បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារ ADB នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។

Advertisement

នៅក្នុងពិធីផ្លូវការកាលពីថ្ងៃទី១ ខែកក្កដា លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ជាក់ថា មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល គឺជាយន្តការប្រកបដោយនវានុវត្តន៍ថ្មីមួយបំពេញបន្ថែមទៅនឹងកំណែទម្រង់កំពុងបន្ត ដែលគាំទ្រដោយ ADB ដើម្បីពន្លឿនអន្តរកម្មថាមពលស្អាត និងលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងនិរន្តរភាព។

បើតាមលោកស្រី Yasmin Siddiqi នេះគឺជាគំនិតផ្តួចផ្តើមសម្រាប់ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន ដែលសន្តិសុខថាមពល រងផលប៉ះពាល់ដោយជម្លោះនៅមជ្ឈិមបូព៌ា។ តាមរយៈការជំរុញកិច្ចសហការរវាងវិស័យសាធារណៈ និងឯកជន គំនិតផ្តួចផ្តើមនេះមានគោលបំណងកៀរគរការវិនិយោគពីវិស័យឯកជនកាន់តែច្រើនលើប្រសិទ្ធភាពថាមពល ពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់អាជីវកម្ម និងត្រួសត្រាយផ្លូវសម្រាប់សេដ្ឋកិច្ចប្រកបដោយសមត្ថភាពប្រកួតប្រជែង កាបូនទាប និងភាពធន់ ផងដែរ។

ឯកឧត្ដមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល នឹងជួយប្រែក្លាយគោលនយោបាយជាតិស្ដីពីប្រសិទ្ធភាពថាមពលទៅជាសកម្មភាព ដោយពន្លឿនការវិនិយោគលើបច្ចេកវិទ្យាដែលសន្សំសំចៃថាមពល និងគាំទ្រដល់គោលដៅរបស់កម្ពុជា ក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលឱ្យបាន ១៩ភាគរយ នៅឆ្នាំ២០៣០។

ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានមានប្រសាសន៍ថា គម្រោងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យសហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជី និងមិនបានចុះបញ្ជី ទទួលបានហិរញ្ញប្បទានក្នុងលក្ខខណ្ឌអំណោយផល ជាមួយតម្លៃសមរម្យ។

អនុវត្តដោយធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល គឺជាយន្តការផ្តល់ហិរញ្ញប្បទានដែលត្រូវបានបង្កើតឡើងក្រោមកម្មវិធីអភិវឌ្ឍន៍វិស័យអន្តរកម្មថាមពលរបស់កម្ពុជា ហើយត្រូវបានរៀបចំឡើង ដើម្បីជំរុញការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលដោយសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក។

បើតាមធនាគារអភិវឌ្ឍន៍អាស៊ី គម្រោងនេះ មានមូលធននីយកម្មបឋមចំនួន ២០លានដុល្លារ ក្នុងនោះ ១២លានដុល្លារ ផ្តល់ដោយចក្រភពអង់គ្លេស តាមរយៈមូលនិធិហិរញ្ញវត្ថុបៃតង ដើម្បីជំរុញសេដ្ឋកិច្ចអាស៊ាន និង ៨លានដុល្លារ ផ្ដល់ដោយមូលនិធិអាកាសធាតុបៃតង៕

ខន ណារី AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា