បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
«សូមឈប់លួចថតទៅ!» តារាបាល់ទះហូឡង់កម្ពស់ ១៩៣ សង់ទីម៉ែត្រ អង្វរអ្នកគាំទ្រកុំថតរូបពេលស្លៀកឈុតហែលទឹក ឬនៅក្នុងបន្ទប់សូណា

«សូមឈប់លួចថតទៅ!» តារាបាល់ទះហូឡង់កម្ពស់ ១៩៣ សង់ទីម៉ែត្រ អង្វរអ្នកគាំទ្រកុំថតរូបពេលស្លៀកឈុតហែលទឹក ឬនៅក្នុងបន្ទប់សូណា

កីឡាការិនីនៃក្រុមបាល់ទះជម្រើសជាតិផ្នែកនារីហូឡង់ បានទម្លាយអារម្មណ៍ពិតថា ពួកគេមានអារម្មណ៍មិនស្រណុកចិត្ត និងមិនមានផាសុកភាពទាល់តែសោះ ចំពោះការស្នើសុំដែលមិនសមរម្យពីសំណាក់អ្នកគាំទ្រមួយចំនួន។

Advertisement

កាលពីថ្ងៃទី២ បណ្តាញសារព័ត៌មានហូឡង់ ‘sportnieuws’ បានរាយការណ៍ថា៖ «កីឡាការិនីក្រុមបាល់ទះជម្រើសជាតិផ្នែកនារីហូឡង់ បានបើកចិត្តនិយាយអំពីការស្នើសុំបែបបង្កហេតុ និងរំខានពីសំណាក់អ្នកគាំទ្រ»

យោងតាមប្រភពផ្សព្វផ្សាយខាងលើ កីឡាការិនី Laura Dijkema (អ្នកប៉ះសេ/Setter) បានចូលរួមក្នុងកម្មវិធី Podcast មួយជាមួយអតីតមិត្តរួមក្រុមជម្រើសជាតិរបស់នាងគឺ Robin De Kruijf (អ្នករារាំងកណ្តាល/Middle Blocker), Maret Balkestein-Grothues (អ្នកវាយពីខាងក្រៅ/Outside Hitter) និង Myrthe Schoot (លីបេរ៉ូ/Libero) ដោយបានចែករំលែករឿងរ៉ាវគួរឱ្យចាប់អារម្មណ៍មួយ កាលពីកំឡុងពេលដែលពួកគេទៅកម្សាន្តនៅលើកោះ Ibiza នៃប្រទេសអេស្ប៉ាញ។ គួររំលឹកផងដែរថា Dijkema គឺជាតារាឆ្នើមម្នាក់ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំក្រុមបាល់ទះនារីជម្រើសជាតិហូឡង់ ឱ្យទទួលបានមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ European Championships ឆ្នាំ ២០១៧ ដែលកាលនោះនាងត្រូវបានគេប្រសិទ្ធនាមថាជា «អ្នកប៉ះសេល្អបំផុត (Best Setter)» និងទទួលបានពានរង្វាន់ជាកីឡាការិនីបាល់ទះប្រចាំឆ្នាំរបស់ហូឡង់ថែមទៀតផង។

Dijkema បានសារភាពថានាងមានអារម្មណ៍មិនស្រណុកចិត្តទាល់តែសោះ នៅពេលដែលបុរសម្នាក់បានចំណាំនាងច្បាស់ ហើយដើរចូលមកជិតនាង ក្នុងកំឡុងពេលដែលនាងកំពុងសម្រាកលំហែកាយដោយស្លៀកឈុតប៊ីគីនី (Bikini) នៅលើកោះ Ibiza។

នាងបានពន្យល់ថា៖ «បុរសម្នាក់ដែលឈរក្បែរខ្ញុំ បានដើរមកជិតខ្ញុំ ហើយសួរជាភាសាអ៊ីតាលីថា “តើអ្នកគឺជា Laura មែនទេ?” ហើយខ្ញុំក៏បានឆ្លើយតបទៅវិញថា ចាសគឺខ្ញុំ»

នាងបានបន្ថែមថា៖ «គាត់គឺជាបុរសចំណាស់ម្នាក់ ហើយគាត់មកលេងជាមួយក្រុមគ្រួសាររបស់គាត់។ ខ្ញុំបានគិតក្នុងចិត្តថា “ខ្ញុំគ្រាន់តែចង់ដើរចេញពីកន្លែងនេះឱ្យបានលឿនតាមដែលអាចធ្វើទៅបាន”។ ជាធម្មតា វាពិតជាមានអារម្មណ៍ទើសទាល់ណាស់នៅពេលដែលមាននរណាម្នាក់មកជជែកជាមួយខ្ញុំ ប៉ុន្តែលើកនេះវា រឹតតែធ្វើឱ្យខ្ញុំមានអារម្មណ៍មិនស្រណុកចិត្តទ្វេដង ព្រោះតែខ្ញុំកំពុងស្លៀកឈុតប៊ីគីនី»

បុរសម្នាក់នោះមិនត្រឹមតែមិនព្រមឈប់និយាយជាមួយនាងប៉ុណ្ណោះទេ ប៉ុន្តែគាត់ថែមទាំងបានធ្វើឱ្យនាងមានអារម្មណ៍មិនស្រណុកចិត្តកាន់តែខ្លាំង ដោយសារតែគាត់បានលួចថតវីដេអូនាង ពេលដែលនាងកំពុងដើរចុះទៅក្នុងសមុទ្រ។ Dijkema បាននិយាយថា៖ «ខ្ញុំពិតជាទ្រាំលែងបានហើយនៅចំណុចនោះ។ ខ្ញុំក៏បានទៅដេកនៅលើកៅអីហាលថ្ងៃ (Sunbed) ហើយមិនកម្រើកខ្លួនសូម្បីតែមួយជំហាន រហូតដល់ពួកគេចាកចេញទៅ»

បន្ទាប់ពីបានឮបទពិសោធន៍របស់ Dijkema រួចមក កីឡាការិនី Schoot ក៏បានបង្ហាញការយល់ស្រប និងបានលើកឡើងថា៖ «មានកន្លែងមួយចំនួនដែលខ្ញុំដាច់ខាតមិនចង់ជួបអ្នកគាំទ្រទាល់តែសោះ» ដោយនាងបានបន្ថែមថា៖ «នោះគឺនៅពេលដែលខ្ញុំកំពុងគេងនៅលើឆ្នេរខ្សាច់ នៅក្នុងបន្ទប់សូណា (Sauna) ឬពេលកំពុងស្រវឹងនៅក្នុងបារ»

ចំណែកឯកីឡាការិនី De Kruijf ដែលលេចធ្លោខ្លាំងខាងសមត្ថភាពរារាំង (Blocking) ដ៏អស្ចារ្យ ដោយសារតែនាងមានកម្ពស់ខ្ពស់ស្រឡះដល់ទៅ ១៩៣ សង់ទីម៉ែត្រនោះ ក៏បានបង្ហាញការយល់ស្របចំពោះមតិរបស់មិត្តរួមក្រុមនាងផងដែរ។

De Kruijf បាននិយាយថា៖ «ខ្ញុំពិតជាស្អប់ខ្លាំងណាស់ចំពោះការដែលត្រូវគេលួចថតរូបដោយសម្ងាត់»។ នាងបានសង្កត់ធ្ងន់ថា៖ «វាគ្មានបញ្ហាអ្វីទេ ប្រសិនបើពួកគាត់មកសុំថតរូបជុំគ្នាដោយផ្ទាល់ ប៉ុន្តែខ្ញុំគ្រាន់តែប្រាថ្នាចង់ឱ្យមនុស្សគ្រប់គ្នា កុំលាក់ខ្លួននៅពីក្រោយខ្នងអ្នកដទៃដើម្បីលួចថតរូបបែបនេះអី»

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា