ចាប់ពីពេលនេះទៅ កម្ពុជាអាចដឹកជញ្ជូនកសិផលខ្មែរចំនួន ៦ មុខទៅកាន់ទីផ្សារចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។ ផ្លូវថ្មីនេះធ្វើឲ្យការដឹកជញ្ជូនចំណេញពេលវេលា និងកាត់បន្ថយការចំណាយ។

ចាប់ពីពេលនេះទៅ កម្ពុជាអាចដឹកជញ្ជូនកសិផលខ្មែរចំនួន ៦ មុខទៅកាន់ទីផ្សារចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។ ផ្លូវថ្មីនេះធ្វើឲ្យការដឹកជញ្ជូនចំណេញពេលវេលា និងកាត់បន្ថយការចំណាយ។
ពិធីសម្ពោធជាផ្លូវការនៃការដឹកជញ្ជូនកសិផលឆ្លងកាត់ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ២២ ខែមិថុនា ២០២៦ នៅទីក្រុងវៀងចន្ទន៍ ដោយមានការចូលរួមផ្ទាល់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងរបស់រដ្ឋាភិបាល ឡាវ។ តំណាងដៃគូវិស័យឯកជនកម្ពុជាចំនួន ៣០ ក្រុមហ៊ុនក៏មានវត្តមានក្នុងពិធីនេះផងដែរ។
នៅក្នុងថ្ងៃសម្ពោធនេះ ទុរេនខ្មែរចំនួន៤កុងទីន័រត្រូវបាននាំចេញទៅកាន់ប្រទេសចិនតាមរយៈច្រកចេញថ្មីរបស់កម្ពុជាតាមរយៈប្រទេសឡាវ។
ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នេះគឺជាលើកទី១ហើយដែលកម្ពុជាសម្រេចបានក្នុងការនាំចេញផ្លែទុរេន ទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការដឹកជញ្ជូននេះមានការចំណេញពេលវេលា ដែលធម្មតាចំណាយពេលពី១៥ទៅ២០ថ្ងៃឯណោះ។ ប៉ុន្តែសម្រាប់ច្រកថ្មីនេះ គឺប្រើពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះទំនិញនឹងដល់ទីផ្សារប្រទេសចិនហើយ។
ក្រសួងកសិកម្មបានចាត់ទុកថា នេះគឺជាសមិទ្ធផលដ៏ធំធេងមួយ ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការចរចាយ៉ាងសកម្មកន្លងមកនេះ ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រសួងកសិកម្ម និងបរិស្ថានឡាវ។ ជាមួយការបើកផ្លូវពីឡាវ និងការសម្របសម្រួលនីតិវិធីនានា កម្ពុជាអាចដឹកជញ្ជូនឆ្លងកាត់កសិផលរបស់ខ្លួនចំនួន ៦ មុខទៅកាន់ទីផ្សារចិន រួមមាន៖ ចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និងទុរេន។
ក្រសួងកសិកម្មបានលើកឡើងដែរថា នេះគឺជាសញ្ញាណវិជ្ជមាន និងជាកាលានុវត្តភាពថ្មីស្រឡាងសម្រាប់ប្រជាកសិករ ក៏ដូចជាម្ចាស់អាជីវកម្មក្នុងវិស័យកសិកម្មនៅកម្ពុជា ក្នុងការចាប់យកឱកាស និងពង្រីកសក្តានុពលកសិផលខ្មែរនៅលើទីផ្សារអន្តរជាតិ។
ចិនគឺជាដៃគូពាណិជ្ជដ៏ធំមួយរបស់កម្ពុជា។ កាលពីឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានជិត ២០ ពាន់លានដុល្លារអាមេរិក គឺកើនឡើងជិត ៣០ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ ដោយឡែក ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦នេះ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ៩ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញទៅប្រទេសចិន មានដូចជា ផលិតផលកសិកម្ម គ្រឿងសង្ហារឹម គ្រឿងអលង្ការ និងផលិតផលវាយនភណ្ឌ៕







