ការទម្លាក់សំណង់ជម្រកត្រីសិប្បនិម្មិតបានជួយឲ្យធនធានជលផលនៅក្នុងសមុទ្រកើនឡើងគួរឲ្យកត់សម្គាល់ ហើយជាមួយគ្នានេះ ក៏មានលេចចេញនូវវត្តមានសត្វសមុទ្រកម្រជាច្រើនប្រភេទផងដែរ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីជលផលកាលពីពេលថ្មីៗនេះ។
ឯកឧត្តមបានគូបញ្ជាក់ថា ការកើតឡើងនៃធនធានជលផលសមុទ្រនេះ គឺមានការរួមចំណែកជួយពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសការរួមចំណែកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈគម្រោងទម្លាក់សំណង់ជម្រកត្រីសិប្បនិម្មិតក្នុងដែនការពាររបស់សហគមន៍នេសាទ ដែលបានជួយទប់ស្កាត់ការនេសាទខុសច្បាប់ពីទូកធំៗ ពិសេសការអូសអួនធ្វើឱ្យខូចបរិស្ថានធនធានបាតសមុទ្រ។
ជលផលគឺជាអនុវិស័យធំទី២ បន្ទាប់ពីអនុវិស័យដំណាំ ដែលបានរួមចំណែកប្រមាណ ២០% ក្នុងវិស័យកសិកម្ម។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ លើការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានជលផលប្រកបដោយនិរន្តរភាព ដោយផ្អែកលើការអនុវត្តច្បាប់ជាចម្បង ដែលនាំឱ្យបរិមាណផលនេសាទមានការកើនឡើង។
ឯកឧត្តម ឌិត ទីណា ក៏បានសង្កត់ធ្ងន់លើការខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទពីសមត្ថកិច្ចជំនាញជលផល រួមជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ ព្រមទាំងការចូលរួមផ្តល់ព័ត៌មានពីមហាជនអំពីសកម្មភាពនៃការធ្វើនេសាទខុសច្បាប់។
យោងតាមរបារាយការណ៍របស់ក្រសួងកសិកម្ម គិតមកត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ សំណង់ជម្រកត្រីសិប្បនិម្មិតប្រើប្រាស់ថវិកា ដែលផ្តល់ដោយ ADB ក្រោមគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាពបានទម្លាក់បានជម្រកជិត ១ ៥០០ប្រអប់ហើយ ស្មើ២៥%នៃផែនការ។ គម្រោងនេះកំពុងអនុវត្តក្នុងខេត្តចំនួន៣ មានកំពត ព្រះសីហនុ និងកោះកុង។ តាមគម្រោង សំណង់ជម្រកត្រីសិប្បនិម្មិត ៥ ០០០ប្រអប់នឹងត្រូវ ទម្លាក់ចូលទៅក្នុងសហគមន៍នេសាទ។
កាលពីឆ្នាំ២០២៥ កម្ពុជាទទួលផលនេសាទសរុបជាង ៦៥ម៉ឺនតោន ក្នុងនោះផលនេសាទទឹកសាបជាង ៥ម៉ឺនតោន និងផលនេសាទសមុទ្រ១៤ម៉ឺនតោន៕
ដោយ ជាវ ចន្ធូ