ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ ជ្រាបថា ដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាព និងអន្តរប្រតិបត្តិការនៃការអភិវឌ្ឍសុសវែរ ព្រមទាំងឆ្លើយតបទៅនឹងសកម្មភាពអាទិភាពនៃក្របខណ្ឌយុទ្ធសាស្រ្តទី30 នៃគោលនយោបាយរដ្ឋាភិបាលឌីជីថលឆ្នាំ២០២២-២០៣៥ ក.ប.ទ. សម្រេចដាក់ចេញ “ផតថលសម្រាប់អ្នកអភិវឌ្ឍសុសវែរ ដំណាក់កាលទី១ (Developer Portal – Phase I)” សម្រាប់អនុវត្តក្នុងក្របខណ្ឌ ក.ប.ទ. ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ផតថលនេះនឹងដើរតួជាច្រករួមតែមួយ (one single service) ដែលនឹងផ្តល់នូវគោលការណ៍ណែនាំរួមនៃការអភិវឌ្ឍសុសវែររបស់អ្នកអភិវឌ្ឍសុសវែរទូទៅ ទាំងក្នុងរដ្ឋាភិបាល និងវិស័យឯកជន។ ផតថលនេះត្រូវបានអភិវឌ្ឍឡើងដោយអ្នកជំនាញរបស់ ក.ប.ទ. និងបានពិភាក្សាផ្ទៃក្នុងជាមួយអង្គភាពពាក់ព័ន្ធ ដោយចែកចេញជា ៣ ផ្នែកធំៗ រួមមាន (១)មគ្គុទ្ទេសក៍ក្នុងការអភិវឌ្ឍសុសវែរ (វដ្តនៃការអភិវឌ្ឍសុសវែរ គោលការណ៍នៃការគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់ អន្តរប្រតិបត្តិការ និងសន្តិសុខសាយប័រជាដើម) (២)លំនាំបែបបទសរសេរកូដ និង(៣)ការតាំងបង្ហាញផលិតផលរដ្ឋាភិបាលឌីជីថល។
អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាចូលរួមគាំទ្រ សិក្សាស្វែងយល់ និងអនុវត្តតាមគោលការណ៍ណែនាំ ប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីពង្រឹងប្រព័ន្ធរបស់ក្រសួងឱ្យកាន់តែមានគុណភាព សុវត្ថិភាព និងមានកម្រិតអន្តរប្រតិបត្តិការល្អ ក្នុងគោលដៅកសាងរដ្ឋាភិបាលឌីជីថល ប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់៕
ដោយ ង៉ាន់ ទិត្យ