ក្រសួងបរិស្ថានបានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសបានចំនួនជិត ១៣លានម៉ែត្រគូប មិនឱ្យហូរចូលក្នុងប្រភពទឹកធម្មជាតិ ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ។

ក្រសួងបរិស្ថានបានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសបានចំនួនជិត ១៣លានម៉ែត្រគូប មិនឱ្យហូរចូលក្នុងប្រភពទឹកធម្មជាតិ ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ។
ក្រសួងបានបញ្ជាក់នៅថ្ងៃទី២ ខែកក្កដានេះថា បច្ចុប្បន្ន ក្រុមការងារជំនាញបានតាមដានទិន្នន័យនៃការបញ្ចេញសំណល់រាវជាប្រចាំ នៅតាមរោងចក្រ និងសហគ្រាសចំនួន ៦៤ ទីតាំង ដែលបានចូលរួមអនុវត្តច្បាប់ និងបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យគុណភាពទឹក ដែលអាចបញ្ជូនទិន្នន័យផ្ទាល់មកកាន់ក្រសួងបរិស្ថាន។
ក្នុងចំណោមរោងចក្រទាំងនោះ ភាគច្រើនជារោងចក្របោកគក់ធំៗ រោងចក្រផលិតដំណាប់ស្វាយ រោងចក្រកាត់ដេរ និងតំបន់សេដ្ឋកិច្ចពិសេសជាដើម។
បើតាមក្រសួងបរិស្ថាន វិធានការទប់ស្កាត់នេះសម្រេចបានតាមរយៈការអនុវត្តច្បាប់ទប់ស្កាត់ការបំពុលបរិស្ថាន ដោយជួយធានាសុខភាពរបស់ប្រជាពលរដ្ឋរស់នៅល្អប្រសើរ។ សមិទ្ធផលនេះគឺជាផ្លែផ្កានៃការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលសរសរស្តម្ភទី១ផ្តោតលើភាពស្អាត ក្នុងនេះរួមានភាពស្អាតក្នុងទឹក លើដី និងលើមេឃ។
សូមរំលឹកថា គិតចាប់ពីឆ្នាំ២០២៥ ក្រសួងបរិស្ថានបានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ពីរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា សរុបប្រមាណ ៣៣ លានម៉ែត្រគូប មិនឱ្យហូរចូលទៅបំពុលប្រភពទឹកសាធារណៈ ៕
ដោយ៖ ម៉ាដេប៉ូ







