ភ្នំពេញ៖មន្ត្រីផ្លូវការរបស់ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធរបស់សហរដ្ឋអាមេរិក (FBI) បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
លោក Andrew Bailey សហអនុប្រធាន FBI បានលើកឡើងនៅក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃពុធ ថា កិច្ចការងារបង្ក្រាបបទល្មើសឆបោកអនឡាញ គឺជាជោគជ័យមួយសម្រាប់ប្រទេសកម្ពុជា។
ការលើកសរសើររបសមន្ត្រីជាន់ខ្ពស់ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ ធ្វើឡើងបន្ទាប់ពីអង្គការលើកលែងទោសអន្តរជាតិ Amnesty International បរិហារថា ការបង្ក្រាបបទល្មើសឆបោកអនឡាញនៅកម្ពុជាបានទទួលបរាជ័យ និងខ្វះតម្លាភាពនៃនិតីវិធីចុះបង្ក្រាប។
អង្គការនេះលើកឡើងថា ទីតាំងដែលអាជ្ញាធរកម្ពុជាចុះបង្ក្រាបមានចំនួនតិចតួច បើធៀបនឹងទីតាំងធ្វើប្រតិបត្តិការជាក់ស្តែង និងថាអាជ្ញាធរក៏មិនបានខ្វល់ខ្វាយពីកិច្ចការពារជនរងគ្រោះ និងការជួញដូរមនុស្សឡើយ។
ប៉ុន្តែរ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានទាត់ចោលការសន្និដ្ឋាននេះ ដោយចាត់ទុកថា ការលើកឡើងនេះបង្កប់នូវមានរបៀបវារៈនយោបាយ និងបង្កឲ្យមានការយល់ច្រឡំមកលើកម្ពុជា។
លោក Andrew Bailey បញ្ជាក់ថា ក្រុមការងារ FBI នឹងពង្រីកកិច្ចសហការជាមួយរដ្ឋាភិបាលកម្ពុជា ជាពិសេសធ្វើការជាមួយគណៈកម្មការសម្រាប់ប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមអ៊ីនធឺណិត (CCOS) ដើម្បីបន្តធ្វើការលើបញ្ហានេះ។
ជាមួយគ្នានេះអ្នកទទួលខុសត្រូវ FBI រូបនេះ លើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជាបង្កើនការខិតខំទប់ស្កាត់ និងបំផ្លាញចោលទីតាំងឆបោកអនឡាញទាំងស្រុងឲ្យអស់ចេញពីប្រទេស។
លោក Andrew Bailey សហអនុប្រធាន FBI សង្កត់ធ្ងន់ថា អ្វីដែលជាចំណុចផ្តោតសំខាន់ក្នុងកិច្ចការងារនេះ គឺការបញ្ឈប់ ឬការបំផ្លាញចោលបណ្តាញរបស់ពួកឧក្រិដ្ឋកម្ម និងការពារជនរងគ្រោះ។


























