បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»

ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»

ក្រសួងបរិស្ថាន សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការសង្គ្រោះបឋម» ជូនដល់គណៈកម្មាធិកា និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិរលាក់កង់ជើង ក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ ដើម្បីពង្រឹងសមត្ថភាពដើម្បីឆ្លើយតបនឹងករណីសង្គ្រោះបន្ទាន់ និងបង្កើនសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តនៅតំបន់ លម្ហែបៃតង «ភ្នំខ្នងផ្សារ»។

Advertisement

វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅនៅដំណាក់ដំរី តំបន់គោលដៅលម្ហែបៃតងភ្នំខ្នងផ្សារ ស្ថិតក្នុងភូមិតាំងបំពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តមហាវពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។

កម្មវិធីនេះបានធ្វើការសម្របសម្រួលដោយ លោក ជា ទិត្យ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ រួមជាមួយមន្ត្រីជំនាញមកពីការិយាល័យអភិវឌ្ឍន៍សហគមន៍ ការិយាល័យចំណេះដឹងនិងព័ត៌មានបរិស្ថាន ការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ មន្រ្តីឧទ្យានុរក្ស អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ នៃសហគមន៍មូលដ្ឋានជាច្រើននាក់។

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពសង្រ្គោះបន្ទាន់ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗរួមមាន ការឆ្លើយតបនឹងកំណើនទេសចរមកកម្សាន្តនៅភ្នំខ្នងផ្សារ ដែលមានការកើនឡើងខ្លាំង។ ក្រសួងបរិស្ថាន ចាំបាច់ត្រូវបំពាក់បំប៉នជំនាញសង្គ្រោះបឋម ដល់សហគមន៍ ដើម្បីរៀបចំខ្លួនដោះស្រាយរាល់ឧបទ្ទវហេតុនានា។

ការបណ្តុះបណ្តាលជួយដល់សហគមន៍ទទួលបានចំណេះដឹងពីបច្ចេកទេសសង្គ្រោះបន្ទាន់ ដូចជារបៀប ដាក់ជនរងគ្រោះសន្លប់ឱ្យដេកក្នុងទម្រង់សុវត្ថិភាព (Recovery position) ការសង្គ្រោះបឋមពេលមានពស់ចឹក ការរុំអបឆ្អឹងបាក់ និងការឃាត់ឈាម ការជួយសង្គ្រោះបន្ទាន់ ក្នុងករណីស្លាក់ ឬស្ទះផ្លូវដង្ហើមជាដើម។

តំណាងមន្ត្រីជំនាញក្រសួងបរិស្ថាន បានបញ្ជាក់ថា ការពង្រឹងសមត្ថភាពនេះ គឺដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពទាំងទេសចរ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន ព្រមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍតំបន់លម្ហែបៃតងប្រកបដោយនិរន្តរភាព។

ក្រសួងបរិស្ថានបានចាត់ទុកថាការពង្រឹងសមត្ថភាពដល់សហគមន៍មូលដ្ឋាននាពេលនេះជាការប្តេជ្ញាចិត្តយ៉ាងមុតមាំស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ជាពិសេសបាននិងកំពុងឆ្លើយតបនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងការជំរុញឱ្យមានភាពស្អាត ភាពបៃតង និងការរស់នៅប្រកបដោយចីរភាព តាមរយៈការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ បង្កើនការចូលរួមពីសហគមន៍ និងការការពារនិងធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព។ សូមបញ្ជាក់ថា បច្ចុប្បន្ន តំបន់លម្ហែបៃតង ភ្នំខ្នងផ្សារ ដែលស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញ គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយ ដោយសារសក្តានុពលធម្មជាតិ ដ៏ទាក់ទាញបំផុតមួយ ដោយសារ ទេសភាពព្រៃភ្នំ វាលស្មៅ និងជីវៈចម្រុះដ៏សម្បូរបែប៕

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា