្តេចមានប្រសាសន៍ថា ក្នុងពេលដែលថៃ ថា កម្ពុជា ខ្វះទំនិញ តែកម្ពុជា មិនបានខ្វះទំនិញប្រើប្រាស់នោះទេ ក្នុងរយៈពេល ១ឆ្នាំនេះ គឺខ្មែរមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់ទំនិញខ្លួនឯង ដូច្នេះហើយ ទំនិញដែលថៃ ធ្លាប់នាំមកកម្ពុជា ក្នុងតម្លៃប្រមាណ ១០ពាន់លានដុល្លារ ឱ្យខាងថៃ ទុកប្រើខ្លួនឯងចុះ ហើយកម្ពុជា ត្រូវប្រើប្រាស់ទំនិញ ដែលផលិតក្នុងស្រុកជំនួសវិញ ។ ក្នុងករណី ដែលទំនិញក្នុងស្រុក មានការខ្វះខាត កម្ពុជា អាចនាំទំនិញពីវៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី យកមកលក់វិញ ។

គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងចំរុះខណ្ឌឫស្សីកែវ បានចុះត្រួតពិនិត្យឃ្លាំងស្តុក សាច់បង្កក មានដូចជា ប្រហិតសាច់ក្ដាម សាច់គោ សាច់បង្កង ជាដើម ដែលទីតាំងដ៏ធំនេះស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោយសង្ស័យថា សាច់បង្កក ទាំងអស់ភាគច្រើន គឺនាំចូលមកពីប្រទេសថៃ ក្នុងបរិមាណច្រើនរហូតដល់រាប់សិបតោន ហើយបន្តចែកចាយទៅកាន់ទីផ្សារនានាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត ។ ចំណែកកម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ សហការជាមួយមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន នៅរសៀល​ថ្ងៃទី១០ មិថុនា បានចុះត្រួតពិនិត្យឃ្លាំងស្តុក សាច់បង្កកមួយកន្លែងរបស់ឈ្មោះ ភុត ប៊ុនហម ស្ថិតនៅ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចបានរកឃើញប្រហិតមាន់សរសៃកែង​, ប្រហិត​សាច់គោ, ហតដកបីពណ៍, ហតដកក្រហម, ហតដកស្បែកស្រួយ, ណែមមីសួរ, ហតដកមាស, សាច់ជ្រូកចង្កាក់​ ​និងឆ្អឹង​ខ្ចីទ្រូងមាន់​មួយចំនួន មានអក្សរ​អង់គ្លេស​ THAILAN ។

បន្ទាប់ពីការចុះត្រួតពិនិត្យ ម្ចាស់ទីតាំងឈ្មោះ ភុត ប៊ុនហម ត្រូវបានហៅមកសាកសួរបំភ្លឺនៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីបន្តនិតិវិធី។ចំពោះទីតាំងខាងលើ ក្រុមការងារសម្រេចបិទឃ្លុំជាបណ្តោះអាសន្នសិន ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា រយៈពេល ៥ខែដើមឆ្នាំ២០២៦ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ថៃ មានទំហំជាង ១.១ ពាន់លានដុល្លារ ធ្លាក់ចុះ ៣៨.៧% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៥ ដែលមានតម្លៃជាង ១.៨ ពាន់លានដុល្លារ។ ក្នុងនោះ ថៃ នាំចូលទំនិញមកកម្ពុជាមានតម្លៃ ៨៥៤ លានដុល្លារ ថយចុះ ៤២.៤% ស្របពេលកម្ពុជា នាំចេញទៅថៃវិញ មានតម្លៃជាង ២៩៦ លានដុល្លារ ថយចុះ ២៥% ។

កន្លងមក ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អេចប្រេស ខេមបូឌា និងជាអ្នកជំនាញ ក្នុងវិស័យភស្តុភារកម្ម និងដឹកជញ្ជូន បានឱ្យដឹងថា ការនាំចូលពីថៃ ភាគច្រើន ជាប្រភេទទំនិញ សម្ភារ និងវត្ថុធាតុដើម ដែលប្រើប្រាស់ចាំបាច់សម្រាប់បម្រើ ដល់ឧស្សាហកម្ម និងផលិតកម្ម ដូចជា៖ គ្រឿងបង្គុំ គ្រឿងបន្លាស់ គ្រឿងដំឡើង គ្រឿងសម្រាប់ជួសជុល និងវត្ថុធាតុដើមសម្រាប់ឧស្សាហកម្ម ដែលត្រូវបាននាំចូល តាមផ្លូវទឹក បន្ទាប់ពីប្រទេសទាំងពីរបានបិទព្រំដែនគោក។ ចំណែកការនាំចូលមុខទំនិញមួយចំនួន ដូចជា ភេសជ្ជៈ អាហារកែច្នៃមួយចំនួន ប្រេងឥន្ធនៈ បន្លែ និងផ្លែឈើ មិនត្រូវបាននាំចូលទៀតឡើយ ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា