សៀមរាប៖ ទិវាយូហ្គាពិភពលោក ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមកាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅ បរិវេណសួនព្រះរាជដំណាក់ ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម វ៉ាន់ឡាល់វ៉ាវណា បាវីតឡុង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប។
ព្រឹត្តិការណ៍យូហ្គាពិភពលោក ឆ្នាំ២០២៦បានរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងរដ្ឋបាលខេត្តសៀមរាប ។ប្រធានបទនៃទិវាយូហ្គាអន្តរជាតិលើកទី១២ ឆ្នាំនេះ គឺ «យូហ្គាដើម្បីសុខភាពមនុស្សចាស់» (Yoga for Healthy Ageing)។
ការប្រារព្ធទិវានេះមានគោលបំណងលើកកម្ពស់សុខភាពសាធារណៈ ផ្សព្វផ្សាយអត្ថប្រយោជន៍នៃការហាត់យូហ្គា ព្រមទាំងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និងទេសចរណ៍រវាងកម្ពុជា និងឥណ្ឌា។ ព្រឹត្តិការណ៍នេះក៏ត្រូវបានចាត់ទុកថា ជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាខេត្តសៀមរាបកាន់តែច្រើនផងដែរ។
ថ្លែងក្នុងអង្គពិធីឯកអគ្គរដ្ឋទូតឥណ្ឌាបានលើកឡើងថា ប្រធានបទនៃទិវាយូហ្គាអន្តរជាតិលើកទី១២ ឆ្នាំនេះ បានឆ្លុះបញ្ចាំងពីតួនាទីសំខាន់របស់យូហ្គាក្នុងការលើកកម្ពស់សុខុមាលភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវអារម្មណ៍។ លោកក៏បានគូសបញ្ជាក់ថា សកម្មភាពយូហ្គាបានរួមចំណែកផ្សព្វផ្សាយទីក្រុងសៀមរាប និងភ្នំពេញទៅកាន់សាធារណជនអន្តរជាតិ និងពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។
ថ្លែងក្នុងឱកាសនេះដែរ ឯកឧត្តម ហួត ហាក់ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជួយលើកកម្ពស់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារឥណ្ឌា ស្របពេលដែលឆ្នាំ២០២៦ ត្រូវបានបន្តជាឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា។ ឯកឧត្តមក៏បានលើកឡើងពីយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ដែលមានគោលបំណងបង្ហាញពីសក្តានុពលទេសចរណ៍ធម្មជាតិ និងសុខុមាលភាពរបស់កម្ពុជា។
បន្ទាប់ពីបញ្ចប់សុន្ទរកថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ ភ្ញៀវកិត្តិយស និងសិស្សានុសិស្សទាំងអស់ ប្រមាណជាង៣០០នាក់បានរួមគ្នាអនុវត្តលំហាត់ប្រាណយូហ្គាក្នុងបរិយាកាសស្រស់ស្រាយ ប្រកបដោយសាមគ្គីភាព និងភាពរស់រវើក៕
ដោយ៖ ប៊ុន រដ្ឋា