ក្រសួងបរិស្ថានបានបន្តជំរុញចលនាដាំដើមឈើ និងបង្កើនគម្របបៃតងនៅកម្ពុជា តាមរយៈកម្មវិធីដាំដើមឈើក្រោមប្រធានបទ «រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង» ដែលរៀបចំឡើងនៅសងខាងផ្លូវជាតិលេខ៥៥ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីនេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តពោធិ៍សាត់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋ ដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាបរិស្ថាន និងជំរុញភាពបៃតងនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកនូវទស្សនទាន «មានបរិស្ថាន មានជីវិត» ដោយបញ្ជាក់ថា ការថែរក្សាបរិស្ថាន គឺជាការការពារសុខភាពសាធារណៈ និងអនាគតរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមក៏បានលើកឡើងថា កម្ពុជាត្រូវបានស្ថាប័នអន្តរជាតិល្បីមួយទទួលស្គាល់ថា ជាប្រទេសមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោកនិងនៅក្នុងតំបន់ ដោយសារការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងការចូលរួមពីប្រជាពលរដ្ឋក្នុងការអភិរក្សធនធានធម្មជាតិ។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថានកំពុងជំរុញយុទ្ធនាការ «ពន្លកបៃតង» តាមរយៈការបង្កើតថ្នាលបណ្តុះកូនឈើនៅទូទាំងប្រទេស ដើម្បីផ្តល់កូនឈើជូនសាធារណជនដោយឥតគិតថ្លៃ សំដៅបង្កើនគម្របបៃតង បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ជីវភាពសហគមន៍។
ជាមួយគ្នានេះ ក្រសួងនឹងបន្តពង្រឹងកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ អនុវត្តច្បាប់តឹងរឹងដើម្បីប្រសិទ្ធភាពនៃការទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ព្រមទាំងពង្រីកគម្របព្រៃឈើ និងជំរុញការចូលរួមរបស់យុវជនក្នុងការអភិរក្សបរិស្ថាន៕
ដោយ៖ ង៉ាន់ ទិត្យ

































