សហគមន៍កសិកម្មទំនើបទុរេនទឹកឈូ កំពត បានក្លាយទៅជាសហគមន៍កសិកម្មទំនើបដំបូងគេបង្អស់នៅកម្ពុជា ដែលត្រូវបានបង្កើតឡើងដើម្បីជួយឱ្យដំណាំទុរេនកម្ពុជាកាន់តែមានទំនុកចិត្ត និងទីផ្សាររឹងមាំ។ សហគមន៍ថ្មីនេះមានសមាជិកចំនួន ៦១គ្រួសារ និងមានផ្ទៃដីផលិតកម្មសរុប ១៥៣ហិកតា ដោយរំពឹងថានឹងទទួលបានទិន្នផលប៉ាន់ស្មានប្រមាណ ១ ៨០០តោន ក្នុងមួយឆ្នាំ។
ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្រសួងកសិកម្មនឹងជួយគាំទ្រលើផ្នែកបច្ចេកទេសដល់សមាជិកសហគមន៍ ហើយនឹងព្យាយាមសម្របសម្រួលធ្វើយ៉ាងណាឱ្យ សមាជិកសហគមន៍ទទួលបានដើមទុនសម្រាប់ទ្រទ្រង់មុខ។
ជាងនេះទៅទៀត ក្រសួងនឹងជួយស្វែងរកទីផ្សារ ដោយជំរុញឲ្យសមាជិកសហគមន៍ចុះឈ្មោះក្នុងបញ្ជីចម្ការដែលអាចនាំចេញទៅកាន់ប្រទេសចិនបាន។ ដោយសារការនាំចេញទាមទារការសិក្សាបច្ចេកទេសបានត្រឹមត្រូវ ក្រសួងនឹងបញ្ជូនអ្នកបច្ចេកទេសជំនាញផ្នែកភូតគាមអនាម័យមកជួយ ដើម្បីឱ្យសមាជិកសហគមន៍ទាំងអស់មានលទ្ធភាពចុះបញ្ជីនាំចេញទុរេនទៅកាន់ប្រទេសចិន។
មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មបានបន្ថែមថា កន្លងមក ក្រសួងកសិកម្មបានធ្វើការជាមួយចម្ការ និងកន្លែងវេចខ្ចប់ជាច្រើន ដើម្បីពង្រឹងសមត្ថភាពនាំចេញទៅចិន។
ជាមួយគ្នានេះ ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា ការប្រើប្រាស់ «ប្រព័ន្ធតាមដានប្រភពដើម» ដែលអភិវឌ្ឍដោយក្រសួងកសិកម្ម នឹងជួយដល់សហគមន៍កសិកម្មទំនើបក្នុងការកសាងទំនុកចិត្តកាន់តែខ្ពស់ដល់អ្នកបរិភោគ ក៏ដូចជាជួយលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៃផលិតកម្មដំណាំទុរេនកម្ពុជាឱ្យឈានឡើងមួយកម្រិតទៀត។
រហូតមកទល់ពេលនេះ សហគមន៍កសិកម្មទំនើបចំនួន ៣២ ត្រូវបានបង្កើតឡើង និងទទួលស្គាល់ជាផ្លូវការ ក្នុងរាជធានី-ខេត្តចំនួន ១៤ ដោយផ្តោតលើកសិផលយុទ្ធសាស្ត្រចំនួន៦ គឺ ស្រូវ ស្វាយចន្ទី ម្រេច បន្លែ មៀនប៉ៃលិន និងមាន់។ សហគមន៍ទាំងនេះប្រមូលផ្តុំសមាជិកជាកសិករសរុបបានប្រមាណ ៤ ០០០គ្រួសារ និងមានផ្ទៃដីផលិតកម្មជាង ២ម៉ឺន៤ពាន់ហិកតា។ នេះបើយោងតាមការបញ្ជាក់កាលពីថ្ងៃទី២កក្កដា របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល។
ឯកឧត្តមបន្ថែមថា ក្រសួងកសិកម្មបានសម្របសម្រួលឱ្យសហគមន៍ចុះកិច្ចសន្យាផលិតកម្មកសិកម្មចំនួន ៥៤កិច្ចសន្យា ដែលមានទំហំទឹកប្រាក់ស្មើនឹងប្រមាណ ៦២លានដុល្លារអាមេរិក។
កម្មវិធីគោលនយោបាយអាទិភាពនៃការអភិវឌ្ឍសហគមន៍កសិកម្មទំនើប គឺជាដំណោះស្រាយជាប្រព័ន្ធ និងជារបាំងការពារដ៏រឹងមាំសម្រាប់ប្រជាកសិករពីហានិភ័យធំៗទាំង៤ គឺ៖ ទីផ្សារ ដើមទុន បច្ចេកទេស និងការគ្រប់គ្រង។
ដោយ៖ម៉ាដេប៉ូ