បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជើងហោះហើរ ឥណ្ឌា-សៀមរាប នឹងផ្អាកបណ្តោះអាសន្ន ដោយសារឥទ្ធិពលសង្រ្គាមនៅមជ្ឈឹមបូព៌ា

ជើងហោះហើរ ឥណ្ឌា-សៀមរាប នឹងផ្អាកបណ្តោះអាសន្ន ដោយសារឥទ្ធិពលសង្រ្គាមនៅមជ្ឈឹមបូព៌ា

ជម្លោះរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បាននាំបង្ខំឱ្យមានការបិទដែនអាកាស និងការប្តូរផ្លូវហោះហើរនៅមជ្ឈមណ្ឌលអាកាសចរណ៍សំខាន់ៗជាច្រើន ដូចជា ឌូបៃ ដូហា និងអាប៊ូដាប៊ី។ ទោះបីជាកម្ពុជានៅតែអាចតភ្ជាប់ផ្លូវអាកាសតាមរយៈការបង្វែរជើងហោះហើរមកតាមសិង្ហបុរី កូឡាឡាំពួរ ឬអ៊ីស្តង់ប៊ុលក៏ដោយ ប៉ុន្តែការប្តូរផ្លូវហោះហើរនេះបានធ្វើឱ្យក្រុមហ៊ុនចំណាយច្រើន និងប៉ះពាល់ដល់លំហូរភ្ញៀវទេសចរមកពីបណ្តាប្រទេសលោកខាងលិច។

Advertisement

ជាក់ស្ដែង ដោយមិនអាចទ្រាំទ្រនឹងការចំណាយលើប្រតិបត្តិការទៀតបាន ក្រុមហ៊ុនអាកាសចរណ៍ Indigo បានសម្រេចផ្អាកជាបណ្តោះអាសន្នចាប់ពីខែកក្កដា ឆ្នាំ២០២៦តទៅ នូវការហោះហើរតភ្ជាប់ពីទីក្រុងកុលកាតា ប្រទេសឥណ្ឌា មកកាន់ទីក្រុងសៀមរាប។

ក្រុមហ៊ុនអាកាសចរណ៍ Indigo បានតភ្ជាប់ជើងហោះហើរត្រង់រវាង Kolkata និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការហោះហើរចំនួន ៦ជើង ក្នុងមួយសប្តាហ៍(ទ្វេរទិស) ជាមួយយន្តហោះប្រភេទ Airbus A320 neo។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ថា ការសម្រេចផ្អាកខ្សែផ្លូវហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ គឺដោយសារឥទ្ធិពលនៃសង្គ្រាមនៅមជ្ឈឹមបូព៌ា ដែលបានធ្វើឱ្យតម្លៃប្រេងកើនឡើងខ្ពស់ ហើយជំរុញឲ្យការចំណាយក្នុងប្រតិបត្តិការខ្ពស់។ ដូច្នេះ ក្រុមហ៊ុន ដែលដំណើរការហោះហើរអស់រយៈពេលជិត ១ឆ្នាំមកនេះ ត្រូវការពេលរៀបចំយុទ្ធសាស្ត្រទីផ្សារឡើងវិញ។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ទៀតថា ក្រៅពីក្រុមហ៊ុនអាកាសចរណ៍ Indigo របស់ឥណ្ឌា ក៏មានជើងហោះហើររបស់ Firefly នៃប្រទេសម៉ាឡេស៊ី បានផ្អាកហោះហើរបណ្តោះអាសន្ន មកកាន់កម្ពុជាដែរ កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ។

ក្រុមហ៊ុនអាកាសចរណ៍ Firefly Airlines បានតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងកូឡាឡាំពួរ មកកាន់ខេត្តសៀមរាប កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានជើងហោះហើរចំនួន ៦ជើង ក្នុងមួយសប្ដាហ៍(ទ្វេរទិស)។ យ៉ាងណាក៏ដោយ សង្គ្រាមនៅមជ្ឈឹមបូព៌ា និងបញ្ហាសាកលផ្សេងៗទៀត បានជះឥទ្ធិពលដល់វិស័យអាកាសចរណ៍សាកល រួមទាំងវិស័យទេសចរណ៍របស់កម្ពុជាដែរ។

យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងទេសចរណ៍ ក្នុងរយៈពេល ៥ខែឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១,៥ លាននាក់ ធ្លាក់ចុះ ៦ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ខន ណារី AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា