បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិននៅតែជាដៃគូវិនិយោគ និងពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា

ចិននៅតែជាដៃគូវិនិយោគ និងពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា

ក្នុងពិព័រណ៍ផលិតផលអាស៊ាន(កម្ពុជា)-ចិនលើកទី២នៅកោះពេជ្រ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា សាធារណរដ្ឋប្រជាមានិតចិននៅតែឈរនៅលំដាប់ទី១ ជាវិនិយោគិនធំជាងគេ និងជាដៃគូពាណិជ្ជកម្មដ៏មានសក្តានុពលរបស់កម្ពុជា ខណៈទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បន្តកើនឡើងជាបន្តបន្ទាប់។

Advertisement

ក្នុងពិធីបើក«ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦» នាព្រឹកថ្ងៃទី១៩ ខែមិថុនា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លោកជំទាវ សុមេធ សុមនា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម គូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន និងលំហូរវិនិយោគផ្ទាល់ពីប្រទេសចិនមកកម្ពុជា បានកើនឡើងជាប្រចាំ។ វិនិយោគចិនគ្របដណ្តប់លើវិស័យសំខាន់ៗជាច្រើន ដូចជា ឧស្សាហកម្មកាត់ដេរ កសិ-ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ទេសចរណ៍ និងសេវាហិរញ្ញវត្ថុ។

សន្ទុះកំណើននេះ ត្រូវបានជំរុញបន្ថែមតាមរយៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលបានផ្តល់អត្ថប្រយោជន៍ពន្ធអនុគ្រោះដល់ផលិតផលកម្ពុជាជាច្រើនប្រភេទ ក្នុងការនាំចូលទៅកាន់ទីផ្សារចិន។

លោកជំទាវរដ្ឋលេខាធិការក្រសួងពាណិជ្ជបានបន្ថែមថា ពិព័រណ៍នេះ គឺជាសក្ខីភាពនៃការរួមចំណែកយ៉ាងសកម្មក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជាឱ្យកាន់តែមានភាពរស់រវើក និងជាវេទិកាសំខាន់សម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ក្នុងការពង្រឹងម៉ាកសញ្ញាផលិតផល បង្កើតបណ្តាញទំនាក់ទំនង និងស្វែងរកឱកាសវិនិយោគរួមគ្នា។

ក្នុងនាមក្រសួងពាណិជ្ជកម្ម លោកជំទាវបានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មពីសំណាក់ក្រុមហ៊ុន ធុរជន និងវិនិយោគិនកម្ពុជា-ចិន ដែលបាននាំយកផលិតផល និងសេវាកម្មគុណភាពខ្ពស់មកដាក់តាំងបង្ហាញ ចាប់ពីសម្ភារៈអគ្គិសនី គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់យានយន្ត វាយនភណ្ឌ សម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន រហូតដល់សេវាប្រឹក្សាបច្ចេកទេស និងគម្រោងវិនិយោគនានា។

លោកជំទាវក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Jinbo Zhepang Exhibition និង UUS Power Live International Agency ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែករៀបចំព្រឹត្តិការណ៍នេះឡើងក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមិថុនា ដោយមានសហគ្រាសចិនជាង ១០០ និងវិនិយោគិនជាច្រើនចូលរួមដាក់តាំងបង្ហាញផលិតផល និងស្វែងរកដៃគូពាណិជ្ជកម្ម។

សូមបញ្ជាក់ថា នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានជាង ១៩,៧ ពាន់លានដុល្លារអាមេរិក គឺកើនឡើងជិត ៣០ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ ដោយឡែក ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦នេះ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ៩ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តួរលេខទាំងនេះសបញ្ជាក់ថា កម្ពុជា-ចិន កំពុងដើរលើផ្លូវដ៏ត្រឹមត្រូវក្នុងការខិតខំរួមគ្នា បង្កើនទំហំពាណិជ្ជកម្ម តាមរយៈការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងពេញលេញ នូវយន្តការដែលមានស្រាប់ ជាពិសេសក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

ដើម្បីចូលរួមជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេភាគី ក្រសួងពាណិជ្ជកម្មបាន និងកំពុងយកចិត្តទុកខ្ពស់ក្នុងការចូលរួមជាមួយភាគីពាក់ព័ន្ធ ដើម្បីបង្កើនសមត្ថភាពសហគ្រាសក្នុងស្រុក ក្នុងការលើកកម្ពស់ស្តង់ដាផលិតកម្ម និងការកែច្នៃផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារចិន ដែលមានអ្នកប្រើប្រាស់ជាង ១ ៤០០ លាននាក់៕

ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ

គ្រី សម្បត្តិ

ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា