ក្នុងពេលបំពេញបេសកកម្មនៅប្រទេសកូរ៉េខាងត្បូង ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Kyungshin ដែលជាក្រុមហ៊ុនយក្សរបស់កូរ៉េ ឯកទេសខាងផលិតគ្រឿងបង្គុំអេឡិចត្រូនិក និងខ្សែភ្លើងរថយន្ត។
បន្ទាប់ពីបានបញ្ចប់ការដឹកនាំវទិកាផ្សព្វផ្សាយវិនិយោគ អ៊ីនឆ័ន-កម្ពុជា ឆ្នាំ២០២៦ នៅល្ងាចថ្ងៃអង្គារ ទី១៦ ខែមិថុនា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បន្តដំណើរទស្សនកិច្ចសិក្សាស្វែងយល់ផ្ទាល់ពីប្រតិបត្តិការរបស់ក្រុមហ៊ុន Kyungshin ។ ក្រុមហ៊ុននេះ គឺជាដៃគូឧស្សាហកម្មដ៏មានឥទ្ធិពល និងជាក្រុមហ៊ុនឈានមុខគេមួយរបស់សាធារណរដ្ឋកូរ៉េ ក្នុងវិស័យផលិតគ្រឿងបង្គុំអេឡិចត្រូនិកយានយន្ត និងខ្សែភ្លើងរថយន្ត។
យោងតាមឯកឧត្តម ស៊ុន ចាន់ថុល នៅក្នុងឱកាសនោះ គណៈប្រតិភូកម្ពុជាត្រូវបានទទួលការស្វាគមន៍ពីសំណាក់ លោក Geum Woo Youn នាយកក្រុមហ៊ុន Kyungshin ។ ចូលរួមអមដំណើរគណៈប្រតិភូ CDC ក្នុងទស្សនកិច្ចការងារនេះមាន : លោក Park Joo-bong ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆ័ន ព្រមទាំងតំណាងមកពីក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា និងតំណាងសមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
សូមរំលឹកថា ក្រុមហ៊ុន Kyungshin Corporation ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៤ ហើយបានសាងកេរ្តិ៍ឈ្មោះយ៉ាងល្បីល្បាញលើការផលិតខ្សែភ្លើងរថយន្ត ឧបករណ៍ភ្ជាប់ចរន្ត ប្រអប់ហ្វុយស៊ីប និងប្រអប់បំបែកចរន្ត ខ្សែកាប ព្រមទាំងប្រព័ន្ធអគ្គិសនីសម្រាប់រថយន្តអគ្គិសនី ។
បច្ចុប្បន្ន ក្រុមហ៊ុនលំដាប់ពិភពលោកមួយនេះ កំពុងជំរុញការអភិវឌ្ឍបច្ចេកវិទ្យាទំនើបៗចុងក្រោយសម្រាប់រថយន្តអគ្គិសនី និងដំណោះស្រាយសម្រាប់ការធ្វើដំណើរនាពេលអនាគត។
ដោយឡែកសម្រាប់កម្ពុជា ក្រុមហ៊ុន Kyungshin មិនមែនជាអ្នកថ្មីឡើយ ដោយក្រុមហ៊ុនបានបោះទុនបង្កើតរោងចក្រផលិតខ្សែភ្លើងរថយន្ត នៅកម្ពុជាតាំងពីឆ្នាំ២០១២ មកម៉្លេះ។ រោងចក្រនេះមានទីតាំងស្ថិតនៅក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាមួយនឹងទំហំទុនវិនិយោគប្រមាណ ២០ លានដុល្លារអាមេរិក ហើយបច្ចុប្បន្នកំពុងផ្តល់ឱកាសការងារយ៉ាងសកម្មជូនដល់កម្មករ និយោជិតកម្ពុជា សរុបជិត ១៥ ០០០ នាក់ ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍ជំនាញបច្ចេកវិទ្យាយានយន្តនៅកម្ពុជា៕
































