ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ី Aichi Nagoya Asian Games ដែលនឹងឈានមកដល់ក្នុងខែកញ្ញា ឆ្នាំ២០២៦ នេះ នៅប្រទេសជប៉ុន អាចនឹងក្លាយជាវេទិកាប្រវត្តិសាស្ត្រថ្មីមួយ តាមរយៈការដាក់បញ្ចូល «កីឡាតេក្វាន់ដូនិម្មិត» (Virtual Taekwondo) ទៅក្នុងវិញ្ញាសាប្រកួតជាផ្លូវការ។ សហព័ន្ធកីឡាតេក្វាន់ដូពិភពលោក (World Taekwondo) បានប្រកាសឱ្យដឹងថា ការនាំយកវិញ្ញាសាទំនើបនេះចូលទៅក្នុងកីឡាអាស៊ី កំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាយ៉ាងសកម្ម ដោយការសម្រេចចិត្តចុងក្រោយនឹងត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការរៀបចំការប្រកួតនៅខែក្រោយ។
ការប្រកួតតេក្វាន់ដូនិម្មិតនេះ គឺជាការរួមបញ្ចូលគ្នារវាងក្បាច់គុនប្រពៃណី និងបច្ចេកវិទ្យាការពិតនិម្មិត ឬ VR (Virtual Reality)។ នៅក្នុងការប្រកួតនេះ អត្តពលិកមិនមានការប៉ះទង្គិចរាងកាយគ្នាផ្ទាល់នោះទេ ដោយពួកគាត់ត្រូវពាក់ឧបករណ៍ក្បាល VR និងប្រព័ន្ធចាប់ចលនាចំនួនប្រាំចំណុចនៅលើ ខ្នង ឬដងខ្លួន (១ ចំណុច) ជង្គង់ ឬភ្លៅ (២ ចំណុច) និង កំភួនជើង ឬស្មងជើង (២ ចំណុច) ដើម្បីបញ្ជាតួអង្គនៅលើអេក្រង់ឱ្យប្រយុទ្ធគ្នា ដែលមើលទៅដូចជាហ្គេមវាយប្រហារដ៏រស់រវើក។
អ្នកប្រកួតត្រូវឈរនៅលើផ្ទៃក្រឡាទំហំ ៤ម៉ែត្រ បួនជ្រុង ហើយធ្វើការទាត់នៅលើអាកាសវាយសម្រុកដើម្បីកាត់បន្ថយ «របារថាមពល» (Power gauge ឬឈាម) របស់គូប្រកួត តាមរយៈការទាត់ចំដងខ្លួន ឬក្បាល ទៅតាមកម្រិតល្បឿនទាត់ផ្សេងៗគ្នា ឬរក្សារបារថាមពលឱ្យបានច្រើនជាងគូប្រកួតនៅពេលអស់ម៉ោង ក្នុងការប្រកួតកាត់សេចក្តីតាមរយៈការឈ្នះ ២ ក្នុងចំណោម ៣ ទឹក (Best-of-three) ដោយក្នុងមួយទឹកមានរយៈពេល ៦០ វិនាទី។
ចំណុចពិសេសដ៏អស្ចារ្យនៃកីឡាតេក្វាន់ដូនិម្មិតនេះ គឺការលុបបំបាត់របាំងផ្នែកភេទ និងអាយុ។ ប្រសិនបើត្រូវបានដាក់បញ្ចូលជាផ្លូវការ វិញ្ញាសានេះនឹងក្លាយជាការប្រកួតឯកត្តជនចម្រុះភេទ (Mixed-gender) សម្រាប់អត្តពលិកដែលមានអាយុចន្លោះពី ១៧ ដល់ ៣៥ឆ្នាំ ដោយប្រកួតជម្រុះផ្ទាល់ដែលមានអ្នកចូលរួម ១៦នាក់។ សហព័ន្ធកីឡាតេក្វាន់ដូពិភពលោកបានបញ្ជាក់ថា ធម្មជាតិនៃការប្រយុទ្ធគ្នាក្នុងពិភពនិម្មិត ធ្វើឱ្យភាពខុសគ្នារវាងភេទ និងអាយុមិនមែនជាឧបសគ្គធំដុំនោះឡើយ ដែលនេះជាទម្រង់ថ្មីស្រឡាងមួយ និងកម្រមានណាស់នៅក្នុងវិស័យកីឡាប្រពៃណី។
គួររំលឹកផងដែរថា កីឡាតេក្វាន់ដូនិម្មិតបានបង្ហាញខ្លួនជាលើកដំបូងនៅលើឆាកអន្តរជាតិ ក្នុងព្រឹត្តិការណ៍ Olympic eSports Series របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅប្រទេសសិង្ហបុរី កាលពីឆ្នាំ២០២៣ ហើយការប្រកួតជើងឯកពិភពលោកលើកដំបូងក្នុងឆ្នាំ២០២៤ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអត្តពលិកជាង ១២០នាក់ មកពី ២៣ប្រទេស។
សម្រាប់ការប្រកួតកីឡាអាស៊ីនៅឆ្នាំនេះ ប្រសិនបើមានវត្តមានតេក្វាន់ដូនិម្មិត ចំនួនមេដាយមាសសរុបសម្រាប់កីឡាតេក្វាន់ដូនឹងមានចំនួន ១១មេដាយ ដែលមានការប្រែប្រួលខ្លះបើធៀបនឹងការប្រកួតនៅទីក្រុង Hangzhou កាលពីឆ្នាំ២០២២ ដែលកាលនោះមានរហូតដល់ ១៣មេដាយមាស ដោយសារតែឆ្នាំនេះមានការកាត់បន្ថយវិញ្ញាសាប្រយុទ្ធឯកត្តជនប្រពៃណីមកត្រឹម ៨មេដាយមាស និងលុបចោលវិញ្ញាសាក្រុមចម្រុះ ខណៈវិញ្ញាសាសម្តែងមេគុន (Poomsae) នៅរក្សាទុក ២មេដាយមាសដដែល។