ភ្នំពេញ៖មន្ទីរពេទ្យកុមារជាតិកាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីបើកការដ្ឋានសាងសង់អគារសល្យសាស្ត្រកុមារថ្មី ក្រោមជំនួយឧបត្ថម្ភរបស់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយក្រោមអធិបតី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
អគារសល្យសាស្ត្រកុមារថ្មីនៃមន្ទីរពេទ្យកុមារជាតិមានផ្ទៃក្រឡាសរុប ៣,២៨៧ម៉ែត្រការ៉េ ទំហំបណ្តោយ ២៩,៩ម៉ែត្រ ទទឹង ២៣,៦ម៉ែត្រ និងកម្ពស់ ៤ជាន់ រួមទាំងការបំពាក់សម្ភារៈ និងបរិក្ខារវេជ្ជសាស្ត្រចាំបាច់។ គម្រោងនេះមានថវិកាសរុបប្រមាណ ៥,២លានដុល្លារអាម៉េរិក ហើយគ្រោងបញ្ចប់ការសាងសង់នៅខែសីហា ឆ្នាំ២០២៧។
គម្រោងសាងសង់នេះ ស្ថិតក្រោមផែនការពង្រឹងសមត្ថភាពផ្នែកវះកាត់របស់មន្ទីរពេទ្យកុមារជាតិ ដោយមានគោលបំណងលើកកម្ពស់គុណភាពសេវាសុខាភិបាល បំពាក់បរិក្ខារវេជ្ជសាស្ត្រទំនើប និងពង្រឹងប្រសិទ្ធភាពសេវាព្យាបាលកុមារ សំដៅរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។
មានប្រសាសន៍ក្នុងពិធីបើកការដ្ឋាន ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានកោតសរសើរចំពោះសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានបន្តគាំទ្រវិស័យសុខាភិបាលកម្ពុជា តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារពេទ្យ ដើម្បីជួយសង្គ្រោះ និងថែរក្សាជីវិតប្រជាពលរដ្ឋ ជាពិសេសកុមារ។
ឯកឧត្តមរដ្ឋមន្ត្រីបានចាត់ទុកការឧបត្ថម្ភនេះថា ជានិមិត្តរូបនៃសេចក្តីស្រឡាញ់ មនុស្សធម៌ និងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់កុមារកម្ពុជា ហើយជាការរួមចំណែកដ៏មានតម្លៃក្នុងការពង្រឹងគុណភាពសេវាសុខាភិបាលរបស់ប្រទេស។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឱ្យមន្ទីរពេទ្យរៀបចំផែនការអភិវឌ្ឍរយៈពេលវែង រួមទាំងប្លង់មេ សំណង់អគារ និងផែនការប្រតិបត្តិការឱ្យបានច្បាស់លាស់ ដើម្បីបង្កភាពងាយស្រួលក្នុងការទាក់ទាញការវិនិយោគ និងការគាំទ្រពីដៃគូអភិវឌ្ឍន៍ និងវិស័យសាធារណៈនានា។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់នៃមន្ទីរពេទ្យកុមារជាតិ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ សីលធម៌ និងការលះបង់ខ្ពស់ ក្នុងការផ្តល់សេវាថែទាំ និងសង្គ្រោះជីវិតកុមារ ដែលជាសសរទ្រូង និងអនាគតរបស់ប្រទេសកម្ពុជា៕
ដោយ៖ហេង សម្បត្តិ