ភ្នំពេញ: ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ។នេះជាការបញ្ជាក់របស់ឯកឧត្តមទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីរ៉ូម៉ានី និងជាបេក្ខភាពតំណែងអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នាឱកាសចូលជួបសម្តែងការគួរសម ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងរីករាយ ដែលបានជួបជាមួយឯកឧត្តម ដាសៀន ជូលៀន ស៊ីឡូស (Dacian Julien Cioloş)ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានីនិងប្រតិភូ ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា។សម្ដេចតេជោ សង្ឃឹមថា វត្តមានរបស់ឯកឧត្តម និងប្រតិភូ និងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងរ៉ូម៉ានី ឱ្យកាន់តែរឹងមាំបន្ថែម ហើយក៏នឹងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីឱ្យកាន់តែល្អប្រសើរថែមទៀត។
នៅក្នុងឱកាសនោះ ឯកឧត្តមទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីរ៉ូម៉ានី បាននាំសាររបស់ប្រធានាធិបតីរបស់លោក ថ្វាយព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងនាំសារសួរសុខទុក្ខចំពោះសម្ដេចតេជោ ប្រមុខរដ្ឋស្ដីទីផងដែរ ។ ឯកឧត្តមបានលើកឡើងថា កម្ពុជា និងរ៉ូម៉ានី មានទំនាក់ទំនងដ៏ល្អជាមួយគ្នា ហើយប្រទេសទាំងពីរ និងខិតខំប្រឹងប្រែងពង្រីកទំនាក់ទំនងបន្ថែមទៀតជាមួយគ្នា ។
ជាមួយគ្នានេះនៅក្នុងក្របខ័ណ្ឌអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ឯកឧត្តម ក៏បានជម្រាបសម្ដេចតេជោថា ឯកឧត្តមជាបេក្ខភាពតំណែង អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងបានចែករំលែកអំពីតួនាទីរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនៅក្នុងការពង្រឹង និងពង្រីកនូវពហុភាគីនិយម និងលើកស្ទួយបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការអន្តរជាតិ ។
ឯកឧត្តមក៏បានអបអរសាទរចំពោះកម្ពុជា ដែលនឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នៅក្នុងខែវិច្ឆិកាខាងមុខ ដោយឯកឧត្តមចាត់ទុកថា ភាពជាម្ចាស់ផ្ទះនេះ គឺជាឱកាសល្អសម្រាប់កម្ពុជា ក្នុងការចូលរួមចំណែកនៅក្នុងក្របខ័ណ្ឌនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនេះ ។
ឯកឧត្តមបានជម្រាបសម្ដេចតេជោ ហ៊ុន សែន ថា នៅក្នុងឱកាសដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនាពេលខាងមុខនេះ ឯកឧត្តមប្រធានាធិបតីរ៉ូម៉ានី រួមជាមួយធុរជនជាច្រើនទៀត នឹងអញ្ជើញមកកាន់កម្ពុជាផងដែរ។
តបវិញសម្ដេចតេជោ ហ៊ុន សែន បានអរគុណជាអនេកប្បការចំពោះសារសួរសុខទុក្ខ របស់លោកប្រធានាធិបតី រ៉ូម៉ានី ដែលបានថ្វាយចំពោះព្រះករុណាព្រះមហាក្សត្រកម្ពុជា ក៏ដូចជាសួរសុខទុក្ខសម្ដេចតេជោផង។សម្ដេចក៏បានផ្ដាំនូវការសួរសុខទុក្ខត្រឡប់ទៅកាន់លោកប្រធានាធិបតី រ៉ូម៉ានីវិញ។សម្ដេចតេជោបានបញ្ជាក់ថា សម្ដេចរង់ចាំស្វាគមន៍វត្តមានរបស់លោកប្រធានាធិបតី និងប្រតិភូ រួមជាមួយនឹងធុរជនរបស់ប្រទេសរ៉ូម៉ានី មកកាន់ប្រទេសកម្ពុជានាពេលខាងមុខ ។
ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានចែករំលែកនូវស្ថានការណ៍អន្តរជាតិ ជាមួយឯកឧត្តម ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី អំពីពហុភាគីនិយម ជាពិសេសនៅក្នុងក្របខ័ណ្ឌនៅក្នុងតួនាទីរបស់ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីធ្វើយ៉ាងណានៅក្នុងនាមជាអង្គការដែលមានសមាជិកដ៏ច្រើនដែលបច្ចុប្បន្នមានសមាជិកពេញសិទ្ធិរបស់ដល់ ៥៣ ប្រទេស។ ដូច្នេះក្នុងចំណោមសមាជិកទាំងអស់ ត្រូងពង្រឹងនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ដើម្បីធ្វើឱ្យតួនាទីរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី កាន់តែមានសក្ដានុពល និងរីកចម្រើនបន្ថែមទៀត។
ជាមួយគ្នានោះសម្ដេចតេជោ ក៏បានចែករំលែកនូវទស្សនៈទាក់ទងទៅនឹងការពង្រឹង និងពង្រីកនៅក្នុងក្របខ័ណ្ឌអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី តាមរយៈការប្រាស័យទាក់ទងគ្នា ក៏ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងនយោបាយ ជាមួយគ្នាប្រទេសដែលជាសមាជិកបន្ថែមទៀតនៅក្នុងក្របខ័ណ្ឌនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនេះ។ បន្ថែមពីលើនេះសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អង្គការអន្តរជាតិនេះ ក៏គប្បីធ្វើការពិចារណា ធ្វើយ៉ាងណាគាំទ្រនូវសមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិទៅវិញទៅមកផងដែរ៕
ដោយ៖វណ្ណលុក