ដំណើរទស្សនកិច្ចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់សហព័ន្ធរុស្ស៊ី និងជំនួបទ្វេភាគីជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន មិនត្រឹមតែជាការបញ្ជាក់ពីចំណងមិត្តភាពយូរលង់ជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាបង្ហាញថា ទំនាក់ទំនងកម្ពុជា-រុស្ស៊ីកំពុងឈានចូលដំណាក់កាលថ្មីមួយ ក្នុងបរិបទនៃការផ្លាស់ប្តូរភូមិសាស្រ្តនយោបាយសាកលយ៉ាងជ្រាលជ្រៅ។
ឆ្នាំ២០២៦ជាឆ្នាំដ៏មានអត្ថន័យសម្រាប់កម្ពុជា ព្រោះវាជាខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី ហើយក៏ជាខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូត កម្ពុជា-រុស្ស៊ីផងដែរ។ ដំណើរទស្សនកិច្ចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅរុស្ស៊ី គឺជាឱកាសថ្មីមួយទៀត ក្នុងការប្រែក្លាយមិត្តភាពប្រពៃណីទៅជាដៃគូយុទ្ធសាស្ត្រសម្រាប់អនាគត។
សម្រាប់កម្ពុជា រុស្ស៊ីគឺជា «ដៃគូដ៏សំខាន់ និងគួរឱ្យទុកចិត្ត» ចំណែករុស្ស៊ីវិញបានចាត់ទុកកម្ពុជាជា «មិត្ត និងដៃគូយូរអង្វែង»។ ថ្នាក់ដឹកនាំប្រទេសទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនានា ជាពិសេសសេដ្ឋកិច្ច និងវិនិយោគ។
ការខិតកាន់តែជិតគ្នារវាងប្រទេសទាំងពីរ ធ្វើឡើងស្របពេលដែលពិភពលោកកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ហើយប្រទេសកំពុងអភិវឌ្ឍន៍ និងបណ្តាប្រទេសក្នុងតំបន់អាស៊ីកាន់តែមានតួនាទីលេចធ្លោលើឆាកអន្តរជាតិ។ ក្នុងបរិបទនេះ កម្ពុជាកំពុងអនុវត្តយុទ្ធសាស្ត្រការទូតដែលមានតុល្យភាព ដោយពង្រឹងទំនាក់ទំនងជាមួយមហាអំណាច និងដៃគូអភិវឌ្ឍន៍គ្រប់ទិសទី ដើម្បីរក្សាផលប្រយោជន៍ជាតិ។
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច យល់ឃើញថា កម្ពុជាកំពុងប្រើប្រាស់ «យុទ្ធសាស្ត្រទាក់ទាញមហាអំណាចទាំងអស់» ដែលជាវិធីសាស្ត្រសមស្របសម្រាប់ប្រទេសតូច ក្នុងបរិបទពិភពលោកពហុប៉ូល។ យុទ្ធសាស្ត្រនេះមិនត្រឹមតែជួយរក្សាតុល្យភាពការទូតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនឱកាសសេដ្ឋកិច្ច និងវិនិយោគពីប្រភពចម្រុះ ព្រមទាំងអាចជួយការពារឯករាជ្យភាព និងបង្កើនសមត្ថភាពកម្ពុជាចំពោះមុខការប្រែប្រួលនៃស្ថានការណ៍ពិភពលោក។
សម្រាប់កម្ពុជា រុស្ស៊ីអាចក្លាយជាដៃគូដ៏មានសារៈសំខាន់មួយ ជាពិសេសក្នុងវិស័យថាមពល និងបច្ចេកវិទ្យា។ ខណៈដែលកម្ពុជាកំពុងជំរុញការអភិវឌ្ឍឧស្សាហកម្ម និងសេដ្ឋកិច្ចបៃតង ការចូលរួមរបស់រុស្ស៊ីក្នុងវិស័យអាទិភាពទាំងនេះអាចបង្កើតឱកាសថ្មីៗសម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែង។
លោកបណ្ឌិត ញិល រដ្ឋា មើលឃើញថា ក្រៅពីទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ កម្ពុជា-រុស្ស៊ីគួរពង្រឹងកិច្ចសហប្រតិបត្តិការមសង្គម-សេដ្ឋកិច្ច ដោយមានវិស័យឯកជនដើរតួនាទីស្នូល។ ការតភ្ជាប់រវាងសហគ្រិន វិនិយោគិន និងប្រជាជននៃប្រទេសទាំងពីរនឹងក្លាយជាកម្លាំងចលករសំខាន់សម្រាប់ពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ។
លោកបណ្ឌិតបានបញ្ជាក់បន្ថែមថា ប្រសិនបើកម្ពុជាអាចដោះស្រាយឧបសគ្គផ្នែកភស្តុភារកម្ម និងបង្កើតយន្តការហិរញ្ញវត្ថុសមស្រប ដើម្បីសម្រួលដល់ការទូទាត់ប្រាក់ នោះទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងរុស្ស៊ី អាចនឹង កើនឡើងច្រើនដង ក្នុងរយៈពេល ៥ ទៅ ១០ឆ្នាំខាងមុខ។
ជារួម ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់សហព័ន្ធរុស្ស៊ីលើកនេះ អាចចាត់ទុកថាជាជំហានដ៏សំខាន់មួយក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ឆ្ពោះទៅកាន់កម្រិតថ្មីមួយទៀត៕

































