ព្រះរាជាណាចក្រកម្ពុជាបានសម្រេចនូវសមិទ្ធផលជាប្រវត្តិសាស្ត្រមួយទៀតក្នុងវិស័យសុខាភិបាល ដោយក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលសម្រេចបានគោលដៅសកលមេរោគអេដស៍ «៩៥-៩៥-៩៥» ដែលជាគោលដៅសំខាន់របស់សហគមន៍អន្តរជាតិក្នុងការបញ្ចប់ជំងឺអេដស៍ជាបញ្ហាគំរាមកំហែងសុខភាពសាធារណៈនៅឆ្នាំ២០៣០។
អាន៖ យោងតាមសេចក្តីប្រកាសព័ត៌មានរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីអង្គការសហប្រជាជាតិរួមគ្នាស្តីពីមេរោគអេដស៍/ជំងឺអេដស៍ (UNAIDS) ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ សមិទ្ធផលនេះបង្ហាញពីភាពជោគជ័យដ៏អស្ចារ្យនៃការឆ្លើយតបរបស់កម្ពុជា ចំពោះមេរោគអេដស៍ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក។
គោលដៅ ៩៥-៩៥-៩៥ មានន័យថា ៩៥%នៃអ្នករស់នៅជាមួយមេរោគអេដស៍បានដឹងពីស្ថានភាពមេរោគអេដស៍របស់ខ្លួន, ៩៥%នៃអ្នកដែលដឹងថាខ្លួនមានផ្ទុកមេរោគអេដស៍បានទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ហើយ ៩៥%នៃអ្នកកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ សម្រេចបានការបង្ក្រាបមេរោគអេដស៍ឱ្យនៅកម្រិតទាបបំផុត ។
សមិទ្ធផលនេះ បញ្ជាក់ពីភាពជោគជ័យថ្មីមួយទៀតរបស់កម្ពុជា ដែលបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសតែ៧ប៉ុណ្ណោះនៅលើពិភពលោក ដែលសម្រេចបានគោលដៅ ៩០-៩០-៩០ តាំងពីឆ្នាំ២០១៧ គឺមុនកាលកំណត់រហូតដល់ ៣ឆ្នាំ។
ទោះបីសម្រេចបានជោគជ័យដ៏ធំធេងនេះក៏ដោយ កម្ពុជានៅតែជួបប្រទះបញ្ហាប្រឈមមួយចំនួន។ តាមការប៉ាន់ប្រមាណ នៅឆ្នាំ២០២៥ មានករណីឆ្លងមេរោគអេដស៍ថ្មីចំនួន ៩៥៨ ករណី ដែលក្នុងនោះ ៨៤% ស្ថិតក្នុងចំណោមក្រុមប្រជាជនប្រឈមមុខខ្ពស់ និងដៃគូរបស់ពួកគេ។ រាជរដ្ឋាភិបាលបានកំណត់គោលដៅកាត់បន្ថយករណីឆ្លងថ្មីឱ្យនៅតិចជាង ២៥០ ករណីក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ២០៣០ ប៉ុន្តែការសម្រេចគោលដៅនេះទាមទារឱ្យមានការខិតខំប្រកបដោយយុទ្ធសាស្ត្រ និងមានចីរភាព។
ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានមានប្រសាសន៍ថា សមិទ្ធផលនេះគឺជាមោទនភាពជាតិ ប៉ុន្តែក៏នាំមកនូវការទទួលខុសត្រូវថ្មីផងដែរ ក្នុងការធានាថា ការរីកចម្រើននេះនឹងត្រូវបានរក្សាទុក និងបន្តប្រកបដោយចីរភាព តាមរយៈការបង្កើនធនធានក្នុងស្រុកសម្រាប់ការឆ្លើយតបជាតិចំពោះមេរោគអេដស៍៕