វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមរួចជាស្រេចក្នុងការដាក់តាំងបង្ហាញឧបករណ៍ និងប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ ដែលជាស្នាដៃរបស់សិស្ស-និស្សិតខ្មែរ យ៉ាងហោចណាស់ចំនួន ១១ ប្រភេទ ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី៩ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦។
លោក ជិន តារា នាយកវិទ្យាស្ថាន NTTI បានឱ្យដឹងថា ឧបករណ៍ និងប្រព័ន្ធបច្ចេកវិទ្យាទំនើបទាំងនោះមានដូចជា៖ ម៉ាស៊ីនព្រីន 3D ដោយប្រើរ៉ូបូតឧស្សាហកម្ម ម៉ាស៊ីនបិទគម្របកេសដោយស្វ័យប្រវត្តិ, ម៉ាស៊ីនវេចខ្ចប់ទឹក និងភេសជ្ជៈ, ប្រព័ន្ធសូឡាចាប់ស្រមោលព្រះអាទិត្យ, ប្រព័ន្ធកង្ហារខ្យល់, ម៉ូឌែលប្រព័ន្ធចម្ការសូឡាផ្ទះកញ្ចក់ និងប្រព័ន្ធសូឡាក្នុងអគារជាដើម។
លោកបានបន្តថា សិស្ស-និស្សិតមានការរំភើប និងទន្ទឹងរង់ចាំថ្ងៃដាក់តាំងបង្ហាញស្នាដៃរបស់ខ្លួន ដើម្បីបង្ហាញជូនសាធារណជន ជាពិសេសសិស្សានុសិស្សកម្រិតវិទ្យាល័យ បានស្វែងយល់បន្ថែមអំពីជំនាញ និងបច្ចេកវិទ្យាទំនើបៗ ដែលត្រូវបានបង្កើត និងអភិវឌ្ឍដោយកូនខ្មែរ។
លោកនាយកបានលើកឡើងថា ការសិក្សាជំនាញនៅ NTTI បានជួយអភិវឌ្ឍសមត្ថភាពរបស់សិស្ស-និស្សិតឱ្យកាន់តែប្រសើរឡើង ដោយសារវិទ្យាស្ថានមានកម្មវិធីសិក្សាសម្បូរបែប ស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការទីផ្សារការងារ។ ជាពិសេស វិទ្យាស្ថានផ្តោតលើការអនុវត្តជាក់ស្តែង តាមរយៈកម្មសិក្សា និងការអនុវត្តការងារច្រើនជាងការសិក្សាទ្រឹស្តី ដែលជាកត្តាសំខាន់ជួយឱ្យសិស្ស-និស្សិតអាចបង្កើតសមិទ្ធផលជាក់ស្តែងទាំងនេះបាន។
លោកក៏បានអំពាវនាវដល់សិស្សានុសិស្ស និងយុវជនដែលមានចំណាប់អារម្មណ៍លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យចូលរួមទស្សនាទិវាជាតិ TVET Day លើកទី៩ នេះ ព្រោះក្រៅពីស្នាដៃរបស់និស្សិត NTTI នៅមានស្នាដៃ និងគម្រោងនវានុវត្តន៍ជាច្រើនទៀតពីគ្រឹះស្ថានអប់រំបច្ចេកទេស និងវិជ្ជាជីវៈនានាទូទាំងប្រទេស ដែលនឹងត្រូវយកមកដាក់តាំងបង្ហាញជូនសាធារណជនទស្សនា ព្រមទាំងមានឱកាសជួបសំណេះសំណាលដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ និងអ្នកជំនាញក្នុងវិស័យផងដែរ៕
ដោយ៖ ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

































