បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាប្តេជ្ញាការពារបេតិកភណ្ឌវប្បធម៌អរូបីពិភពលោកក្នុងក្របខ័ណ្ឌអង្គការយូណេស្កូ

កម្ពុជាប្តេជ្ញាការពារបេតិកភណ្ឌវប្បធម៌អរូបីពិភពលោកក្នុងក្របខ័ណ្ឌអង្គការយូណេស្កូ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសពីសមិទ្ធផលការទូតវប្បធម៌ដ៏សំខាន់មួយទៀតរបស់កម្ពុជា បន្ទាប់ពីត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូ សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣០។
 
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៩មិថុនា ក្រសួងការបរទេស​​បញ្ជាក់ថា ការជាប់ឆ្នោតរបស់កម្ពុជាមិនត្រឹមតែជាការទទួលស្គាល់ពីសំណាក់សហគមន៍អន្តរជាតិចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិរក្ស និងលើកតម្កើងបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីទំនុកចិត្តរបស់រដ្ឋសមាជិកលើសមត្ថភាព និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរួមចំណែកដល់ការការពារបេតិកភណ្ឌរស់របស់មនុស្សជាតិនៅក្នុងពិភពលោកផងដែរ។
 
គណៈកម្មាធិការអន្តររដ្ឋាភិបាលនេះ មានតួនាទីស្នូលក្នុងការអនុវត្តគោលបំណងនៃអនុសញ្ញាស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីឆ្នាំ២០០៣ ដោយទទួលបន្ទុកពិនិត្យសំណើសុំចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ ផ្តល់អនុសាសន៍អំពីវិធានការការពារ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងគាំទ្រដល់ការអភិរក្សបេតិកភណ្ឌនៅទូទាំងពិភពលោក។
 
ក្នុងនាមជាសមាជិកថ្មីនៃគណៈកម្មាធិការនេះ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តគោលការណ៍ និងគោលបំណងនៃអនុសញ្ញាឆ្នាំ២០០៣។ កម្ពុជាបានប្រកាសត្រៀមខ្លួនជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត និងរដ្ឋភាគីទាំងអស់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ការផ្លាស់ប្តូរបទពិសោធន៍ និងការចែករំលែកឧត្តមានុវត្តន៍ល្អៗក្នុងការការពារបេតិកភណ្ឌវប្បធម៌អរូបី។
 
ការចូលរួមក្នុងគណៈកម្មាធិការនេះក៏នឹងអនុញ្ញាតឱ្យកម្ពុជាដើរតួនាទីកាន់តែសកម្មក្នុងការរៀបចំគោលនយោបាយ និងចូលរួមពង្រឹងកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការការពារបេតិកភណ្ឌវប្បធម៌អរូបី ដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់បច្ចុប្បន្ន និងទៅអនាគត។

Advertisement

បេតិកភណ្ឌវប្បធម៌អរូបី គឺសំដៅលើជំនឿ កិច្ចប្រតិបត្តិ សិល្បៈសម្ដែង ចំណេះដឹង និងជំនាញប្រពៃណី ដែលប្រទេស ឬសហគមន៍នីមួយៗទទួលស្គាល់ថាជាផ្នែកមួយនៃអត្តសញ្ញាណ និងវប្បធម៌របស់ខ្លួន។ ​សម្រាប់កម្ពុជា បេតិកភណ្ឌវប្បធម៌អរូបីជាច្រើនត្រូវបាន UNESCO ចុះបញ្ជីរួចហើយ ក្នុងនោះមាន របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោលវត្តស្វាយអណ្តែត គុនល្បុក្កតោ និងក្រមា៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា