បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្មេងប្រុសពិការជើងម្ខាងម្នាក់ តស៊ូដេញតាមក្ដីស្រមៃក្នុងកីឡាបាល់បោះ ជាមួយឈើច្រត់ធ្វើដោយដៃឪពុកផ្ទាល់

ក្មេងប្រុសពិការជើងម្ខាងម្នាក់ តស៊ូដេញតាមក្ដីស្រមៃក្នុងកីឡាបាល់បោះ ជាមួយឈើច្រត់ធ្វើដោយដៃឪពុកផ្ទាល់

រឿងរ៉ាវដ៏រំជួលចិត្តរបស់កុមារាអាយុ ១៣ ឆ្នាំម្នាក់ មកពីតំបន់ដាច់ស្រយាល និងក្រីក្របំផុតមួយក្នុងប្រទេសចិន ដែលត្រូវកាត់ជើងស្តាំចោលតាំងពីអាយុ ៤ ឆ្នាំ ហើយបច្ចុប្បន្នទទួលបានជើងសិប្បនិម្មិតថ្មីជំនួសឈើច្រត់ កំពុងអង្រួនបេះដូងអ្នកលេងបណ្តាញសង្គមយ៉ាងខ្លាំង។

Advertisement

ក្មេងប្រុសពិការជើងម្ខាង រស់នៅក្នុងភូមិដាច់ស្រយាលនៃតំបន់ភ្នំ ភាគនិរតីនៃប្រទេសចិនរូបនេះ បានល្បីល្បាញពេញបណ្តាញសង្គម បន្ទាប់ពីវីដេអូបង្ហាញពីសមត្ថភាពលេងកីឡាបាល់បោះយ៉ាងស្ទាត់ជំនាញ ដោយប្រើប្រាស់ឈើច្រត់ធ្វើពីឈើ ដែលច្នៃដោយដៃផ្ទាល់ពីឪពុករបស់គេ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។

រឿងរ៉ាវរបស់កុមារាអាយុ ១៣ ឆ្នាំ ដែលមានឈ្មោះក្រៅថា អាភី (Apei) ត្រូវបានចែករំលែកដំបូងដោយអ្នកបង្កើតមាតិកាម្នាក់ ក្រោមគណនីឈ្មោះ @awenzaidajiating កាលពីចុងខែឧសភាកន្លងទៅ ដោយទទួលបានការចុច Likes រហូតដល់ទៅជាង ១ លានដង។

លុះមកដល់ថ្ងៃទី ៥ ខែមិថុនា ក្មេងប្រុសរូបនេះទីបំផុតបានទទួលជើងសិប្បនិម្មិតថ្មី ដែលត្រូវបានវាស់វែងកាត់ដេរយ៉ាងផ្ចិតផ្ចង់នៅទីក្រុងសិនជិន (Shenzhen) ភាគខាងត្បូងប្រទេសចិន ដែលជាអំណោយមនុស្សធម៌ពីមូលនិធិ Shenzhen Project Care Foundation នេះបើយោងតាមការចុះផ្សាយពី Shenzhen Press Group។

បច្ចុប្បន្ន អាភី រស់នៅក្នុងភូមិមួយនៃតំបន់ស្វយ័ត Liangshan Yi ក្នុងខេត្តស៊ីឈួន (Sichuan) ដែលត្រូវបានគេស្គាល់ថាជាតំបន់មួយក្នុងចំណោមតំបន់ក្រីក្របំផុតនៅក្នុងប្រទេសចិន។

កាលពីអាយុ ៤ ឆ្នាំ ខណៈពេលដែលគេដើរទៅរកម្តាយដែលកំពុងធ្វើស្រែចម្ការនៅលើភ្នំតែម្នាក់ឯង គ្រោះថ្នាក់មួយបានកើតឡើង ដោយមានផ្ទាំងថ្មធំមួយបានរមៀលធ្លាក់មកសង្កត់ជើងស្តាំរបស់គេ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងររហូតដល់ត្រូវកាត់ចោល។

កុមារា អាភី បានរំឭកថា កាលពីដំបូងឡើយ គ្មានក្មេងៗណាម្នាក់ចង់លេងជាមួយគេឡើយ ដោយសារពួកគេខ្លាចរុញរូបគេ ដួលរងរបួស។

ក្រោយមក គេក៏បានចាប់ផ្តើមមានចំណាប់អារម្មណ៍លើកីឡាបាល់បោះ។ គេអាចធ្វើចលនា និងរត់ចុះឡើងដោយសេរី ជាមួយនឹងឈើច្រត់ធ្វើពីឈើ ដែលឪពុករបស់គេបានធ្វើឱ្យ និងចងភ្ជាប់ទៅនឹងខោជើងវែងរបស់គេ។

«ខ្ញុំលេងបាល់បោះបានរយៈពេល ៨ ឆ្នាំមកហើយ។ ក្រៅពីពេលធ្វើកិច្ចការសាលា និងហូបបាយ ខ្ញុំបានចំណាយពេលវេលាទំនេរទាំងអស់របស់ខ្ញុំដើម្បីលេងបាល់បោះ»។ នេះជាការលើកឡើងរបស់ អាភី។

កុមារារូបនេះបានបន្តថា ក្តីស្រមៃដ៏ធំបំផុតរបស់គេ គឺការក្លាយជាកីឡាករបាល់បោះអាជីពម្នាក់។

អាភី បាននិយាយដោយក្តីសង្ឃឹមថា៖ «ខ្ញុំសង្ឃឹមថានឹងបានចូលរួមក្នុងកីឡា Paralympic Games (កីឡាអូឡាំពិកសម្រាប់ជនពិការ) ហើយនាំយកមេដាយមាសត្រឡប់មកផ្ទះវិញ»

កាលពីខែឧសភា ប្លុកហ្គ័រ (Blogger) ម្ចាស់គណនី @awenzaidajiating បាននាំ អាភី ធ្វើដំណើរពីស្រុកកំណើតរបស់គេនៅជនបទខេត្តស៊ីឈួន ទៅកាន់ទីក្រុងសិនជិន ដើម្បីទស្សនាការប្រកួតសមាគមកីឡាបាល់បោះចិន(CBA)។

ក្មេងប្រុសរូបនេះមានក្តីរំភើបយ៉ាងខ្លាំងដែលបានជួបជាមួយលោក ហឺ ស៊ីនីង (He Xining) ដែលជាតារាបាល់បោះដ៏ល្បីក្នុងសមាគមកីឡាបាល់បោះចិន និងជាប្រធានក្រុម Shenzhen។

កីឡាករឆ្នើមរូបនេះ មិនត្រឹមតែបានចុះហត្ថលេខានៅលើអាវកីឡារបស់ អាភី ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសរសេរពាក្យលើកទឹកចិត្តថា៖ «តស៊ូឡើង អាភី។ ចូរធ្វើជា MVP (កីឡាករឆ្នើមបំផុត) ដោយខ្លួនឯង»

បន្ទាប់ពីរឿងរ៉ាវរបស់ក្មេងប្រុសរូបនេះ បានក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គមក្នុងប្រទេសចិន ប្រជាពលរដ្ឋនៅក្នុងទីក្រុងសិនជិនជាច្រើន បានបញ្ចេញមតិយោបល់ ដោយក្នុងនោះមានការស្នើសុំឱ្យមានការជួយជ្រោមជ្រែងដល់រូបគេផងដែរ។

ភ្លាមៗនោះ មូលនិធិ Shenzhen Project Care Foundation បានឆ្លើយតបដោយការទាក់ទងទៅកាន់ក្រុមហ៊ុនក្នុងស្រុក ដើម្បីផលិតជើងសិប្បនិម្មិតជូនដល់ អាភី ដោយឥតគិតថ្លៃ។

នៅក្នុងអំឡុងពេលដែលក្រុមការងារកំពុងវាស់វែងរាងកាយរបស់ អាភី ដើម្បីប្រមូលទិន្នន័យក្នុងការផលិតជើងសិប្បនិម្មិត បុគ្គលិកម្នាក់មកពីក្រុមហ៊ុននោះត្រូវបានចាត់តាំងឱ្យមកផ្តល់កម្លាំងចិត្តដល់ក្មេងប្រុស។

បុគ្គលិករូបនោះ បានដើរហើរដូចជាមនុស្សធម្មតាទូទៅដែរ ប៉ុន្តែការពិតទៅ រូបគាត់ក៏ជាអ្នកពាក់ជើងសិប្បនិម្មិតម្នាក់ផងដែរ ដែលនេះជាការលើកទឹកចិត្តដ៏ធំធេងដល់ អាភី។

កុមារា អាភី បានប្តេជ្ញាចិត្តថា៖ «បន្ទាប់ពីខ្ញុំបានពាក់ជើងសិប្បនិម្មិតនេះហើយ ខ្ញុំនឹងខិតខំហ្វឹកហាត់លេងបាល់បោះឱ្យបានល្អ និងរស់នៅឱ្យបានល្អបំផុត»

ព័ត៌មានដ៏មានអត្ថន័យនេះ បានទាក់ទាញការជូនពរយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់អ្នកលេងអ៊ីនធឺណិត។

អ្នកលេងបណ្តាញសង្គមម្នាក់បានលើកឡើងថា៖ «ប្រុសតូច ឯងពិតជាអស្ចារ្យខ្លាំងណាស់»

ចំណែកឯម្នាក់ទៀតបានសម្តែងការរំភើបថា៖ «ខ្ញុំរំភើបចិត្តរហូតស្រក់ទឹកភ្នែក។ សង្ឃឹមថាជីវិតរបស់ អាភី នឹងកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ»

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា