ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ ខាងមុខនេះ នឹងក្លាយជាការផ្លាស់ប្តូរដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក។ បើតាមការបញ្ជាក់ជាផ្លូវការ ចំនួនក្រុមដែលត្រូវចូលរួមប្រកួតនឹងមានការកើនឡើងយ៉ាងខ្លាំង ដើម្បីផ្ដល់ឱកាសឱ្យប្រទេសជាច្រើនទៀតបានបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិ។
សម្រាប់ព្រឹត្តិការណ៍ World Cup 2026 ចំនួនក្រុមជម្រើសជាតិដែលនឹងត្រូវប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ នឹងកើនឡើងដល់ ៤៨ ក្រុម នេះគឺជាការកើនឡើងចំនួន ១៦ ក្រុម បើធៀបនឹងការប្រកួតកន្លងទៅ។
ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលព្រឹត្តិការណ៍នេះនឹងត្រូវរៀបចំឡើងដោយប្រទេសចំនួន ៣ រួមគ្នាគឺ៖ សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។ ការប្រកួតនឹងប្រព្រឹត្តទៅក្នុងទីក្រុងចំនួន ១៦ (១១ ក្នុងអាមេរិក, ៣ ក្នុងម៉ិកស៊ិក និង ២ ក្នុងកាណាដា) ចាប់ពីថ្ងៃទី ១១ ខែមិថុនា ដល់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៦។
ជាមួយនឹងការកើនឡើងដល់ ៤៨ ក្រុម នេះមានន័យថាចំនួនប្រកួតសរុបនឹងកើនឡើងពី ៦៤ ប្រកួត ទៅដល់ ១០៤ ប្រកួត។ ក្រុមទាំងអស់នឹងត្រូវបែងចែកជា ១២ ពូល ដោយក្នុងមួយពូលមាន ៤ ក្រុម។ ក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ ១ និងលេខ ២ ក្នុងពូល រួមជាមួយក្រុមលេខ ៣ ដែលល្អជាងគេចំនួន ៨ ក្រុម នឹងត្រូវឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយ (Round of 32)។
បញ្ជីក្រុមតាមពូលនីមួយៗ (Groups)
- ពូល A: ម៉ិកស៊ិក, អាហ្វ្រិកខាងត្បូង, កូរ៉េខាងត្បូង និង សាធារណរដ្ឋឆែក
- ពូល B: កាណាដា, បូស្ន៊ី និងហឺហ្សេហ្គោវីណា, កាតា និង ស្វីស
- ពូល C: ប្រេស៊ីល, ម៉ារ៉ុក, ហៃទី និង ស្កុតឡែន
- ពូល D: សហរដ្ឋអាមេរិក, ប៉ារ៉ាហ្គាយ, អូស្ត្រាលី និង ទួរគី
- ពូល E: អាល្លឺម៉ង់, គូរ៉ាសាវ, កូតឌីវ័រ និង អេក្វាទ័រ
- ពូល F: ហូឡង់, ជប៉ុន, ស៊ុយអែត និង ទុយនីស៊ី
- ពូល G: បែលហ្សិក, អេហ្ស៊ីប, អ៊ីរ៉ង់ និង នូវែលសេឡង់
- ពូល H: អេស្ប៉ាញ, កាបូទ្វែរ, អារ៉ាប៊ីសាអូឌីត និង អ៊ុយរ៉ាហ្គាយ
- ពូល I: បារាំង, សេណេហ្គាល់, អ៊ីរ៉ាក់ និង ន័រវែស
- ពូល J: អាហ្សង់ទីន, អាល់ហ្សេរី, អូទ្រីស និង ហ្ស៊កដានី
- ពូល K: ព័រទុយហ្គាល់, កុងហ្គោ (គីនសាសា), អ៊ុយបេគីស្ថាន និង កូឡុំប៊ី
- ពូល L: អង់គ្លេស, ក្រូអាត, ហ្គាណា និង ប៉ាណាម៉ា
ទន្ទឹមនឹងនេះ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានសម្រេចចិត្តបង្កើនចំនួនក្រុមនេះ ដើម្បីពង្រីកវិសាលភាពនៃវិស័យបាល់ទាត់ទៅកាន់តំបន់ផ្សេងៗជុំវិញពិភពលោក ជាពិសេសផ្ដល់ឱកាសកាន់តែច្រើនដល់ប្រទេសនៅតំបន់អាស៊ី អាហ្វ្រិក និងតំបន់ដទៃទៀត ដែលកាលពីមុនមានកៅអីកំណត់។
រំលឹកថាព្រឹត្តិការណ៍ World Cup ចាប់ផ្ដើមដំបូងមានប្រទេសត្រឹម១៣ប៉ុណ្ណោះចូលរួមនៅឆ្នាំ១៩៣០ ហើយរហូតដល់ឆ្នាំ១៩៥៤ ទើបតំឡើងដល់១៦ប្រទេស និងបន្ដតំឡើងដល់២៤ប្រទេសកាលពីឆ្នាំ១៩៨២។ ការលេង៣២ប្រទេស គឺចាប់ផ្ដើមពីឆ្នាំ១៩៩៨មក ដែលបារាំងធ្វើជាម្ចាស់ផ្ទះ។
កុំភ្លេចរង់ចាំទស្សនាការប្រកួតដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមកក្នុងឆ្នាំ ២០២៦ នេះទាំងអស់គ្នា!