យុទ្ធនាការលើកលែងទិដ្ឋាការដល់ប្រជាជនចិន ដែលមកកម្សាន្តនៅកម្ពុជា ត្រូវចាប់ផ្តើមអនុវត្តសាកល្បងរយៈពេល៤ខែ ពីថ្ងៃទី១៥ ខែមិថុនានេះ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។

យុទ្ធនាការលើកលែងទិដ្ឋាការដល់ប្រជាជនចិន ដែលមកកម្សាន្តនៅកម្ពុជា ត្រូវចាប់ផ្តើមអនុវត្តសាកល្បងរយៈពេល៤ខែ ពីថ្ងៃទី១៥ ខែមិថុនានេះ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។
ក្នុងជំនួបជាមួយសារព័ត៌មានចិនល្បីៗទាំងនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសចិនចំនួន១១ស្ថាប័ន ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងអស់ពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា។
ប្រជាពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែនសាធារណរដ្ឋប្រជាមានិតចិន(PRC)ទាំងអស់ រួមទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិនតៃវ៉ាន់ ទោះធ្វើដំណើរត្រង់ចេញពីប្រទេសចិន ឬប្រទេសណាផ្សេងក៏ដោយ ឱ្យតែកាន់លិខិតឆ្លងដែន PRC ដើម្បីចូលមកប្រទេសកម្ពុជា នឹងទទួលបានការលើកលែងទិដ្ឋាការ ដោយអាចស្នាក់នៅក្នុងប្រទេសកម្ពុជាបានចំនួន១៤ថ្ងៃ។
ក្នុងកំឡុងពេលសុពលភាពនៃការអនុវត្តសាកល្បងនេះ ភ្ញៀវចិនទាំងអស់ពុំតម្រូវឱ្យមានពាក្យស្នើសុំទិដ្ឋាការ និងពុំមានបង់កម្រៃទេ ដោយគ្រាន់តែបំពេញ E-arrival card ប៉ុណ្ណោះ ព្រមទាំងអាចចូលចេញបានច្រើនដង។
សូមជម្រាបជូនថា យោងតាមស្ថិតិទេសចរណ៍ ឆ្នាំ២០២៥ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦លាននាក់ ក្នុងនោះមានភ្ញៀវទេសចរចិនជាង ១,២លាននាក់ កើនឡើងប្រមាណ ៤២ភាគរយ។
ដោយឡែក ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៦ ភ្ញៀវទេសចរចិនបានឈរនៅលំដាប់ទី១ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរមកកម្ពុជា ដែលឆ្លុះបញ្ចាំងពីសក្តានុពលខ្ពស់នៃទីផ្សារទេសចរចិនសម្រាប់វិស័យទេសចរណ៍កម្ពុជា៕
