ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ បានណែនាំដល់មន្រ្តីនៃមន្ទីរព័ត៌មានខេត្តកំពត ឱ្យរៀបចំផែនការគ្រប់គ្រង និងផលិតមាតិកាព័ត៌មានឱ្យមានភាពច្បាស់លាស់ និងប្រព័ន្ធការងារល្អប្រសើរ ដើម្បីធានាការផ្សព្វផ្សាយព័ត៌មានបានទាន់ពេលវេលា ឆ្លុះបញ្ចាំងពីសមិទ្ធផល និងវឌ្ឍនភាពនានារបស់ខេត្ត ព្រមទាំងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការងារសាធារណមតិ។
ការណែនាំនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំតម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ ដែលដឹកនាំដោយឯកឧត្តម ទេព អស្នារិទ្ធ និងឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកការងារមន្ទីរព័ត៌មានខេត្តកំពត ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរព័ត៌មានខេត្តកំពត កាលពីចុងសប្ដាហ៍កន្លងទៅ
ក្នុងឱកាសដដែលនេះដែរ ឯកឧត្តម ទេព អស្នារិទ្ធ បានជំរុញឱ្យមន្ត្រីព័ត៌មានរៀបចំប្រតិទិនមាតិកាព័ត៌មាន ដោយផ្តោតលើសមិទ្ធផលរបស់រដ្ឋបាលខេត្ត ការអភិវឌ្ឍមូលដ្ឋាន សក្តានុពលវិស័យទេសចរណ៍ និងសកម្មភាពដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យមន្ត្រីជំនាញបង្កើនការផលិតវីដេអូខ្លីបែបទម្រង់បញ្ឈរ (Short-form Video) សម្រាប់ផ្សព្វផ្សាយតាមបណ្តាញសង្គម ដូចជា TikTok, Facebook Reels និង YouTube Shorts ដោយផ្តោតលើប្រសាសន៍ដឹកនាំ សារសំខាន់ៗរបស់អភិបាលខេត្ត និងសកម្មភាពនានារបស់រដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពជំនាញ។
ឯកឧត្តមបានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានបែបបុរេសកម្ម មិនត្រឹមតែជួយឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទប់ស្កាត់ និងឆ្លើយតបទាន់ពេលវេលាចំពោះព័ត៌មានក្លែងក្លាយ ឬការផ្សព្វផ្សាយដែលមានចេតនាបង្កការយល់ច្រឡំលើការដឹកនាំរបស់រដ្ឋបាលខេត្តផងដែរ។
ដោយឡែក ឯកឧត្តម សោម កុសល បានលើកឡើងថា ការផលិត និងផ្សព្វផ្សាយព័ត៌មានឱ្យបានលឿន ត្រឹមត្រូវ និងគួរឱ្យទុកចិត្ត គឺជាកត្តាសំខាន់ក្នុងការបន្សាប និងលុបបំបាត់ព័ត៌មានមិនពិត។ ឯកឧត្តមបានសង្កត់ធ្ងន់ថា មន្ត្រីជំនាញមិនគួរទុកឱ្យព័ត៌មានអវិជ្ជមានកើតមានដោយគ្មានការឆ្លើយតបនោះឡើយ ព្រោះមានតែព័ត៌មានពិតប៉ុណ្ណោះ ដែលអាចប្រឆាំង និងបន្សាបព័ត៌មានក្លែងក្លាយបានប្រកបដោយប្រសិទ្ធភាព។
ជាការឆ្លើយតប លោកស្រី ប៉ូ ចាន់រស្មី ប្រធានមន្ទីរព័ត៌មានខេត្តកំពត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលបានផ្តល់ការណែនាំ និងតម្រង់ទិសការងារយ៉ាងច្បាស់លាស់។ លោកស្រីបានប្តេជ្ញាថា នឹងដឹកនាំមន្ត្រីក្រោមឱវាទអនុវត្តផែនការការងារឱ្យទទួលបានជោគជ័យ ដើម្បីបម្រើប្រយោជន៍សាធារណៈ និងបំពេញតួនាទីជាសេនាធិការជូនរដ្ឋបាលខេត្ត និងក្រសួងព័ត៌មានប្រកបដោយប្រសិទ្ធភាព៕
ដោយ៖ង៉ាន ទិត្យ