បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជារម្លឹកប្រាប់ពិភពលោកថា សាលដីកាតុលាការអន្តរជាតិមិនអាចរំលោភបំពានបានឡើយ​

កម្ពុជារម្លឹកប្រាប់ពិភពលោកថា សាលដីកាតុលាការអន្តរជាតិមិនអាចរំលោភបំពានបានឡើយ​

នៅអង្គការសហប្រជាជាតិ កម្ពុជាបានរម្លឹកប្រាប់ពិភពលោក ពីភាពចាំបាច់ក្នុងការគោរពច្បាប់អន្តរជាតិ សេចក្តីសម្រេចចិត្តនានារបស់ក្រុមប្រឹក្សាសន្តិសុខ និងសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលមានអនុភាពគតិយុត្តិខ្ពស់បំផុត មិនអាចមានប្រទេសណារំលោភបំពានបានឡើយ។

ឯកឧត្ដម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ គឺជាឧបករណ៍គន្លឹះដ៏មានសារៈសំខាន់ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ព្រមទាំងការទប់ស្កាត់ និងកាត់បន្ថយភាពតានតឹង។ ដូច្នេះរាល់សេចក្តីសម្រេចទាំងឡាយត្រូវតែអនុវត្តឱ្យបានពេញលេញ។

ការថ្លែងបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ «ការបំពេញចន្លោះខ្វះខាតក្នុងការអនុវត្ត៖ សេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ និងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ» កាលពីថ្ងៃទី ២៣ មិថុនា នៅទីក្រុងញូយ៉ក។

លើសពីនេះទៀត ឯកឧត្តម កែវ ឈា បានសង្កត់ធ្ងន់ថា «ដូចគ្នានឹងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខដែរ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលមានអនុភាពគតិយុត្តិបង្គាប់ គឺដាច់ខាតមិនត្រូវរងការរំលោភបំពានឡើយ ទោះបីជាស្ថិតក្រោមលេស ឬល្បិចកលណាមួយក៏ដោយ»។

ទោះបីជាការថ្លែងរបស់តំណាងកម្ពុជាធ្វើឡើងក្នុងទម្រង់ទូទៅសម្រាប់សន្តិសុខពិភពលោក ប៉ុន្តែបើពិនិត្យលើទិដ្ឋភាពជាក់ស្តែង សារនយោបាយការទូតនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីបទពិសោធន៍ឈឺចាប់ និងជូរចត់របស់កម្ពុជាក្នុងប្រវត្តិសាស្ត្រ ជុំវិញការឈ្លានពានរបស់ភាគីថៃមកលើបូរណភាពទឹកដីកម្ពុជា។

ជាក់ស្តែង សាលដីកាឆ្នាំ ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចក្តីឱ្យកម្ពុជាឈ្នះក្តីលើសំណុំរឿងប្រាសាទព្រះវិហារ ដោយបង្គាប់ឱ្យថៃដកកងទ័ព និងកងកម្លាំងរក្សាសន្តិសុខទាំងអស់ចេញពីប្រាសាទ និងទឹកដីជុំវិញ។ ប៉ុន្តែ ភាគីថៃតែងតែព្យាយាមប្រើប្រាស់លេសផ្សេងៗ ដើម្បីបំពានលើខ្លឹមសារនៃសាលដីកានេះ។

នៅឆ្នាំ ២០០៨-២០១១ ក្រោយពេលកម្ពុជាបានចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ភាគីថៃបានប្រើប្រាស់កម្លាំងយោធាបើកការឈ្លានពាន និងបង្កជម្លោះប្រដាប់អាវុធនៅតាមបន្ទាត់ព្រំដែន ដោយប្រើលេសតវារឿង «ផ្ទៃដីត្រួតស៊ីគ្នា ៤.៦ គីឡូម៉ែត្រការ៉េ» ​រហូតកម្ពុជាសម្រេចប្តឹងទៅតុលាការទីក្រុងឡាអេឲ្យបកស្រាយសាលក្រមឆ្នាំ១៩៦២ ឡើងវិញ។

Advertisement

ស្របពេលដែលថៃរំលោភបំពានលើច្បាប់អន្តរជាតិជាបន្តបន្ទាប់ក្នុងជម្លោះព្រំដែនជាមួយកម្ពុជា ការលើកឡើងរបស់ឯកឧត្តម កែវ ឈា នៅពេលនេះ គឺជាសាររម្លឹកដ៏សំខាន់មួយទៅកាន់សហគមអន្តរជាតិ ព្រោះសម្រាប់ប្រទេសតូច និងកំពុងអភិវឌ្ឍដូចកម្ពុជា ច្បាប់អន្តរជាតិ និងសាលដីការបស់តុលាការអន្តរជាតិ គឺជាខែលការពារដ៏រឹងមាំសម្រាប់ទប់ទល់ជាមួយប្រទេសធំៗ ដែលតែងចិញ្ចឹមមហិច្ចតាឈ្លានពានទឹកដីប្រទេសជិតខាងដោយប្រើកម្លាំង៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា