ភ្នំពេញ៖កម្ពុជា និងតួកគីយ៉េ បានបង្ហាញការប្តេជ្ញាចិត្តរួមក្នុងការ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត លើវិស័យសំខាន់ៗជាច្រើន រួមមាន សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម សន្តិសុខ ការពារជាតិ អប់រំ ទេសចរណ៍ និងបរិស្ថាន។
ការប្តេជ្ញាចិត្តនេះត្រូវបានលើកឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម មេសស៊ូត អូសកាន(Mesut Özcan )ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគីយ៉េប្រចាំកម្ពុជាកាលពីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី តួកគីយ៉េ បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ ការ រវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណដល់រាជ រដ្ឋាភិបាល កម្ពុជា ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់ការគាំទ្រ និង កិច្ចសហប្រតិបត្តិការល្អប្រសើរដល់ភាគីតួកគីយ៉េនាពេលកន្លងមក។ឯកអគ្គរដ្ឋទូតថ្មីបានបញ្ជាក់ជូនសម្ដេចបវរធិបតី អំពីការប្តេជ្ញាចិត្តក្នុង ការបន្តជំរុញពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែទូលំ ទូលាយ និងស៊ីជម្រៅបន្ថែមទៀតលើវិស័យនានាក្នុងអំឡុងពេល បំពេញ បេសកកម្មការទូតនៅកម្ពុជា។
ជាការឆ្លើយតបសម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរ ចំពោះឯកឧត្តម មេសស៊ូត អូសកាន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា និងបានសម្តែងការពេញចិត្តចំពោះ ភាពរីកចម្រើននៃទំនាក់ទំនង និងភាពជាដៃគូរវាងប្រទេសទាំងពីរ។សម្តេចធិបតីជំនឿថា ក្រោមអាណត្តិការទូតរបស់ឯកឧត្តម មេស៊ូត អូសកាន ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគី យ៉េ នឹងបន្តរីកចម្រើនកាន់តែខ្លាំង និងផ្តល់ផលប្រយោជន៍ជាក់ស្តែង ដល់ប្រជាជននៃប្រទេសទាំងពីរ។
ក្នុងជំនួបនោះភាគីទាំងពីរក៏បានពិភាក្សាអំពីមធ្យោបាយនានា ដើម្បី ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ជាពិសេសវិស័យ សេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម សន្តិសុខ និងការពារជាតិ អប់រំ ទេសចរណ៍ និងបរិស្ថាន។
សម្តេចធិបតីក៏បានលើកទឹកចិត្តឱ្យឯកអគ្គរដ្ឋទូតតួកគីយ៉េ បន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធរបស់កម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។
សូមជម្រាបថា ឯកឧត្តម មេសស៊ូត អូសកាន បានប្រគល់សារតាំងជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះ រាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។ កម្ពុជា និងតួកគីយ៉េ បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាជិត ៧ទសវត្សរ៍ មកហើយ ដោយឈរលើមូលដ្ឋាននៃការជឿទុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួមរបស់ប្រជាជនទាំង ពីរ។
ក្នុងរយៈពេលចុងក្រោយនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់ តែខ្លាំងឡើង ដោយមានការតភ្ជាប់ជើងហោះហើរត្រង់ និងការ កើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលសម្រេចបានប្រមាណ ៧០លានដុល្លារអាម៉េរិក៕
ដោយ៖វណ្ណលុក