ភ្នំពេញ៖ ល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញប្រគល់បណ្ណថ្លែងអំណរគុណជូនសុភមន្ត្រីរៀមច្បង ចូលបម្រើការងារតាំងពីឆ្នាំ១៩៧៩ ចំនួន ១០រូប ដែលបានចូលរួមក្នុងការកសាងក្រសួង ឱ្យមានភាពរឹងមាំ និងនិរន្តរភាព ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក.ប.ទ. នៅទីស្ដីការក្រសួង។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ ការលះបង់ និងការប្តេជ្ញាចិត្តរបស់សុភមន្ត្រីរៀមច្បងទាំងអស់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងនិងអភិវឌ្ឍក្រសួងចាប់តាំងពីឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា “ការកសាងស្ថាប័នឱ្យមានភាពរឹងមាំ និងនិរន្តរភាព មិនអាចពឹងផ្អែកលើកម្លាំងរបស់ជំនាន់ណាមួយតែឯងបានឡើយ ប៉ុន្តែទាមទារឱ្យមានការផ្សារភ្ជាប់រវាងបទពិសោធ ចំណេះដឹង ការប្តេជ្ញាចិត្ត និងគុណតម្លៃរបស់រៀមច្បង ជាមួយនឹងភាពច្នៃប្រឌិត ថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗរបស់យុវជន”។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជាការទាំងអស់ត្រូវបន្តសិក្សារៀនសូត្រនិងចាប់យកបច្ចេកវិទ្យាថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់ជាជំនួយក្នុងការបំពេញការងារប្រចាំថ្ងៃ។ ឯកឧត្តមមន្រ្តី បានលើកឡើងថា អាយុមិនមែនជាឧបសគ្គក្នុងការរៀនបច្ចេកវិទ្យាឡើយ និងលើកយកសក្ខីភាពពីលទ្ធផលប្រឡងដ៏ល្អរបស់មន្ត្រីរៀមច្បង និងមន្ត្រីដែលមានអាយុច្រើន បានបញ្ជាក់ថា សមត្ថភាពឌីជីថលត្រូវបានកំណត់ដោយ “ឆន្ទៈ និងការបើកចិត្តរៀនសូត្រ” មិនមែនដោយអាយុនោះទេ។
ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា