បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
(ប្រអប់វិភាគស៊ីជម្រៅ) លោកតាប្រាប់ទៅថៃថាប្រទេសដែលមានកិត្តិយស មិនមែនជា​ប្រទេស​ដែល​ចង្អុលម្រាមដៃទៅអ្នកដទៃ ដើម្បីលាក់បញ្ហារបស់ ខ្លួននោះទេ

(ប្រអប់វិភាគស៊ីជម្រៅ) លោកតាប្រាប់ទៅថៃថាប្រទេសដែលមានកិត្តិយស មិនមែនជា​ប្រទេស​ដែល​ចង្អុលម្រាមដៃទៅអ្នកដទៃ ដើម្បីលាក់បញ្ហារបស់ ខ្លួននោះទេ

ភ្នំពេញ៖អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ្នកនយោបាយថៃ និងអ្នក​អត្ថាធិប្បាយមួយចំនួនលើប្រព័ន្ធផ្សព្វផ្សាយ បានប្រើពាក្យ «Scambodia» ដើម្បីប្រមាថ និងបង្កាច់កម្ពុជា។ ពាក្យនេះមិនមែនជា​ការរិះគន់ប្រកបដោយវិជ្ជាជីវៈ ឬផ្អែកលើអង្គហេតុដែលបាន​ស្រាវជ្រាវ​យ៉ាងគ្រប់ជ្រុងជ្រោយនោះទេ ប៉ុន្តែជាការបង្កើត “ស្លាក” (label) មួយ ដើម្បីបង្វែរមតិសាធារណៈ ឱ្យជឿថា ឧក្រិដ្ឋកម្ម​អនឡាញ គឺជាបញ្ហា​របស់​កម្ពុជាតែម្នាក់ឯង ខណៈដែលប្រទេសខ្លួនឯងគ្មានទំនាក់ទំនងអ្វី​ឡើយ។ប៉ុន្តែការពិត មិនដែលស្ថិតក្រោមការគ្រប់គ្រងរបស់នរណាម្នាក់​ឡើយ។

Advertisement

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ប៉ូលិសតំបន់ទី៥ របស់ថៃ បានចុះ​បង្ក្រាបទីតាំងប្រតិបត្តិការ Scam Online មួយនៅ​ស្រុកសារ៉ាភី ខេត្តឈៀងម៉ៃ ដោយចាប់ខ្លួនជនជាតិចិន ១១ នាក់ និងជនជាតិ​មីយ៉ាន់ម៉ា ៤ នាក់ ដែលបានជួលផ្ទះ​ប្រណីត​ក្នុងតម្លៃប្រមាណ ៨០,០០០ បាតក្នុងមួយខែធ្វើជាមូលដ្ឋានប្រតិបត្តិការ។

តាមការចុះផ្សាយរបស់ Bangkok Post ក្រុមនេះបានក្លែងខ្លួនជា​បុគ្គលិកក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនដឹកជញ្ជូនដើម្បី​ទាក់ទងជនរងគ្រោះនៅក្នុងប្រទេសចិន។

ពួកគេបោកបញ្ឆោតឱ្យជនរងគ្រោះដំឡើងកម្មវិធីដែលអនុញ្ញាតឱ្យពួកគេចូលប្រើព័ត៌មានផ្ទាល់ខ្លួន រួចយកព័ត៌មានទាំងនោះទៅ​ប្រព្រឹត្ត​អំពើក្លែងបន្លំហិរញ្ញវត្ថុ។ ប្រាក់ដែលទទួលបានពីការបោកប្រាស់ ត្រូវបាន​ផ្ទេរ​តាមរយៈរូបិយប័ណ្ណឌីជីថល (Cryptocurrency) ដើម្បីលាក់ដានប្រតិបត្តិការ។ក្នុងការឆ្មក់ចូលនោះ អាជ្ញាធរបានរឹបអូស​ទូរសព្ទដៃ ៦៧ គ្រឿង iPad ៧ គ្រឿងនិងកុំព្យូទ័រយួរដៃ ១៣ គ្រឿង​ដែលបញ្ជាក់ថា នេះជាប្រតិបត្តិការរៀបចំឡើងជាប្រព័ន្ធ និងមានការ​គ្រប់​គ្រង​យ៉ាងល្អ មិនមែនជាសកម្មភាពរបស់បុគ្គលពីរបីនាក់ទេ។

នេះក៏មិនមែនជាលើកទីមួយដែរ។ កាលពីដើមខែមិថុនា អាជ្ញាធរថៃ​ក៏បានបង្ក្រាបបណ្តាញ Scam មួយផ្សេងទៀតនៅខេត្តឈៀង​ម៉ៃ​ដដែល។ ទន្ទឹមនឹងនេះ អ្នកសិក្សា និងអ្នកជំនាញថៃខ្លួនឯង ក៏បាន​ព្រមានថា ភាគខាងជើងប្រទេសថៃ កំពុងប្រឈមហានិភ័យ​ក្លាយ​ជា​មជ្ឈមណ្ឌល​ថ្មីនៃឧក្រិដ្ឋកម្មឆ្លងដែន ហើយបានអំពាវនាវឱ្យ​រដ្ឋាភិបាល​រឹតបន្តឹងការត្រួតពិនិត្យប្រភពមូលនិធិបរទេស ការកាន់កាប់អាជីវកម្ម ការទិញអចលនទ្រព្យ និងការវិនិយោគដែលមានហានិភ័យ។

ដូច្នេះសំណួរមួយដែលគួរលើកឡើង គឺ៖

បើថៃអះអាងថា ខ្លួនស្អាតបរិសុទ្ធ ហើយ Scam ទាំងអស់ស្ថិតនៅ​ប្រទេសជិតខាង តើហេតុអ្វីបានជាប៉ូលិសថៃ ត្រូវបន្តចាប់​បណ្តាញ ស្កេម (Scam) ជាចង្កោមៗនៅលើទឹកដីរបស់ខ្លួន?

ជាការពិតអត្ថបទនេះ មិនមែនចង់ចោទថា «ថៃជាប្រទេស Scam» នោះទេ។ព្រោះការធ្វើដូច្នោះក៏ជាការប្រើតក្កវិជ្ជាខុសដូចគ្នា ដែលអ្នក​ខ្លះធ្លាប់យកមកប្រើលើកម្ពុជា។ ប៉ុន្តែវាចង់បង្ហាញថា ឧក្រិដ្ឋកម្ម​ឆ្លង​ដែន គឺជាបញ្ហារបស់តំបន់ មិនមែនជាបញ្ហារបស់​ប្រទេសណាមួយ​តែម្នាក់ឯងឡើយ។

អ្វីដែលគួរឲ្យសោកស្តាយ គឺអ្នកនយោបាយ និងអ្នកអត្ថាធិប្បាយ​ថៃមួយចំនួន មិនត្រឹមតែប្រើពាក្យ «Scambodia» ដើម្បីបង្ខូច​កេរ្តិ៍ឈ្មោះកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងព្យាយាមប្រើបញ្ហា Scam ជាលេសនយោបាយ ដើម្បីបង្កើតភាពស្របច្បាប់ឱ្យការប្រើ​កម្លាំង​យោធា និងការរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា។ ជាញឹកញាប់ គេបានលើកឡើងថា ការចូលមកក្នុងទឹកដីកម្ពុជា គឺដើម្បី “តាមកម្ទេច​មូលដ្ឋានឧក្រិដ្ឋកម្មអនឡាញ”។

ប៉ុន្តែការលើកហេតុផលបែបនេះ មិនត្រឹមតែជាការបិទបាំងបញ្ហា​ផ្ទៃក្នុងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ទុយយ៉ាងច្បាស់នឹង​គោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។

ធម្មនុញ្ញអង្គការសហប្រជាជាតិ បានហាមឃាត់ការប្រើកម្លាំង​ប្រឆាំងនឹងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋដទៃ លើកលែងតែករណីការពារខ្លួនស្របច្បាប់ ឬមានការអនុញ្ញាត​ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ឧក្រិដ្ឋកម្មឆ្លងដែន ត្រូវដោះស្រាយតាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរ ការផ្លាស់ប្តូរព័ត៌មានស៊ើបការណ៍ ការធ្វើបត្យាប័ន និងការអនុវត្ត​ច្បាប់រួមគ្នា មិនមែនតាមរយៈការបញ្ជូនកងទ័ពឆ្លងព្រំដែនឡើយ។

បើគេទទួលយកតក្កវិជ្ជាថា «កន្លែងណាមាន Scam កន្លែងនោះអាច​បញ្ជូនកងទ័ពចូលទៅកម្ទេចបាន» នោះសណ្តាប់ធ្នាប់​អន្តរជាតិ​ទាំងមូលនឹងរលំរលាយ។

•បើដូច្នេះ សូមសួរត្រឡប់វិញថា៖

បើថ្ងៃណាមួយ មានប្រទេសណាមួយប្រកាសថា ខ្លួននឹងបញ្ជូនកម្លាំង​យោធាចូលទៅខេត្តឈៀងម៉ៃ ឬសូម្បីតែទីក្រុងបាងកក ដើម្បី “កម្ទេចមូលដ្ឋាន Scam Online” ដែលអាជ្ញាធរថៃខ្លួនឯងទើបតែ​បង្ក្រាបបាន តើរដ្ឋាភិបាលថៃនឹងទទួលយកដែរឬទេ? ឬនឹងប្រកាសថា នោះជាការឈ្លានពាន ដ៏ធ្ងន់ធ្ងរ រំលោភអធិបតេយ្យភាព ហើយ​អំពាវនាវដល់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ឱ្យ​ថ្កោលទោស និងផ្តល់យុត្តិធម៌ដល់ប្រទេសថៃ?។

ចម្លើយ គឺច្បាស់ណាស់។គ្មានរដ្ឋអធិបតេយ្យណាមួយ អាចទទួលយក​ការប្រើកម្លាំងរបស់បរទេសចូលមកក្នុងទឹកដីរបស់ខ្លួន ដោយយក​លេស​ថា “មកបង្ក្រាបឧក្រិដ្ឋកម្ម” បានឡើយ។ បើថៃមិនអាចទទួល​យកទង្វើបែបនេះចំពោះខ្លួនឯងបាន ហេតុអ្វី​បានជាមានអ្នកខ្លះ​​ព្យាយាម​បង្ហាញថា វាជារឿងសមហេតុផល នៅពេលវាកើតឡើង​ចំពោះកម្ពុជា?

នេះហើយជាអ្វីដែលគេហៅថា “ស្តង់ដារពីរ”។ នៅពេលបញ្ហាកើត​ឡើងនៅប្រទេសដទៃ គេប្រើវាជាអាវុធនយោបាយ។ ប៉ុន្តែ​នៅពេល​បញ្ហាដូចគ្នាកើតឡើងនៅក្នុងប្រទេសខ្លួន គេបែរជាអះអាងអំពី​អធិបតេយ្យ​ភាព ច្បាប់អន្តរជាតិនិងសិទ្ធិរបស់រដ្ឋ។

គោលការណ៍នៃច្បាប់អន្តរជាតិ មិនអាចអនុវត្តមួយបែបសម្រាប់​ខ្លួនឯង និងមួយបែបសម្រាប់អ្នកដទៃបានទេ។ អធិបតេយ្យភាព គឺជាសិទ្ធិស្មើគ្នារបស់គ្រប់រដ្ឋ ទោះជាប្រទេសធំ ឬតូចក៏ដោយ។

ដូច្នេះការបង្កើតពាក្យ «Scambodia» មិនបានជួយបង្ក្រាបឧក្រិដ្ឋកម្ម​សូម្បីតែបន្តិច។ ការយកបញ្ហា Scam មកធ្វើជាលេស​សម្រាប់ការប្រើ​កម្លាំង ឬការរំលោភអធិបតេយ្យភាព ក៏មិនអាចក្លាយជាអំពើ​ស្របច្បាប់​បានដែរ។ ផ្ទុយទៅវិញ វាគ្រាន់តែបង្ហាញ​ពីការព្យាយាមបង្វែរ​ការចាប់​អារម្មណ៍ពីបញ្ហាផ្ទៃក្នុង និងការប្រើស្តង់ដារពីរក្នុងទំនាក់ទំនង​អន្តរជាតិ។

ប្រទេសដែលមានកិត្តិយស មិនមែនជាប្រទេសដែល​ចង្អុលម្រាមដៃទៅ​អ្នកដទៃ ដើម្បីលាក់បញ្ហារបស់ខ្លួននោះទេ។ ប្រទេស​ដែលមាន​កិត្តិយស គឺប្រទេសដែលហ៊ានទទួលស្គាល់ការពិត គោរពច្បាប់​អន្តរជាតិ គោរពអធិបតេយ្យភាពរបស់អ្នកដទៃ និង​សហការជា​មួយ​ប្រទេសជិតខាង ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនដោយផ្អែកលើច្បាប់ មិនមែនដោយកម្លាំង។ ពាក្យបង្កាច់​អាចបោកបញ្ឆោតមនុស្ស​បាន​មួយរយៈ ប៉ុន្តែការពិត និងច្បាប់អន្តរជាតិ នឹងនៅតែជាសាក្សីដែល​មិនអាចបដិសេធបាន៕
ដោយ៖លោកតា

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា