ភ្នំពេញ៖ ឆ្លងកាត់ប្រវត្តិសាស្ត្រនៃការដាំដុះតាំងពីសម័យសម្តេចឪ ម្នាស់ទឹកឃ្មុំខេត្តស្ទឹងត្រែងបាននិងកំពុងបង្ហាញសក្តានុពលសេដ្ឋកិច្ច តាមរយៈការផ្តល់ទិន្នផលខ្ពស់ និងបង្កើនប្រាក់ចំណូលដល់សហគមន៍កសិករ។ ភាពអំណោយផលនៃកត្តាភូមិសាស្ត្រដី បានធ្វើឱ្យម្នាស់ប្រភេទនេះមានរសជាតិផ្អែមឆ្ងាញ់ដាច់គេ រហូតត្រូវបានគេទទួលស្គាល់ថា ជាកសិផលគំរូមួយប្រចាំតំបន់ភាគឦសាន។
ម្នាស់ទឹកឃ្មុំខេត្តស្ទឹងត្រែង មិនត្រឹមតែជាកសិផលដែលមានឱជារសឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានប្រវត្តិសាស្ត្រផ្សារភ្ជាប់ទៅនឹងអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ សម្តេចឪ និងសម្តេចម៉ែ ក្នុងសម័យសង្គមរាស្ត្រនិយមផងដែរ។ កាលពីទសវត្សរ៍ឆ្នាំ៩០ ម្នាស់ប្រភេទនេះត្រូវបានដាំដុះដំបូងនៅស្រុកចម្ការលើ ខេត្តកំពង់ចាម ដើម្បីនាំចេញទៅកាន់ប្រទេសសិង្ហបុរី ដែលធ្វើឱ្យមានការហៅតៗគ្នាកាលនោះថា «ម្នាស់សាំងកាពួរ»។ នេះបើយោងតាមមជ្ឈមណ្ឌលឯកសារកម្ពុជា។
លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាបានឱ្យដឹងថា អតីតព្រះមហាក្សត្រខ្មែរធ្លាប់បានយកពូជម្នាស់នេះទៅសាកល្បងដាំដុះនៅខេត្តកំពត និងខេត្តកែបផងដែរ ប៉ុន្តែមិនទទួលបានលទ្ធផលល្អទេ។ ផ្ទុយទៅវិញ លក្ខខណ្ឌបរិស្ថាន និងកត្តាភូមិសាស្ត្រដីដ៏ពិសេសនៃខេត្តស្ទឹងត្រែង បានធ្វើឱ្យម្នាស់នេះមានការលូតលាស់យ៉ាងល្អប្រសើរ និងផ្តល់នូវរសជាតិផ្អែមដូចទឹកឃ្មុំ។
ពាក់ព័ន្ធនឹងការដាំដុះនាពេលបច្ចុប្បន្ន លោក សាយ ពន្លឺចិត្តះ ករុណា ដែលជាអ្នកជំនាញដាំដុះម្នាស់ នៅសហគមន៍ខេត្តស្ទឹងត្រែងបានបង្ហាញថា ផ្ទៃដីដាំដុះម្នាស់ទឹកឃ្មុំនៅក្នុងខេត្តស្ទឹងត្រែងមានប្រមាណ ១៥ហិកតា ដែលកំពុងប្រកបរបរដោយប្រជាពលរដ្ឋចំនួន ១៥គ្រួសារ។








































