ប្រទេសកម្ពុជាបាននាំយកចម្លាក់បុរាណ និងគំនូរចំនួន៩ ទៅចូលរួមដាក់តាំងក្នុងពិព័រណ៍ពិភពលោកស្តីពីទម្រង់អវតាររបស់ព្រះវិស្ណុ នៅទីក្រុងស៊ីដនីយ៍ ប្រទេសអូស្រ្តាលី។ រូបទាំងនេះមានចម្លាក់ថ្មចំនួន ៥, លោហៈ ១ និងគំនូរចំនួន ៣ ក្នុងនោះមាន ផ្ដែរព្រះនារាយណ៍ផ្ទុំ ផ្ដែរព្រះនារាយណ៍ជិះគ្រុឌ ពាជីមុខ ព្រះនារាយណ៍ គ្រឹស្ណាទ្រភ្នំ និងគំនូររឿងរាមកេរ្តិ៍ ។
វត្ថុសិល្បៈខ្មែរទាំង៩នេះត្រូវដាក់តាំងរួមគ្នាជាមួយរូបចម្លាក់ផ្សេងៗទៀ តដែលបង្ហាញអំពីទម្រង់របស់ព្រះវិស្ណុ សរុបចំនួនប្រមាន២០០រូបចម្លាក់ មកពីសារមន្ទីរល្បីៗនៅលើពិភពលោក នៅក្នុងវិចិត្រសាលសិល្បៈ New South Wales។ ពិព័រណ៍មិនអចិន្រ្តៃយ៍នេះមានរយៈពេល៤ខែ ចាប់ពីថ្ងៃទី២០ ខែមិថុនា រហូតដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលការតាំងពិព័រណ៍រូបចម្លាក់ខ្មែរធ្វើឡើងនៅក្នុងប្រទេសអូស្រ្តាលី ប៉ុន្តែសម្រាប់រយៈពេលប្រមាណប្រាំឆ្នាំចុងក្រោយ ការតាំងពិព័រណ៍មិនអចិន្រ្តៃយ៍ អំពី Avatar ព្រះវិស្ណុនេះ គឺជាលើកទី១ហើយដែលមានការនាំយករូបចម្លាក់ខ្មែរមកបង្ហាញនៅក្នុងទឹកដីប្រទេសអូស្រ្តាលី។
ឯកឧត្តម ស៊ុ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា រូបចម្លាក់បុរាណទាំង ៩នេះ ត្រូវបានបញ្ជូនចេញពីសារមន្ទីរជាតិកម្ពុជា និងសារមន្ទីរខេត្តបាត់ដំបង ដែលសុទ្ធសឹងជាស្នាដៃឯកតំណាងឱ្យការវិវត្តនៃទម្រង់អវតារព្រះវិស្ណុ តាំងពីសម័យមុនអង្គររហូតដល់សម័យអង្គរ។
មន្រ្តីជាន់ខ្ពស់រូបនេះ បានសង្កត់ធ្ងន់ថា ការបង្ហាញវត្តមានរបស់មរតកដូនតាខ្មែរនៅលើទឹកដីអូស្ត្រាលីនាពេលនេះ មិនត្រឹមតែជាការផ្សព្វផ្សាយទម្រង់សិល្បៈខ្មែរដ៏មានតម្លៃ និងល្អឯកគ្មានពីរនោះទេ ប៉ុន្តែថែមទាំងជាការឆ្លុះបញ្ចាំងពីការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការវប្បធម៌យ៉ាងជិតស្និទ្ធរវាងប្រទេសកម្ពុជា និងអូស្ត្រាលី ផងដែរ។
លើសពីនេះ ការរួមបញ្ចូលគ្នារវាងសិល្បៈសម័យមុនអង្គរ និងសម័យអង្គរ ក្នុងព្រឹត្តិការណ៍នេះ មានអត្ថន័យអប់រំយ៉ាងស៊ីជម្រៅ ដោយបង្ហាញពិភពលោកឱ្យឃើញពីការវិវត្តនៃសិល្បៈខ្មែរ ក្នុងនោះបានឆ្លុះបញ្ចាំងពីចរិតលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ដែលទោះបីជាទទួលឥទ្ធិពលទស្សនវិជ្ជាសាសនាពីឥណ្ឌា ប៉ុន្តែទម្រង់សិល្បៈចម្លាក់វិញ គឺត្រូវបានច្នៃប្រឌិតឡើងដោយឯករាជ្យ និងមិនបានចម្លងតាមទម្រង់សិល្បៈរបស់ឥណ្ឌាឡើយ។
បើតាមអ្នកនាំពាក្យដដែល បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍នៅប្រទេសអូស្ត្រាលី កម្ពុជានៅមានផែនការធំៗបន្តបន្ទាប់ទៀតដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរលើឆាកអន្តរជាតិ ដោយត្រៀមបញ្ជូនរូបចម្លាក់បុរាណជាង ២០០បន្ថែមទៀត ទៅដាក់តាំងបង្ហាញនៅក្នុងប្រទេសចិន ប្រទេសអ៊ីតាលី និងប្រទេសហូឡង់ នាពេលខាងមុខ៕

































