បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋាភិបាលកំពុងសិក្សាគម្រោងសាងសង់ស្ពានឆ្លងស្ទឹងជីផាត

រដ្ឋាភិបាលកំពុងសិក្សាគម្រោងសាងសង់ស្ពានឆ្លងស្ទឹងជីផាត

គណៈកម្មការអន្តរក្រសួង កំពុងសិក្សាពីគម្រោងសាងសង់ស្ពានឆ្លងស្ទឹងជីផាត​ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងភ្ញៀវទេសចរ។ ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ និងក្រសួងអភិវឌ្ឍន៍ជនបទ​ បានរួមគ្នាចុះសិក្សាពីគម្រោងសាងសង់ស្ពានឆ្លងស្ទឹងជីផាត​ ស្ថិតនៅភូមិទឹកល្អក់​ ឆ្លងទៅភូមិជីផាត​ ស្រុកថ្មបាំង​ ខេត្តកោះកុង កាលចុងឆ្នាំ ២០២៥កន្លងទៅ​ ហើយបច្ចុប្បន្ន ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ កំពុងសហការគ្នាស្វែងយល់ និងវាយតម្លៃយ៉ាងដិតដល់អំពីផលប៉ះពាល់នានា មុននឹងធ្វើការសាងសង់ ដើម្បីធានាថា គម្រោងនេះមិនបង្កផលអវិជ្ជមានធ្ងន់ធ្ងរដល់បរិស្ថាន និងតំបន់អេកូទេសចរណ៍របស់សហគមន៍។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ពិត ករុណា អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ​ ។
 
អ្នកនាំពាក្យដដែលបានប្រាប់បណ្តាញព័ត៌មាន AMS ទៀតថា ​តាមការសិក្សាបឋម គម្រោងស្ពានឆ្លងស្ទឹងជីផាតនេះ មានប្រវែង ១៦២ ម៉ែត្រ ហើយគ្រោងចំណាយថវិកាសរុបប្រមាណជាង ៣ លានដុល្លារអាមេរិក។
 
ស្ពានមួយកន្លែងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបម្រើផលប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋមូលដ្ឋានយ៉ាងច្រើនកុះករ។ តាមការបញ្ជាក់របស់ឯកឧត្តម ពិត ករុណា ឃុំដែលទទួលបានផលប្រយោជន៍ផ្ទាល់គឺ ឃុំជីផាត ដែលមានប្រជាជនសរុបចំនួន ៦៥៤ គ្រួសារ ស្មើនឹងជិត ២ ៦០០ នាក់។ ក្រៅពីនេះ ស្ពាននេះក៏នឹងផ្តល់ផលប្រយោជន៍ដោយប្រយោលដល់ឃុំចំនួន ៥ ផ្សេងទៀត រួមមាន ឃុំថ្មដូនពៅ ឃុំជំនាប់ ឃុំប្រឡាយ ឃុំបក្សីជ្រុំ និងឃុំតាទៃលើ ដែលមានប្រជាជនសរុបជិត ១ ៥០០ គ្រួសារ។
 
នៅតាមដងផ្លូវសងខាងស្ពាននេះ មានប្រជាពលរដ្ឋរស់នៅយ៉ាងច្រើនកុះករ ព្រមទាំងជាទីតាំងប្រមូលផ្តុំទៅដោយវត្តអារាម មណ្ឌលសុខភាព សាលារៀន និងទីស្នាក់ការរដ្ឋបាលស្រុក-ឃុំ ដែលធ្វើឱ្យស្ពានមួយនេះក្លាយជាសរសៃឈាមយុទ្ធសាស្ត្រមិនអាចខ្វះបានសម្រាប់បម្រើដល់ការឆ្លងកាត់ និងការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
 
ក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនារួចហើយហេដ្ឋារចនាសម្ព័ន្ធផ្លូវកៅស៊ូចូលទៅកាន់តំបន់ជីផាត ដែលបានជួយសម្រួលដល់ការធ្វើដំណើរ និងទាក់ទាញលំហូរភ្ញៀវទេសចរឱ្យទៅកម្សាន្តនៅតំបន់អេកូទេសចរណ៍ដ៏ល្បីល្បាញមួយនេះនៅខេត្តកោះកុង។
 
ទោះជាយ៉ាងណា ការយឺតយ៉ាវក្នុងការសាងសង់ស្ពានបានផ្តល់ឱកាសដល់បុគ្គលមួយចំនួនឈ្លៀតទារថ្លៃហួសហេតុពីអ្នកដំណើរដែលត្រូវប្រើប្រាស់កំពង់ចម្លងជីផាត រហូតបង្កការមិនពេញចិត្តជាច្រើនពីប្រជាពលរដ្ឋ។ ទាំងប្រជាពលរដ្ឋ និងអ្នកទេសចរ បានអំពាវនាវឱ្យរាជរដ្ឋាភិបាលពន្លឿនការសាងសង់ស្ពានឆ្លងស្ទឹងនេះឱ្យបានឆាប់ ដើម្បីសម្រួលការធ្វើដំណើរ និងកាន់តែទាក់ទាញភ្ញៀវទេសចរ៕

Advertisement
ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា