មិនមែនចូលនិវត្តន៍ទេ! កំពូលអ្នកកីឡាកាស WWE លំដាប់ជើងចាស់ Brock Lesnar បង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើល និងប្រកាសសងសឹកជាមួយ Oba Femi
អ្នកគាំទ្រសង្វៀនកីឡាកាសពិភពលោក WWE មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីកំពូលតារាកីឡាកាស ឬកីឡាចំបាប់រហស្សនាម «The Beast Incarnate» គឺលោក Brock Lesnar ក្នុងវ័យ ៤៩ ឆ្នាំ បានសម្រេចចិត្តវិលត្រឡប់មកកាន់សង្វៀនវិញ ទាំងដែលទើបតែបានបង្ហាញតម្រុយពីការចូលនិវត្តន៍កាលពីមួយខែមុនប៉ុណ្ណោះ។ តាមការចុះផ្សាយរបស់សារព័ត៌មានកីឡា Give Me Sports នៅថ្ងៃទី២០ បានឱ្យដឹងថា ការវិលត្រឡប់មកវិញនៅលើសង្វៀន WWE Raw កាលពីថ្ងៃចន្ទកន្លងទៅនេះ បានលាតត្រដាងពីផែនការណ៍ពិតប្រាកដនាពេលអនាគតរបស់កំពូលអ្នកចំបាប់រូបនេះ បន្ទាប់ពីលោកបានធ្វើឱ្យទស្សនិកជនទូទាំងពិភពលោកហួសចិត្ត និងរំភើបយ៉ាងខ្លាំង។
Advertisement
ព្រឹត្តិការណ៍ដ៏រំជើបរំជួលនេះបានកើតឡើងនៅក្នុងកម្មវិធី Monday Night Raw ដែលរៀបចំឡើងនៅកីឡដ្ឋាន Greensboro Coliseum Complex ក្នុងរដ្ឋ North Carolina សហរដ្ឋអាមេរិក នៅថ្ងៃទី១៨។ នៅពេលដែលកីឡាករ Oba Femi បានដើរចូលមកក្នុងសង្វៀនដើម្បីបើកការប្រកួតប្រជែងបើកចំហស្រាប់តែ Brock Lesnar បានបង្ហាញខ្លួនពីខាងក្រោយ និងបានវាយឆ្មក់ទៅលើ Femi ភ្លាមៗតែម្តង។ ជាមួយនឹងការស្លៀកខោខូវប៊យយ៉ាងសាមញ្ញ Lesnar បានធ្វើឱ្យអ្នកគាំទ្រស្រែកហ៊ោពេញសង្វៀន តាមរយៈការប្រើប្រាស់ក្បាច់ពិសេសប្រចាំត្រកូលរបស់ខ្លួនគឺ F-5 ទៅលើ Femi ចំនួន ៤ ដងជាប់ៗគ្នា រហូតធ្វើឱ្យដៃគូដេកដួលនៅលើសង្វៀនទាំងការឈឺចាប់។